ដោយសៅវ៉ាន់ឌី/ព្រះវិហារ៖កម្លាំងទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានចាប់រថយន្តធុនធំមួយគ្រឿងដែលដាក់បាវធ្យូងនិងបាវអង្កាមពីលើនិងបង្កប់ឈើល្មើសច្បាប់ពីក្រោមប៉ុន្តែតៃកុងរថយន្តនេះបានគេចខ្លួនបាត់។
មន្ត្រីក្នុងរង្វង់ប្រតិបត្តិការបានឱ្យដឹងថាៈការចុះចាប់រថយន្តធំដឹកជញ្ជូឈើគ្មានច្បាប់អនុញ្ញាត១គ្រឿងនេះ បានធ្វើឡើងកាលពីថ្ងៃទី១១តុលាឆ្នាំ២០២០។ពេលរថយន្តនេះកំពុងធ្វើចរាចរណ៍លើដងផ្លូវ នៅចំណុចព្រៃស្មាច់ ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោក សុង ច័ន្ទសុជាតិប្រធានស្តីទី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងថាៈ កម្លាំងទីចាត់ ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៃមន្ទីរបរិស្ថានខេត្តព្រះវិហារពិតជាបានចុះចាប់រថយន្តខ្នាតធំ១គ្រឿង។រថយន្តនេះបានលួចដឹកជញ្ជូនឈើល្មើសច្បាប់ ដោយរថយន្តនេះបានដាក់បាវធ្យូង និងបាវអង្កាមពីលើ និងបានបង្កប់ឈើពីក្រោម។

លោកបានបន្តថា រថយន្តដែលចាប់បាននេះ ជាប្រភេទវេអង ពណ៌ខៀវលាយស ពាក់ស្លាកលេខ តាកែវ 3A-0393 រថយន្តនេះបានធ្វើសកម្មភាព ចូលទៅលើកឈើ នៅចំណុចព្រៃស្មាច់ និងនៅតាមផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិគូលែនត្បូងគ្រោងធ្វើ ចរាចរណ៍ចាកចេញពីតំបន់នោះ។ប៉ុន្តែ កម្លាំងបរិស្ថានបានដឹង និងចុះឃាត់ភ្លាមៗ រីឯតៃកុងរថយន្តនេះ បានគេចខ្លួនបាត់ស្រមោល។

លោក សុង ច័ន្ទសុជាតិ បានបញ្ជាក់ថា ក្រោយការបង្ក្រាប រថយន្តដឹកឈើខ្នាតនេះ ត្រូវបាននាំយកមករក្សាទុក នៅទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព « តាកឹង » ។រហូតមក ទល់នឹងពេលនេះ ឈើនៅក្នុងរថយន្តនោះ មិនទាន់បានរើចេញ និងក៏មិនទាន់ដឹងថា ឈើទាំងនោះមាន ប៉ុន្មានប្រភេទ និងប៉ុន្មានម៉ែត្រគូបនោះទេ។ ព្រោះកម្លាំងបរិស្ថានជាប់រវល់ឡើងភ្នំត្បែង ដោយមិនអាចដក ឃ្លាមកវាស់វែងបាននៅឡើយឡើយ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញនឹងរើឈើនោះចេញពីរថយន្ត ព្រមទាំងរាប់ និងវាស់ នៅពេលខាងមុខនេះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕S/
