ដោយ​: ប​.​ខុន / ភ្នំពេញ​: ទ្វារ​ទឹក​អាង​កំពីង​ពួយត្រូវបាន​ក្រុម​អ្នកប្រចាំការ​២៤​ម៉ោង មាន​គ្នា​១១​នាក់​ធ្វើ​ការបើក​ទាំង​កណ្តាលយប់ បន្ទាប់ពី​កម្ពស់​ទឹក​ក្នុង​អាង​បាន​ឡើងដល់​កម្ពស់ ២៤,៦៨​ម៉ែត្រ គឺ​លើស​កម្រិត​ត្រូវ​រក្សា ទុក​០,១៨​ម៉ែត្រ​រួចមក​។ អាង​នេះ មានទឹក​១៥០​លាន​ម៉ែត្រគុប បើ​គ្រប់​គ្រង​មិន​បានល្អ​ទេ អាច​នឹង​បាក់​ ធ្វើឱ្យប៉ះពាល់ និង​ខូចខាត​ច្រើនជាង​ការបាក់​ទំនប់​បាសាក់​នៅ​រុក្ខ​គិរី​រាប់សិប​ដង​។​

​លោក ឡុង ផល្គុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ ថា “​បន្ទាប់ពី​កម្ពស់​នៅ​ទឹក​អាង​កំពីងពួយ បាន​ឡើងដល់​កម្ពស់​២៤,៦៨​ម៉ែត្រ គឺ​លើសពី​កម្រិត​ត្រូវ​រក្សាទុក​០,១៦​ម៉ែត្រ (​ទឹក​ត្រូវ​រក្សាទុក​២៤,៥០​ម៉ែត្រ​) ហើយ​នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​ថែម​មកទៀត យើង​(​ផល្គុណ​)​បានសម្រេច​ឱ្យ​ក្រុម​អ្នកប្រចាំការ​២៤​ម៉ោង ដែលមាន​គ្នា​ចំនួន​១១​នាក់ ធ្វើការ​បើកទ្វារ ទឹក​ទាំង​៤​គោលដៅ នៅពេល​រំលងអធ្រាត្រ​ដើម​ថ្ងៃទី​១៣​ខែតុលា ដើម្បី​បន្ថយ​ការ​ប្រឈម​ដល់​ទំនប់​របស់​អាង​នេះ​”​។​

​ប្រធាន​មន្ទីរ​ដែល​នៅជាប់​ជាមួយនឹង​ការ​ប្រចាំការ​នេះ បាន​និយាយ​ឱ្យដឹងទៀតថា “​អាង​កំពីងពួយ​ត្រូវបាន​កំណត់​រក្សា​ទឹក​ទុក​នៅ​កម្ពស់​២៤,៥០​ម៉ែត្រ ដែលមាន​បរិមាណ​ទឹក​ស្មើ​ប្រមាណ​១៥០​លាន​ម៉ែត្រគុប​។ កាលពី​យប់មិញ​ទឹកបានហក់​ឡើងដល់​កម្រិត​២៤,៦៨​ម៉ែត្រ ហើយ​ទឹក​នៅ​បន្ត​ហក់​ឡើង​លឿន​ទៀត ទើបបាន​សម្រេច​ឱ្យ​បង្ហើប​ទ្វារ​ទឹក​គ្រប់​គោលដៅ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ទឹកបាន​ស្រក​ចុះ​០,០៥​ម៉ែត្រ​ទៅវិញ តែ​ទឹក​ហូរ​ចូល​អាង​នៅតែមាន​សភាព​ខ្លាំង ត្រូវ​បន្ត​បើកទ្វារ​នៅថ្ងៃនេះ​ទៀត​”​។​

​លោក ឡុង ផល្គុណ បាន​និយាយ​ឱ្យដឹងទៀតថា ប្រភពទឹក​ចូលមក​អាង​កំពីងពួយ មាន​មកពី​តាម​ច្រក​ព្រៃធំ​, អូរ​ដូនតា និង​ប្រឡាយ​អូរ​ដូន​ពៅ​(​តា​ហែ​ន​)​។ ប្រឡាយ​អូរ​ដូន​ពៅ បាន​បិទ​បី​ថ្ងៃ​មកហើយ មិនឱ្យ​មានទឹក​ហូរ​ចូលមក​កាន់​អាង​កំពីងពួយ​ទៀត​ទេ តែ​អូរ​ជ្រៃ​ធំ​និង​អូរ​ដូនតា ដែលជា​ផ្លូវទឹក​ធម្មជាតិ​នៅ​បន្ត​ហូរ​មក​។ ស្ថានភាព​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​បរវេល​បាន​ស្រក​ហើយ តែ​មក​ឡើង​ខ្លាំង​នៅ​កំពីងពួយ បើ​មិន​ធ្វើការ​បើក​បិទ​តាម​បច្ចេកទេស ទំនប់​អាង​កំពីងពួយ អាច​នឹង​បាក់​ដូច​ទំនប់​អាង​បាសាក់​។​

​លោក ឡុង ផល្គុណ បាន​បញ្ជាក់ថា ការបើកទ្វារ​ទឹក​អាង​កំពីងពួយ​ម្តង​២៥​សន្លឹក​ទ្វារ​ព្រម​គ្នា ក្នុងពេល​តែមួយ​នៅ​ផ្នែក​ខាងក្រោម​កំពុង​មានទឹក​ច្រើន​ស្រាប់ គឺ​បានធ្វើឱ្យ​មានការ​ប៉ះពាល់​ខ្លះ​ហើយ តែបើ​មិនបាន​បើក​ទាន់ពេល​ទេ ទំនប់​អាង​កំពីងពួយ​អាច​នឹង​បាក់ ប្រសិនបើ​បាក់​ការខូចខាត​នៅ​ផ្នែក​ខាងក្រោម​អាង​មាន​ច្រើនជាង​អាង​បាសាក់​រាប់សិប​ដង ព្រោះ​អាង​កំពីងពួយ​មិនមែន​មានទឹក​ជាង ១០​លាន​ម៉ែត្រគុប​ដូច​អាង​បាសាក់​ទេ គឺ​១៥០​លាន​ម៉ែត្រគុប មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ច្រើន​ម៉ឺន​ហិកតា និង​មាន​ភូមិ​ជាច្រើន នៅ​ពីក្រោម​អាង​នេះ​៕ ​/Ha