អ្នកជំនាញមួយរូបបានធ្វើការវិភាគគួរឱ្យចាប់អារម្មណ៍ថា ប្រសិនបើប្រទេសចិនហ៊ានឈ្លានពានកោះតៃវ៉ាន់ វានឹងឈានទៅរកស្ថានភាពដែលលោកនិយាយថា “គួរឱ្យព្រួយបារម្ភកាន់តែខ្លាំងឡើង” អំពីហានិភ័យនៃវិបត្តិដ៏ធំដែលអាចនាំឱ្យផ្ទុះ “សង្គ្រាមមហាអំណាច”។
បញ្ហាកោះតៃវ៉ាន់ បានឡើងកម្ដៅកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយរដ្ឋាភិបាលក្រុងប៉េកាំងឆេះដុំ ដែលសហរដ្ឋអាម៉េរិកព្យាយាមពង្រឹងទំនាក់ទំនងការទូតកាន់តែរឹងមាំជាមួយកោះតៃវ៉ាន់ និងការដែលកោះតៃវ៉ាន់ ទិញយន្តហោះចម្បាំងធុន F-16 និងសព្វាវុធផ្សេងៗទៀតពីអាម៉េរិក។
បទវិចារណកថាមួយដែលចុះផ្សាយក្នុងកាសែតជាភាសាអង់គ្លេស Global Times ដែលជាកាសែតរដ្ឋរបស់ចិន នៅសប្ដាហ៍នេះបានប្រកាសថា “វិធីតែមួយគត់ឆ្ពោះទៅមុខគឺចិនដីគោកត្រូវត្រៀមលក្ខណៈពេញលេញសម្រាប់សង្គ្រាម និងដាក់ទណ្ឌកម្មទៅលើកងទ័ពផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់នៅពេលណាមួយ។ នៅពេលកងកម្លាំងផ្ដាច់ខ្លួននៅតែបន្តក្រអឺតក្រទមកាន់តែខ្លាំង ចំណុចរបត់ជាប្រវត្តិសាស្ត្រកាន់តែខិតជិតមកដល់”។
កងទ័ពចិនហ្វឹកហាត់ការវាយឡើងគោក
លោក អៀន អ៊ីស្តុន នាយកវិទ្យាស្ថាន Project 2049 Institute បានប្រាប់សារព័ត៌មាន Bloomberg ថា “ខ្ញុំកាន់តែព្រួយបារម្ភថា វិបត្តិដ៏ធំមួយនឹងមកដល់ឆាប់ៗខាងមុខ។ ចុងបញ្ចប់វាអាចឈានទៅដល់ការឈ្លានពានពេញទំហឹង និងផ្ទុះសង្គ្រាមមហាអំណាច។ រយៈពេល ៥ ទៅ ១០ ឆ្នាំក្រោយនឹងមានវិបត្តិដ៏គ្រោះថ្នាក់ ហើយស្ថានភាពនេះពិតជាអស្ថិរភាពណាស់។ ការច្បាំងគ្នានៅកោះតៃវ៉ាន់អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខាតបង់យ៉ាងធ្ងន់ធ្ងរ យ៉ាងហោចណាស់ក៏ស្លាប់មនុស្សរាប់សែននាក់ដែរ។ ប៉ុន្តែសំណួរសួរថា តើប្រធានាធិបតីចិន ស៊ី ជីនពីង មានឆន្ទៈចំណាយជីវិតមនុស្សប៉ុន្មាននាក់។យើងហាក់មើលស្រាលសមត្ថភាពរបស់បក្សកុម្មុយនីស្តចិន សម្រាប់ការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលដែលធ្វើឱ្យយើងមានគ្រោះអាសន្ន”។
ផែនការឈ្លានពានរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងរួមមានការប្រើប្រាស់អង្គភាពសង្គ្រាមអ៊ីនធឺណិត និងសង្គ្រាមអេឡិចត្រូនិកដើម្បីធ្វើឱ្យគាំងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍និងហេដ្ឋារចនាសម្ពន្ធនានារបស់កោះតៃវ៉ាន់ ព្រមទាំងការចូលទៅដល់ផ្កាយរណបរបស់សហរដ្ឋអាម៉េរិកទៀតផង។
ការវាយប្រហារតាមផ្លូវអាកាសនឹងតម្រង់គោលដៅទៅរកក្រុមអ្នកនយោបាយ រួមទាំងប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ផងដែរ ដោយរូបភាពផ្កាយរណបបង្ហាញពីអគារចម្លងតាមម៉ូតវិមានប្រធានាធិបតីកោះតៃវ៉ាន់ នៅមូលដ្ឋានហ្វឹកហាត់របស់កងទ័ពចិនដីគោក នៅតំបន់ស្វយ័ត Inner Mongolia។
ការឈ្លានពាននឹងធ្វើឡើងតាមក្រោយ ដោយកងទ័ពរំដោះប្រជាជនចិន ដណ្ដើមកាន់កាប់កោះនានារបស់តៃវ៉ាន់ រួមមានកោះឃីនមិន និងកោះប្រាតាសជាមុនសិនមុននឹងនាំទ័ពរាប់សែននាក់ឡើងគោកវាយដណ្ដើមយកជ័យជម្នះ។
ទោះជាយ៉ាងណា លោក អ៊ីស្តុន បានឱ្យពិចារណាថាតើនឹងមានអ្វីកើតឡើង ប្រសិនបើការឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់ គ្មានអ្វីធំដុំក្រៅពីបញ្ជូននាវាទៅកាន់ទីនោះ។
កោះដ៏សំខាន់របស់តៃវ៉ាន់ ត្រូវបានហ៊ុមព័ទ្ធដោយសមុទ្រដ៏គ្រោះថ្នាក់ និងអាកាសធាតុកំណាចដែលប្រែប្រួលមិនអាចព្យាករដឹងជាមុនព្រមទាំងមានឆ្នេរខ្សាច់តិចតួចដែលអាចបញ្ជូនទាហានក្នុងចំនួនច្រើនឱ្យឡើងទៅលើគោក។ ជាងនេះទៅទៀត កាលពីឆ្នាំ២០១៨ កោះតៃវ៉ាន់ បានបញ្ចេញផែនការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធមីស៊ីលចល័តដែលអាចគេចផុតពីការចាប់សញ្ញា មានន័យថារដ្ឋាភិបាលក្រុងប៉េកាំង ទំនងជាគ្មានសមត្ថភាពអាចកម្ទេចសព្វាវុធវាយប្រហាររបស់កោះតៃវ៉ាន់បានទាំងអស់ភ្លាមៗឡើយ និយាយរួមគឺមិនងាយស្រួលដូចការគិតឡើយ។
ដោយប្រើប្រាស់មីស៊ីលបាញ់ពីដីទៅលើអាកាស និងកាំភ្លើងបាញ់ទម្លាក់យន្តហោះអាចធ្វើឱ្យកងទ័ពឈ្លានពានរបស់ចិនខាតបង់ធ្ងន់ធ្ងរ មុនពេលឡើងទៅដល់កោះសំខាន់របស់តៃវ៉ាន់។ លើសពីនេះ កងទ័ពរំដោះប្រជាជនចិន នឹងត្រូវប្រឈមតតាំងជាមួយទាហានពេញសិទ្ធិ(រៀបរយ)ប្រមាណ ១៧៥.០០០ នាក់ និងទាហានបម្រុង ១ លាននាក់ទៀតរបស់តៃវ៉ាន់៕ ប្រែសម្រួល៖ខុម/sn/Ha
សកម្មភាពហ្វឹកហាត់ជាប្រចាំរបស់កងទ័ពតៃវ៉ាន់