រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទទី១២តុលាថា បុគ្គលិកសាធារណៈ(រដ្ឋ)ឥណ្ឌារាប់លាននាក់នឹងត្រូវបានផ្តល់ប្រាក់កម្ចីប្រហែល១៣៥ ដុល្លារ ដែលសងក្នុងរយៈពេល១០ខែដើម្បីបង្កើនការចំណាយនិងជួយសង្គ្រោះសេដ្ឋកិច្ចដែលរងប៉ះពាលខ្លាំងដោយជំងឺឆ្លងកូវីដ១៩។
ការផ្តល់ជូននេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីធនាគារពិភពលោកបាននិយាយថាសេដ្ឋកិច្ចឥណ្ឌានឹងធ្លាក់ចុះជិត១០ ភាគរយនៅឆ្នាំនេះ ហើយវាស្របពេលជាមួយនឹងការប្រារព្ធពិធីបុណ្យDiwaliនៅខែក្រោយដែលជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក នៀម៉ាឡា ស៊ីថារ៉ាម៉ាន បាននិយាយថានិយោជិតរដ្ឋាភិបាលសហព័ន្ធក៏នឹងត្រូវបានអនុញ្ញាតឱ្យចំណាយប្រហែល ៣,៨ពាន់លានដុល្លារនៃប្រាក់សម្រាប់ការធ្វើដំណើរដែលមិនបានប្រើប្រាស់ដែលជាផ្នែកមួយនៃប្រាក់ខែរបស់ពួកគេដែលចំណាយលើទំនិញនិងសេវាកម្មផ្សេងៗ។
លោក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅសន្និសីទកាសែតថា”ពិធីបុណ្យនានានឹងមកដល់…ហើយយើងចង់ប្រាប់អ្នកថាក្នុងរយៈពេល ៦ ខែទៀតអ្នកចំណាយប្រាក់នោះដើម្បីទិញទំនិញដែលនឹងជួយដល់គ្រួសារអ្នក” ។
ជាមួយនឹងគម្រោងប្រាក់កម្ចីនេះ រដ្ឋាភិបាលនឹងចំណាយ៨០ពាន់លានរូពី (១,១ ពាន់លានដុល្លារ) ដើម្បីផ្តល់ប្រាក់ខែជាមុនដល់បុគ្គលិករដ្ឋាភិបាលចំនួន ១០.០០០រូពី (១៣៥ ដុល្លារ) ដែលនឹងទូទាត់សងវិញក្នុងរយៈពេលជាង១០ ខែ។
លោកបាននិយាយថា ផែនការដែល ជម្រុញលើកទឹកចិត្តប្រជាជនឥណ្ឌាឱ្យចំណាយប្រាក់សន្សំមួយចំនួនរបស់ពួកគេនេះ នឹងរកចំណូលបានប្រហែល ៤,៩ ពាន់លានដុល្លារមកវិញសម្រាប់សេដ្ឋកិច្ចនេះ៕ប្រែសម្រួល៖សុខា/sn

សេដ្ឋកិច្ចឥណ្ឌាត្រូវបានបំផ្លិចដោយសារជំងឺឆ្លងកូវីដ១៩ប៉ុន្តែរដ្ឋាភិបាលបានប្រកាសផែនការសម្រាប់ប្រាក់កម្ចីដើម្បីលើកទឹកចិត្តដល់ការចំណាយ
