ដោយ: មូលសម្បត្តិ / ភ្នំពេញ: ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ភាវ សុវុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោកលោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអន្តរក្រសួងពាក់ព័ន្ធ។ នេះតាមការផ្សាយពីគេហទំព័រ(វេបសាយ)ក្រសួងបរិស្ថានឲ្យដឹងនៅថ្ងៃទី១២ខែតុលា។

អង្គប្រជុំបានពិភាក្សាអំពីដំណើការ និងវឌ្ឍនភាពនៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ អង្គប្រជុំបានឯកភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកែសម្រួលសូចនាករកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ ឱ្យសមស្រប ដែលងាយស្រួលវាស់វែង មានទិន្នន័យគ្រប់គ្រាន់ និងអាចរាយការណ៍ដោយអន្តរក្រសួង-ស្ថាប័នសម្រាប់របាយការណ៍ពាក់កណ្តាលអាណត្តិ។ ការកែសម្រួលសូចនាករទាំងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០។
ដោយហេតុថា ក្នុងក្របខ័ណ្ឌតាមដាន និងវាយតម្លៃនេះ វិស័យបរិស្ថានពុំមានសូចនាករកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យនោះទេ ដូច្នេះក្រសួងបរិស្ថាននឹងត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់សូចនាករកម្រិតបច្ចេកទេស (ប្រតិបត្តិ) ក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដោយផ្តោតការយកចិត្តទុកដាក់លើសូចនាករពាក់ព័ន្ធនឹង សេដ្ឋកិច្ចចក្រា (វិលជុំ) ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល ការបំពុលបរិស្ថាន បច្ចេកវិទ្យាបញ្ចេញកាបូនទាប ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងវិនិយោគ និងទីក្រុងនិរន្តរភាព ជាដើម៕ ល/Ha
