ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ឃាតករ​ដែល​យក​ញញួរ​វាយ​សម្លាប់​បុរស​ម្នាក់​ជា​កម្មករ​ហាង​លក់​នំ​យីហោ​ផ្ទះ​នំ​ខេ​ក ខណៈ​ព​កូនតូច​ក្នុង​ដៃ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។

​ឃាតករ ឈ្មោះ ផល បញ្ញា អាយុ​៣១​ឆ្នាំ បាន​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ និង ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដោយមាន​ការសម្របសម្រួល​ពី​លោក​ជេ​ត​ខេមរា ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​កាលពីរំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូ​ក្លុង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​

​ឃាតករ ឈ្មោះ ផល បញ្ញា បាន​សារភាព​ប្រាប់​សមត្ថកិច្ចថា មូលហេតុ​ដែល ខ្លួន​វាយ​សម្លាប់​ជនរងគ្រោះ​ព្រោះ​ខឹង​នឹង​ជនរងគ្រោះ បាន​ជេរប្រមាថ​មកលើ​ខ្លួន រួច​ក៏មាន​ចិត្ត​គុំ​កួន​តែម្ដង ដោយ​ធ្វើ​សកម្មភាព​យក​ញញួរ​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​ឈ្មោះ ហន ចាន់​រស្មី ចំនួន ២​ញញួរ មួយ​ញញួរ​វាយ​ចំ​សៀតផ្កា និង មួយ​ញញួរ​ទៀត​ចំក្បាល​ផ្នែក​ខាងក្រោយ បណ្តាលឲ្យ​ស្លាប់ ពិតប្រាកដ​មែន ។​


​គួររំលឹកថា អំពើ​ឃាតកម្ម នេះ គឺបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​លក់​នំ​យីហោ «​ផ្ទះ​នំ​ខេ​ក​» ទីតាំង​ផ្ទះ​លេខ​៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​៕ ល​/Ha