ដោយ: សាវរក្ស / ភ្នំពេញ: ក្នុងអំឡុងពេលដែលកម្មករ និងអ្នកបើកបររបស់ក្រុមហ៊ុនស៊ិនទ្រីបានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅទីតាំងក្រុមហ៊ុនផ្ទាល់មក រដ្ឋបាលខណ្ឌឫស្សីកែវប្រឹងប្រែងសហការប្រមែរប្រមូលទាំងយប់ទាំងថ្ងៃ ហើយក៏សំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ ក៏ដូចជាមូលដ្ឋានរបស់យើង មានអនាម័យ មានរបៀបរៀបរយ ជៀសផុតពីជំងឺផ្សេងៗ បរិស្ថានស្អាតចាប់ផ្តើមពីយើងទាំងអស់គ្នា។

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបានលើកឡើងនាព្រឹកថ្ងៃទី១៣ខែតុលានេះថា ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ ក៏ដូចក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរយ៉ាងសស្រាក់សស្រាំក្នុងការប្រមូលសំរាមយកទៅដាក់ក្នុងរថយន្ដដឹកសំរាមផ្ទាល់ ក៏ដូចជាទុកដាក់សំរាមទៅតាមម៉ោងកំណត់ដោយការទទួលខុសត្រូវខ្ពស់ ក្នុងអំឡុងពេលដែលកម្មករ និងអ្នកបើកបររបស់ក្រុមហ៊ុនស៊ិនទ្រីបានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅទីតាំងក្រុមហ៊ុនផ្ទាល់ចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលនេះដែរ រដ្ឋបាលខណ្ឌក៏បានកំណត់នូវទីតាំងស្តុកទុកសំរាមបណ្តោះអាសន្ននៅតាមសង្កាត់ ភូមិ ចំនួន ២៤ទីតាំងសំរាប់បងប្អូនប្រជាពលរដ្ឋទុកដាក់ទៅតាមពេលកំណត់ដែលបានផ្សព្វផ្សាយរួច ។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសំណូមពរដល់ បងប្អូនទាំងអស់សូមចូលរួមបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ ក៏ដូចជាមូលដ្ឋានរបស់យើង មានអនាម័យ មានរបៀបរៀបរយ ជៀសផុតពីជំងឺផ្សេងៗ ។ បរិស្ថានស្អាតចាប់ផ្តើមពីយើងទាំងអស់គ្នា៕ ល