ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាមបានកើនឡើងដល់ ២៩ នាក់គិតត្រឹមព្រឹកថ្ងៃអង្គារទី១៣តុលា។

យោងតាមគណៈកម្មាធិការដឹកនាំដើម្បីបង្ការនិងត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិបានឱ្យដឹងថា មនុស្សចំនួន ២២ នាក់បានស្លាប់ដោយសារទឹកជំនន់ បីនាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ទូក និង ពីរនាក់ទៀតស្លាប់ឆក់ខ្សែភ្លើងខណៈកំពុងលាងសម្អាតផ្ទះ។

គណៈកម្មាធិការនេះបានឱ្យដឹងថា មនុស្ស ១២ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយខណៈដែលទឹកជំនន់បានជន់លិចផ្ទះជាង ១៣០.០០០ ខ្នងនិងដំណាំចំនួន ៤.០០០ ហិកតា ដោយបំផ្លាញផ្លូវនិងស្ពានជាច្រើនកន្លែង។

ខេត្តក្វាងទ្រីបានរាយការណ៍មានមនុស្សស្លាប់យ៉ាងតិច ៨ នាក់ខណៈខេត្តក្វាងណាមនិងខេត្តធួធានវ៉េ រាយការណ៍អ្នកស្លាប់ចំនួន៦នាក់រៀងៗខ្លួន។

ខេត្តកាងប៊ិញនៅភាគកណ្តាលប្រទេសវៀតណាមនិងខេត្តខុនទុំនៅតំបន់ខ្ពង់រាបកណ្តាលបានបាត់បង់មនុស្សពីរនាក់រៀងៗខ្លួន ខណៈខេត្តដាណាង ខេត្តក្វាងង៉ៃនៅឆ្នេរភាគកណ្តាលនិងខេត្តញ៉ាឡាយ ខេត្តដាកឡាក់និងខេត្តឡាំដុងនៅតំបន់ខ្ពង់រាបកណ្តាល រាយការណ៍មានមនុស្សស្លាប់ម្នាក់រៀងៗខ្លួន។

តំបន់ភាគកណ្តាលទាំងមូលត្រូវបានវាយលុកដោយព្យុះភ្លៀងដ៏ខ្លាំងក្លាចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនបន្ទាប់ពីអាកាសធាតុត្រជាក់បានប៉ះជាមួយនឹងខ្យល់គួចត្រូពិក។ ខ្យល់គួចនេះក្រោយមកកាន់តែខ្លាំងឡើងៗប្រែទៅជាវិសម្ពាធត្រូពិកហើយបន្ទាប់មកក្លាយជាព្យុះលីនហ្វា ដែលបោកបក់មកដល់ដីគោកនៅខេត្តក្វាងណាមនិងខេត្តក្វាងង៉ៃកាលពីថ្ងៃអាទិត្យដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងច្រើន។

អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនជិត ៥ ម៉ឺននាក់ចេញពីតំបន់រងគ្រោះនិងខេត្តដែលរងគ្រោះដោយទឹកជំនន់ដូចជាខេត្តក្វាងប៊ិញ ខេត្តក្វាងទ្រី ខេត្តធូធានវ៉េ និងខេត្តក្វាងណាម ដែលបានដាក់ញត្តិទៅរដ្ឋាភិបាលឱ្យផ្គត់ផ្គង់ជាបន្ទាន់នូវអង្ករ ៦.៥០០ តោន អាហារក្រៀម ៥,៥ តោន មីចំនួន ២០.០០០ កេះនិងឧបករណ៍ជួយសង្គ្រោះផ្សេងទៀត។

លោកនាយករដ្ឋមន្រ្តីង្វៀនសួនភុកបានជម្រុញឱ្យទីភ្នាក់ងារពាក់ព័ន្ធបង្កើនវិធានការដើម្បីជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួននិងធានានូវរាល់តម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់ប្រជាជនរងគ្រោះដោយទឹកជំនន់។

ព្យុះណាងកា ដែលគេព្យាករណ៍ថានឹងមកដល់ដីគោកនៅភាគខាងជើងនិងខាងជើងភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធទី១៤តុលា នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត ៤០០ មិល្លីម៉ែត្រនៅផ្នែកខ្លះនៃតំបន់ដីសណ្តខាងជើងនិងខេត្តភាគកណ្តាលដូចជាខេត្តថាញ់ហៅ ខេត្តង៉ែអាននិងខេត្តហាទីញ ចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃសុក្រ នេះយោងតាមទីភ្នាក់ងារអាកាសធាតុជាតិប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ៕ ដោយ ៖ កញ្ញាដាលីស

ប្រជាជនកំពុងអុំទូកនៅកណ្តាលទីក្រុងវ៉េកាលពីថ្ងៃទី១១តុលា