*** ផ្អាករថយន្តធំ ឆ្លងកាត់ផ្លូវជាតិលេខ ៥ ជាបណ្ដោះអាសន្ន
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ៩ ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ បានទទួលរងនូវការប៉ះពាល់ លិចលង់ដោយទឹកជំនន់ទឹកភ្លៀង ពីចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែតុលា ឆ្នាំ២០២០ ក្នុងនោះមាន ផ្ទះ ស្រូវ ដំឡូង និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានប្រជាពលរដ្ឋ ស្លាប់អស់ ៣នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ គិតពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លំនៅដ្ឋានប្រជាពលរដ្ឋ លិចលង់ចំនួន ២៧៤ ខ្នង និងបានជម្លៀសប្រជាជន ទៅទីទួលសុវត្ថិភាព ចំនួន ៩១ គ្រួសារ ស្មើនឹង ២៤៤ នាក់/ ស្រី១១៧ នាក់ ។ លិចស្រូវស្រែ ចំនួន ១០៩ ហិកតា សាលារៀន ១១កន្លែង ត្រូវផ្អាកការសិក្សា ជាបណ្ដោះអាសន្ន ផ្លូវខូច ២៥ កន្លែង ប្រវែង ២.៣៧៩ ម៉ែត្រ។

ក្នុងនោះ មានស្រុកអូរជ្រៅ លិចលំនៅដ្ឋាន ចំនួន៩៦ខ្នង និងជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព ៩១គ្រួសារ លិចផ្លូវក្រួសក្រហម មាន៩កន្លែង មានប្រវែង ៥០០ម៉ែត្រ។ ស្រុកមង្គលបុរី លិចលំនៅដ្ឋាន ១៨ខ្នង សាលារៀន២កន្លែង ស្រូវ៣៤ហិកតា។ ស្រុកស្វាយចេក លិចសាលារៀន ៣ កន្លែង ផ្លូវក្រាលគ្រួសក្រហម១កន្លែងមានប្រវែង ៣០០ម៉ែត្រ។ ស្រុកព្រះនេត្រព្រះ សាលារៀន ២ កន្លែង ផ្លូវក្រាលក្រួសក្រហម ៦កន្លែង មានប្រវែង ១.២៦០ ម៉ែត្រ។ ស្រុកថ្មពួក លិចលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន៣៨ខ្នង សាលារៀន ២កន្លែង ខូចដំឡូងមី ៦៨៧ ហិកតា ស្រូវ ៧៥ ហិកតា ផ្លូវក្រាលក្រួសក្រហម ៤ កន្លែង មានប្រវែង ៣១៨ ម៉ែត្រ។ ស្រុកម៉ាឡៃ លិចលំនៅដ្ឋាន មានចំនួន ១១ ខ្នង និងសាលារៀន ១កន្លែង។ ឯស្រុកក្រុងសល់ពីនោះ ទើបផ្តើមប៉ះពាល់ នៅថ្ងៃទី១៣ ខែតុលា ហើយនឹងស្រង់ទិន្នន័យ នៅពេលបន្ទាប់ ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថាៈ ប៉ុន្មានថ្ងៃនេះ ទាំង៩ ក្រុង ស្រុក ទឹកជំនន់ និងទឹកភ្លៀង បានហក់ឡើងយ៉ាងខ្លាំង ហើយស្ថានភាពទឹកស្ទឹងសិរីសោភ័ណ កំពុងហក់ឡើង យ៉ាងកំហុកផងដែរ នៅក្នុងក្រុងសេរីសោភ័ណ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធំៗ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង សូមផ្អាកជាបណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំ គ្រប់ប្រភេទ ៕/V




