វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​ប្ដេជ្ញា​តបត​យ៉ាង​ចាស់ដៃ បើ​អាម៉េរិក​វាយប្រហារ​លើ​កោះ​ដែល​ខ្លួន​កាន់កាប់​

352
ចែករម្លែក

​ប្រទេស​ចិន បានប្រកា​សក្ដែងៗ​ថា ខ្លួន​នឹង “​វាយប្រហារ​តបត​យ៉ាង​ចាស់ដៃ​” ប្រសិន​បើ​កងកម្លាំងរ​បស់​សហរដ្ឋ​អាម៉េរិក​ហ៊ាន​បើក​ការវាយប្រហារ​មកលើ​បណ្ដា​កោះ​ដែល​ខ្លួន​កាន់កាប់​នៅ​សមុទ្រ​ចិន​​ខាងត្បួង​។​

​នៅក្នុង​បទ​វិចារណ​កថា គេហទំព័រ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស Global Times ដែល​គ្រប់គ្រង​ដោយ​កាសែត​ផ្លូវការ China Daily របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​ចោទប្រកាន់​យោធា​អាម៉េរិក​ថា​បាន​​រៀបចំ​ផែនការ​បញ្ជូន​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ធុន MQ-9 Reaper ដើម្បី​វាយប្រហារ​មកលើ​កោះ​ចំនួន​៣ ដែល​ចិន​កាន់កាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ គេហទំព័រ​នេះ​បាន​បន្តថា ប្រទេស​ចិន​“​នឹងមិន​​ស្ទាក់ស្ទើរ​ឡើយ​នៅក្នុង​ការ​ប្រឈម​តតាំង​នឹង​ទង្វើ​បង្ករឿង និង​ការវាយប្រហារ​។ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចង់​ប្រថុយប្រថាន យោធា​និង​ប្រជាជន​ចិន ប្រាកដជា​នឹង​ងើបឡើង​ប្រឆាំង ហើយ​ស៊ូ​ប្រយុទ្ធ​ដល់​ចុងបញ្ចប់​”​។​

​គេហទំព័រ​ដដែល​ប្រកាសថា សហរដ្ឋ​អាម៉េរិក​នឹង “​ខាតបង់​ធ្ងន់ធ្ងរ​” ប្រសិនបើ​ហ៊ាន​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) ណាមួយ​មក​លើ​តំបន់​កាន់កាប់​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង​។

​គេហទំព័រ​នេះ​បាន​លើកឡើង​អំពី​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី (Spratly Islands) ឬ​ដែល​ចិន ហៅ​ថា​ប្រជុំ​កោះ​ណាន​សា (Nansha Islands) ថា “​យើង​ត្រូវតែ​ព្រមាន​ភាគី​អាម៉េរិក​ថា​ការវាយប្រហារ​មកលើ​ប្រជុំ​​កោះ​ណាន​សា ឬ​គោលដៅ​ចិន ផ្សេងៗ​ទៀត​ដោយ​ប្រើ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ធុន MQ-9 Reaper ជា​ទង្វើ​បញ្ឆេះ​ភ្លើងសង្គ្រាម​។ កងទ័ព​រំដោះប្រជាជន​ចិន PLA ប្រាកដជា​នឹង​ប្រយុទ្ធ​តតាំង ធ្វើឱ្យ​យោធា​​សហរដ្ឋ​អាម៉េរិក រង​ការខាតបង់​ធ្ងន់ធ្ងរ​”​។

​គេហទំព័រ​ព័ត៌មាន​ដែលជា​អ្នក​ពាំនាំ​វោហា​សាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នេះ​អះអាង​ទៀតថា សហរដ្ឋ​អាម៉េរិក បាន​ចោទ​ថា ប្រទេស​ចិន “​ដាក់ពង្រាយ​កម្លាំងយោធា​បង្ករឿង​យ៉ាង​គឃ្លើន​”​នៅក្នុង​​តំបន់​សមុទ្រ​មាន​ជម្លោះ​។​

​គេហទំព័រ​នេះ​បន្តថា “​រដ្ឋការ​របស់លោក ត្រាំ ប្រហែល​ជា​ព្យាយាម​ពង្រឹង​យុទ្ធនាការ​បោះឆ្នោត​ឡើង​វិញ​របស់​ខ្លួន​តាមរយៈ​ការបង្កើតវិប​ត្តិ​យោធា​។ ការឆ្លើយតប​របស់​ប្រទេស​ចិន​គឺ​ត្រូវ​វាយ​វាយបក​វិញ​​យ៉ាង​ចាស់ដៃ​ទៅលើ​ពួក​ឈ្លានពាន និង​ផ្ដល់​មេរៀន​ដែល​ពួកគេ​មិន​អាច​បំភ្លេចបាន​”​។

​បទ​វិចារណកថា​នេះ​បាន​បន្ថែមថា “​ប្រទេស​ចិន នឹង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាម៉េរិក ដែល​ហោះ​ចូលមក មិន​ថា​មាន​មនុស្ស​បើក​ឬ​គ្មាន​មនុស្ស​បើក​ឡើយ​។​ប្រសិនបើ​យន្តហោះ​ទាំង​​នោះ​បង្ក​ការខូចខាត​ជាក់ស្ដែង​ដល់​កោះ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នានា​របស់​ចិន យើង​នឹង​ធ្វើ​ការវាយប្រហារ​យន្ត​ហោះ​ទាំងនោះ ព្រមទាំង​មូលដ្ឋាន​ហោះ​ឡើង​របស់​យន្តហោះ​ទាំងនោះ​ផងដែរ​”​។

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង អះអាងថា តាម​ប្រវត្តិសាស្ត្រ ប្រទេស​ចិន មាន​សិទ្ធិ​កាន់កាប់​ស្ទើរតែ​ទាំងមូល​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ដោយ​ធនធាន​រ៉ែ​ដែល​យើង​នឹកស្មាន​មិន​ដល់​រួមមាន​​ត្បូង​ពេជ្រ គ្រី​ស្តាល់ សំណ​ប៉ាហាំង មាស រ៉ែ chromite ប្រេង ហ្គាស និង​ជា​ច្រើន​ទៀត​៕​ប្រែ​សម្រួល​៖​ខុម​/sn

រដ្ឋការ​របស់លោក ត្រាំ ប្រហែល​ជា​ព្យាយាម​ពង្រឹង​យុទ្ធនាការ​បោះឆ្នោត​ឡើង​វិញ​របស់​ខ្លួន​តាមរយៈ​ការបង្កើតវិប​ត្តិ​យោធា​


ទីតាំងផ្សាយពាណិជ្ជកម្ម