ចំនួនគ្រោះធម្មជាតិនៅជុំវិញពិភពលោកបានកើនទ្វេដងចាប់តាំងពីការចូលសតវត្សរ៍ទី២១នេះ ដោយការប្រែប្រួលអាកាសធាតុត្រូវបានបន្ទោសខ្លាំងជាងគេ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
ថ្លែងកាលពីថ្ងៃចន្ទទី១២តុលា ការិយាល័យអង្គការសហប្រជាជាតិសំរាប់ការកាត់បន្ថយការប្រឈមគ្រោះថ្នាក់ បាននិយាយថាមនុស្ស១,២៣លាននាក់ត្រូវបានសម្លាប់ នៅក្នុងគ្រោះធម្មជាតិចាប់តាំងពីឆ្នាំ២០០០មក។
នៅជុំវិញពិភពលោក គ្រោះមហន្តរាយចំនួន៧.៣៤៨លើក រួមមានរញ្ជួយដី រលកស៊ូណាមី និងភាពរាំងស្ងួត បានបង្កការបំផ្លិចបំផ្លាញខូចខាតគិតជាទឹកប្រាក់ប្រមាណ៣លានលានដុល្លារ គឺកើនឡើងជិត២ដងសំរាប់រយៈពេល២០ឆ្នាំមកនេះ។

ចំនួនគ្រោះធម្មជាតិនៅជុំវិញពិភពលោកបានកើតឡើងទ្វេចាប់តាំងពីដើមសតវត្សរ៍នេះ ។រូបនេះជាផលបង្កឡើងដោយរលកស៊ូណាមីនៅឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០៤
អ្នកជំនាញម្នាក់បាននិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងប្រែក្លាយពិភពលោកទៅជា «ឋាននរកដែលមនុស្សពិបាករស់នៅ»។
ម៉ាមី មីហ៊ុយតូរី តំណាងពិសេសរបស់អគ្គលេខាអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយការប្រឈមគ្រោះមហន្តរាយ បាននិយាយថា «យើងបំផ្លាញខ្លួនឯង។នេះជាការសន្និដ្ឋានតែមួយដែលយើងអាចធ្វើ»។
ចិនមានហេតុការណ៍គ្រោះមហន្តរាយចំនួន៥៧៧ អាម៉េរិក៤៦៧ និងឥណ្ឌាចំនួន៣២១ចាប់ពីឆ្នាំ២០០០ដល់២០១៩។គ្រោះធម្មជាតធំបំផុតចំនួន៨ក្នុងចំណោមគ្រោះធម្មជាតិធំបំផុត១០លើលោក ស្ថិតនៅអាស៊ី។
ការិយាល័យបាននិយាយទៀតថា ទឹកជំនន់ធំៗ បានកើនឡើងជាងទ្វេដង រីឯភាពរាំងស្ងួត ភ្លើងឆេះព្រៃ និងសីតុណ្ហភាពឡើងកំដៅខ្លាំងក៏កើនឡើងផងដែរ។
ក្នុងចំណោមគ្រោះធម្មជាតិធំបំផុតនៅ២០ឆ្នាំមកនេះ គឺរលកស៊ូណាមីឆ្នាំ២០០៤ដែលបំផ្លាញឥណ្ឌូនេស៊ីនិងបណ្តាប្រទេសជុំវិញធ្ងន់ធ្ងរ រញ្ជួយដីឆ្នាំ២០០៥នៅកាស្មៀ និងរញ្ជួយដីនៅហៃទីនាឆ្នាំ២០១០។
នៅក្នុងបុព្វកថារួមគ្នាមួយក្នុងរបាយការណ៍សហប្រជាជាតិលោកម៉ាមី មីហ៊ុយតូរី បានកត់សំគាល់ថា បណ្តាទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ អាចជួយអាយុជីវិតមនុស្សបានច្រើនតាមរយៈការត្រៀមបំរុងបានល្អប្រសើរ៕ប្រែសម្រួល៖វាសនា