ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទឹកជំនន់ទឹកភ្លៀង បានលិចពន្ធនាគារខេត្តបន្ទាយមានជ័យហើយៗ នៅពេលគ្រាអាសន្ននេះ សមត្ថកិច្ចជំនាញ និងកងកម្លាំងមានសមត្ថកិច្ច បានកំពុងជម្លៀសអ្នកជាប់ឃុំ ជិត ១.០០០ នាក់ ចេញទៅកាន់ពន្ធនាគារខេត្តខ្លះ ដែលភាគច្រើន គឺខេត្តសៀមរាប ។
ប្រតិបត្តិការនោះ បានធ្វើឡើងដោយមានអនុសាសន៍ពី លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត ហើយមានចូលរួមពីលោក ឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ុង សុផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្ត លោកមាស ច័ន្ទ ពិសិដ្ឋព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងនាយ នាយរងនគរបាល កងរាជអាវុធហត្ថ កងទ័ព និងពន្ធនាគារនុរក្ស រាប់រយនាក់ ។
លោកប្រធានពន្ធនាគារ បានប្រាប់កាសែតរស្មីកម្ពុជាថាៈ ទឺកជំនន់ ច្រាលចេញពីស្ទឹងសិរីសោភ័ណជាប់នឹងទីតាំងពន្ធនាគារ នាភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបានហក់ឡើង ហើយហូរបុកធ្លាយ ចូលបរិវេណ និងអគារការិយាល័យធ្វើការ អគារនានា រាប់ទាំងអគារអ្នកជាប់ឃុំ ស្នាក់នៅផងកាលពីល្ងាចថ្ងៃទី១២ ខែតុលា ពោលគឺការទប់ បាំងបាចទឹក យ៉ាងណា ក៏មិនអាចការពារបាន ព្រោះកម្ពស់ទឹក បានខ្ពស់ជាង ហើយព័ទ្ធជុំវិញពន្ធនាគារ ទៅហើយ ។
លោក អ៊ុង ស៊ីផាន បានបញ្ជាក់ថាៈ ហេតុនេះ នៅព្រឹកថ្ងៃទី១៣ ខែតុលា លោកបានស្នើការសម្រេច ពីថ្នាក់លើពាក់ព័ន្ធ ដើម្បីជម្លៀសពីការលិចលង់ គ្រោះថ្នាក់នូវ អ្នកជាប់ឃុំ (ទណ្ឌិត ពិរុទ្ធជន និងថែមកុមារតាមម្តាយ ចំនួន ៨១១ នាក់ / ស្រី៨៥នាក់ លើអ្នកជាប់ឃុំសរុប ១.៦០០ នាក់ ចេញទៅ ភាគច្រើន ពន្ធនាគារខេត្តសៀមរាប និងខេត្តខ្លះទៀត នៅថ្ងៃត្រង់ថ្ងៃដដែលនេះ ។
លោក អ៊ុង ស៊ីផាន បានបន្តថាៈ ការដឹកជញ្ជូន ធ្វើឡើងតាមរថយន្តក្រុងឯកជន និងរថយន្តក្រុងរណប នៃក្រុមហ៊ុនអចលវត្ថុ ឡេង ណាវ៉ាត្រា សរុបរាប់សិបគ្រឿង ហើយអមដោយ រថយន្តកងកម្លាំង ដែលស្ទើរទាំងអស់ គឺរថយន្តរបស់នគរបាលខេត្ត និងស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ ។ បើស្ថានភាពទឹក មិនស្រក ហើយហក់ឡើងទៀត អង្គភាពនេះ នឹងសុំការសម្រេចពីថ្នាក់លើ ដើម្បីជម្លៀសអ្នកជាប់ឃុំ បន្ថែមទៀត ។
សូមរំលឹកថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតនៅទំនាប ហើយប្រឈមការលិចលង់ ដោយទឹកជំនន់ ស្ទើររាល់ឆ្នាំ ក្នុងនោះ បានលិចលង់ខ្លាំង ហើយធ្លាប់បានជម្លៀសអ្នកជាប់ឃុំរួចហើយ កាលពីឆ្នាំ២០០៩ និងឆ្នាំ២០១៣ ។ រីឯស្ថានភាពទឹកជំនន់វិញ គឺបានចាប់ផ្តើមហក់ឡើងព័ទ្ធម្តងបន្តិចៗ ជាយក្រុងសិរីសោភ័ណ កាលពី ២ -៣ ថ្ងៃមកហើយៗឡើងខ្លាំង នៅយប់ថ្ងៃទី១២ ខែតុលា៕/b /V