ដោយៈវណ្ណៈ / ព្រះសីហនុៈ ការងារពង្រីក និងជួសជុលផ្លូវរត់ នៅអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ (កងកេង) បានបញ្ចប់ជាស្ថាពរហើយ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ហើយក្នុងឱកាសនេះ លេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានរៀបចំពិធី តាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដោយនិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ដើម្បីរៀបចំដាក់ឲ្យដំណើរការ ជាផ្លូវការ នូវផ្លូវរត់ នៃអាកាសយានដ្ឋាននេះ ដែលអាចឲ្យយន្តហោះ ប្រភេទធំៗ ចុះចតបាន។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិលកម្ពុជា, លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនទៀត ។
លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាន៍ថាៈ សមិទ្ធផលនេះ បានឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងកំណើន នៃអ្នកធ្វើដំណើរ តាមជើងហោះហើរ ពីបណ្តាប្រទេសនានា មកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។
ចំណែកលោក គួច ចំរើន បានមានប្រសាសន៍ថាៈ ការរីកចំរើន ខាងវិស័យអាកាសចរណ៍នេះ នឹងបំពេញបន្ថែម បម្រើដល់ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ថវិកាកសាងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ក្នុងខេត្តព្រះសីហនុ។
មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងដែរថាៈ ក្រុមហ៊ុនខេមបូឌា អ៊ែរផត ដែលគ្រប់គ្រងវិនិយោគ អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា បានចំណាយថវិកា ប្រមាណ ២១ លានដុល្លាអាមេរិក លើការពង្រីកផ្លូវរត់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគម្រោងពង្រីកផ្លូវរត់ នៅអាកាសយានដ្ឋានអន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ២០១៩ ៕/b /V