Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាកាសធាតុបានព...

អាកាសធាតុបានពន្យារពេលការផលិតដំណាំរបស់សហគមន៍សំបួរ​មាសក្រុងកំពង់ចាម

ដោយ:គង់ហេង/កំពង់ចាម: បើទោះជាជំនាន់ទឹកភ្លៀងមិនបានជន់លិចដូចបណ្តាខេត្តដទៃមែន ក៏ប៉ុន្តែកសិករ​ជាអ្នកផលិតដំណាំជាបន្លែសុវត្ថិភាពសហគមន៍សំបួរមាស ក្រុងកំពង់ចាមបានពន្យារពេលការដាំដុះបន្លែ ដោយបញ្ហា​កត្តាអាកាសធាតុភ្លៀងជោកជាំ ចំរដូវដាំដុះ។ លើកលែងតែកសិករមានផ្ទះសំណាញ់ប៉ុណ្ណោះ​មានលទ្ធភាពផលិតបានបន្លែខ្លះយកទៅកាន់ទីផ្សារ។

លោក ធីម ថុល ប្រធានសហគមន៍សំបួរមាសបានកាត់ស្មៅបណ្តើរផ្តល់បទសម្ភាសប្រាប់កា សែតរស្មីកម្ពុជាបណ្តើរនៅព្រឹកថ្ងៃទី ១២ តុលាថា ធាតុពិតពេលស្មើនេះ កាលពីឆ្នាំកន្លងទៅគ្រួសាររប​ស់លោក ក៏គ្រួសារក្នុងសមាជិកសហគមន៍សំបួរមាសច្រើនគ្រួសារផ្សេងទៀត បានដាក់ដាំបន្លែមុខបន្លែច្រើនមុខលើផ្ទៃដីរៀងៗខ្លួន គឺមានអាយុពីមួយខែ ទៅមួយខែជាងអស់ហើយ។

លោកប្រធានសហគមន៍ដែលមានវ័យជិត ៦០ឆ្នាំរូបនេះបានពោលថា ប៉ុន្តែលោក និងគ្រួសារកសិករជាដំាបន្លែជាច្រើនផ្សេងបានជម្នះ និងផ្សងព្រេងនឹងព័ត៌មានបម្រែម្រួលអាកាសធាតុថា ទឹកទន្លេមេគង្គឆ្នាំ២០២០នេះនឹងជន់ឡើងដល់ខែកត្តិក ខែមាឃ និងទឹកភ្លៀងជោកជាំក៏អូសបន្លាយច្រើនទៀត។ ដោយគ្រួសារលោកបានសម្រេចជ្រើសរើសយកការដាំបន្លែខាត់ណាផ្កា គឺបច្ចុប្បន្នបានជាងមួយខែហើយ។

បុរសដែលមានបទពិសោធន៍ខាងដាំបន្លែប្រមាណ១០ឆ្នាំម្នាក់នេះបានពោលទៀតថា ខាត់ណាផ្កាអាយុប៉ុននេះ គឺចំដំណាក់កាលត្រូវថែបំប៉នដាក់ជី បោចស្មៅ។ តែបែរជាភ្លៀងធ្លាក់ជាប់ជោកជាំរាល់​ថ្ងៃ ពិសេសយើងមិនអាចប៉ះពាល់ដើមខាត់ណាបានទេ បានត្រឹមយកម៉ាស៊ីនកាត់ស្មៅ កាត់ស្មៅបន្ថយការលូតខ្ពស់លើសបន្លែប៉ុណ្ណោះ។

លោក ធីម ថុល បានបន្តថា ចំណែកឯកូនបន្លែដែលបានសាប ដើម្បីត្រៀមសម្រាប់ការដាំដុះ​ចំ​រដូវដូចរាល់ឆ្នាំនោះ គឺបានបានធំៗជ្រុល ដោយរង់ចាំដីចម្ការត្រូវដាក់ដាំស្ងួត។ ប៉ុន្តែបើមានផ្ទះសំ​ណាញ់ និងដីទួលយើងអាចដាក់ដាំបន្លែទាំងអស់នេះបានធម្មតា។ ក្នុងនោះគ្រួសារលោកបានត្រៀមពូជបន្លែសម្រាប់ការដាំដុះនារដូវនេះមាន: ខាត់ណាផ្កា ខាត់ណាក្តោប សណ្តែកគួរ ពោតស ពោតបារាំង និង​សណ្តែកបា​រាំង​។

អ្នកស្រី ឃាង ស៊ីផូ ជាសមាជិកសហគមន៍សំបួរមាស និងជាកសិករគំរូកំពុងប្រមូលផលសាឡាត់ដើម្បីយកមកលក់ផ្សារចុងសប្តាហ៍បាននិយាយថា បច្ចុប្បន្នបន្លែសម្បូរទីផ្សារខ្លាំង គឺឱ្យផលិតបាន គឺក្នុងនោះលក់ប្រចាំថ្ងៃផ្ទាល់នៅផ្សារព្រែកដើមចាន់ និងលក់នៅរៀងរាល់ចុងសប្តាហ៍នៅផ្សារចុងសប្តាហ៍នៅមាត់ទន្លេខាងមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។ ក្រៅពីនោះបន្លែសុវត្ថិភាពរបស់គ្រួសារអ្នកស្រីត្រូវបានខាងផ្សារចុងសប្តាហ៍នៅក្រុងសួង ខេត្តត្បូងឃ្មុំ និងក្រុមហ៊ុនច្រើនទៀតបញ្ជាទិញជាបន្តបន្ទា​ប់។

ស្រ្តីដែលមានវ័យ ៦០ឆ្នាំរូបនេះបាននិយាយទៀតថា ក្នុងនោះបន្លែដែលគ្រួសារអ្នកស្រីផលិត​បម្រើទីផ្សារសព្វថ្ងៃមាន: ម្ទេស ស្ពៃ(បួនមុខ) សាឡាត់( បីមុខ) ត្រសក់ ចេក ល្ហុង គឺលក់នៅចុងសប្តាហ៍​​នោះបានប្រាក់ប្រហែល ៤០ម៉ឺនរៀលដែរ។ សម្រាប់វគ្គដាំដុះបន្លែបន្តនេះខាងអ្នកស្រីនឹងដាំ ម្ទេសហាវ៉ៃ​​ ម្ទេសកាយាណេ នៅចម្ការធម្មតា។ ចំណែកនៅខាងក្នុងផ្ទះសំណាញ់ហំទំទទឹង ១០ ម៉ែត្រ និងបណ្តោយ ៣៦ ម៉ែត្រ ដាំបន្លែចំនួន ប្រាំមួយ មុខ។

អ្នកស្រី ស៊ីផូ បានបន្ថែមថា នៅក្នុងចម្ការដែលអ្នកស្រីកំពុងប្រមូលផលសាឡាត់នេះ នៅក្រោយ​មេឃរាំងភ្លៀងប៉ុន្មានថ្ងៃខាងមុខនេះ នឹងដាក់ដាំខ្ទឹមក្រហម និងម្ទេសកាយ៉ាណេ។ បន្លែទាំងអស់បើសិន​មានផ្ទះសំណាញ់ និងដីទួល គឺយើងដាំបម្រើទីផ្សារបានរហូត និងទៀងទាត់ ពិសេសទិន្នផលទទួលបាន គឺខ្ពស់ជាង ៥០ ភាគរយ នៃផ្ទៃដីចម្ការក្នុងលំហធម្មតា។

អ្នក សួន ធិតា មន្រ្តីបច្ចេកទេសគម្រោងបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាមបានប្រាប់ថា បញ្ហាភ្លៀងជោកជាំនេះ គឺកសិករជាអ្នកដាំដុះត្រូវរង់ចាំរហូតដល់ដីស្រកទឹ​កទើបធ្វើការដាំដុះបាន។ រីឯកសិករដែលអាចទទួលបានផ្ទះសំណាញ់ដែលជាជំនួយរបស់ក្រសួងកសិ​កម្មរុក្ខាប្រមាញ់ និងនេសាទ លុះត្រាមានលក្ខណ:សម្បត្តិ គឺកសិករដែលឧស្សាហ៍ព្យាយាម គំរូ និងមានដីមានទីតាំងសមស្រប។

មន្រ្តីរូបនេះបានបន្តថា ទីតាំងសមស្រប គឺដីដាំដុះរបស់គាត់ជាកសិករនៅលើទួលមិនលិចទឹក នៅជាមួយចម្ការកសិករដាំដុះដទៃច្រើនផ្សេងទៀត។ នៅក្នុងគម្រោងផ្តល់ជំនួយផ្ទះសំណាញ់ខេត្តកំពង់​ចាមទទួលបានចំនួន ២០ផ្ទះសំណាញ់។ ប៉ុន្តែទទួលបានជាក់ស្តែងចំនួន បី នៅស្រុកចម្ការលើចំនួន មួយ នៅស្រុកកងមាសចំនួន មួយ នៅស្រុកកំពង់សៀមចំនួន មួយ និងនៅសហគមន៍សំបួរមាស ក្រុងកំពង់ចាមនេះចំនួន មួយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular