ដោយៈភ្នំខៀវ / បាត់ដំបងៈ កុមារា ១នាក់ បានស្លាប់ និងសមាជិកគ្រួសារ ចំនួន ៥ នាក់ផ្សេងទៀត មានអាការៈធ្ងន់ និងស្រាល ក្រោយពេលពួកគេ បានបរិភោគដំឡូងមី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា÷ ករណីពុលដំឡូងមី ចំនួន ១គ្រួសារនេះ បានកើតឡើង នៅវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពដដែល បានបន្តថា÷ គ្រួសាររងគ្រោះ ខាងលើ មានជីវភាពខ្វះខាតខ្លាំង ហើយបានជំរុញឲ្យបង្គោលគ្រួសារ ជាប្តី ត្រូវចាកចេញ ទៅធ្វើការងារ នៅតំបន់ឆ្ងាយ ដោយនៅត្រឹមតែប្រពន្ធប៉ុណ្ណោះ ស្នាក់នៅនឹងផ្ទះដ៏កំសត់ ដើម្បីមើលថែកូនតូចៗ ទាំង ៥ នាក់។ នៅមុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១២ តុលា អ្នកស្រីឈ្មោះ រិក ណៃ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានស្ងោរដំឡូងមី បរិភោគជាមួយកូនតូចៗទាំងអស់ ភ្លាមៗ អ្នកស្រី ហាក់មានអារម្មណ៍ប្លែក ក្នុងនៅខ្លួនបន្តិចដែរ ប៉ុន្តែមិនចាប់អារម្មណ៍ ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង រួចហើយក៏នាំកូនៗទាំងអស់ ចូលសម្រាកទៅ រហូតដល់វេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអារម្មណ៍ ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ។ ចំណែកកូនរបស់អ្នកស្រី ចំនួន ៥ នាក់ទៀត ក៏បានចាប់ផ្តើម មានអាការៈក្អួតចង្អោរខ្លាំងទៅៗ រហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ ទាំងយប់តែម្តង។ ក្នុងចំណោមកូន របស់លោកស្រី ដែលពុលទាំង ៥ នាក់ មាន១នាក់ បានស្លាប់ ដោយសារកម្លាំងជនរងគ្រោះ ខ្សោយ និងទំនងហូបដំឡូងស្ងោរច្រើន ពុលខ្លាំងជាងគេ។
ក្មេងរងគ្រោះដែលពុលនៅក្នុងហេតុការណ៍នេះ មានៈ១. ឈ្មោះ សោម ភេទប្រុស អាយុ២៣ឆ្នាំ ពុលស្រាល, ២.ឈ្មោះ ចាន់នី ភេទប្រុស អាយុ១៤ឆ្នាំ ពុលស្រាល, ៣.ឈ្មោះ ទីណា ភេទស្រី អាយុ១១ឆ្នាំ ពុលស្រាល. ៤.ឈ្មោះ ឆាំ ភីម ភេទស្រី អាយុ៧ឆ្នាំ ពុលធ្ងន់ធ្ងរ. និង៥.ឈ្មោះ ឆាំ ណាន ភេទប្រុស អាយុ៤ឆ្នាំ ពុលដល់ស្លាប់ ។
អ្នកស្រី រិក ណៃ ត្រូវជាម្តាយជនរងគ្រោះ បានអំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានា ជួយដល់គ្រួសាររបស់គាត់ផង ព្រោះបច្ចុប្បន្ន ស្ថានភាពក្នុងគ្រួសារ កំពុងតែជួបនូវសភាពទីទ័លក្រខ្លាំង៕/b /V