Home ព័ត៌មានជាតិ សង្គម ពិព័រណ៍រូបថតឆ...

ពិព័រណ៍រូបថតឆ្នាំ២០២០នេះ នឹងធ្វើឡើងតាមម៉ូតូកង់បី

ដោយ:ពៅនិមល/ភ្នំពេញ: ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ មហោស្រពរូបថតភ្នំពេញបានឱ្យដឹងថា សម្រាប់ការតំាងពិព័រណ៍ និងការចាក់បញ្ចាំងផ្ទាំងទស្សនីយភាពរូបថត ២០២០ នឹងបង្ហាញខ្លួនតាមរយះ រ៉ឺម៉ក់កង់បី (ម៉ូតូកង់បី) ចំនួន៥០គ្រឿង ដើម្បីបង្ហាញពីជាស្នាដៃរបស់សិល្បករខ្មែរ និងអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមមហោស្រពរូបថតភ្នំពេញ បានលើកឡើងក្នុងសេចក្តីប្រកាសព័តមាន បានបញ្ជាក់ថា ការរៀបចំឆ្នាំនេះ មានលក្ខណៈតូចជាងឆ្នាំមុន ប៉ុន្តែលើកនេះមានកម្មវិធីប្លែកពីរាល់ដងផងដែរ។ ដូចសព្វរាល់ដងមហោស្រពឆ្នាំនេះ នឹងត្រូវធ្វើឡើងស្របតាមគោលការណ៍ ដែលមហាស្រពរូបថតភ្នំពេញ មានចក្ខុវិស័យ៖ ការជួបជុំរវាង អ្នកថតរូប អាស៊ី និង អឺរ៉ុប ដែលបានបើកបង្ហាញស្នាដៃសិល្បៈ ដល់យុវជនដោយឥតគិតថ្លៃ។

លោក Christian Caujolle នាយកសិល្បៈនៃសមាគមរូបថតភ្នំពេញ បានលើកឡើងថា ការតាំងពិព័រណ៍ដែលត្រូវបានបង្ហាញបើកចំហរដល់មនុស្សទូទៅ និងអាចឱ្យសាធារណៈជនបានចូលរូមផងដែរ។ ក្នុងឆ្នាំនេះ ដោយមានការប្រុងប្រយ័ត្នពីកូវីដ១៩។ ហេតុដូច្នេះហើយ ដោយមានការជួយជ្រោមជ្រែងពីប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មហោស្រពបានប្រមូលម៉ូតូកង់បីចំនួន៥០គ្រឿង សម្រាប់ការតាំងពិព័រណ៍ដោយធ្វើដំណើរតាមដងផ្លូវ ដែលបង្ហាញពីស្នាដៃរបស់អ្នកថតរូបខ្មែរ គឺលោក ម៉ក់ រ៉េមីស្សា និងសិល្បករជនជាតិហ្វាំងឡង់ Elina Brotherus។

មហោស្រពរូបថតភ្នំពេញ២០២០ នឹងត្រូវបើកសម្ពោធក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៦ និង១៧ ខែតុលា។ នៅថ្ងៃចាប់ផ្តើមកម្មវិធី ដោយមានការបញ្ចាំងផ្ទាំងទស្សនីយភាពអមដោយការប្រគុំភ្លេងដោយតន្រ្តីករ លី វ៉ាន់ថាន មកពីហ្វាពន្លឺសិល្បៈ ជំនួបជាមួយអ្នកជំនាញថតរូប សន្និសីទស្តីអំពីរូបថត និងការបញ្ចាំងស្នាដៃចម្រុះរបស់សិល្បករខ្មែរជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញ នៅតែជាមហោស្រពរូបថតអន្តរជាតិដ៏ធំមួយ ក្នុងចំណោមរូបថតអន្តរជាតិនៅអាស៊ីអាគ្នេយ៍។ វេទិការវាងអ្នកថតរូបអាជីព និងអ្នកចូលចិត្តថតរូប មហោស្រពត្រូវបានរៀបចំឡើងដោយសមាគមរូបថតភ្នំពេញ (PPPA) និងវិទ្យាស្ថានបារាំង ដោយសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ក៏ដូចជាសាលារាជធានីភ្នំពេញ និងដៃគូសហការជាច្រើនទៀតផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular