ដោយ បូរិន/ភ្នំពេញៈ ក្រោយពីឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020 បេក្ខនារីតំណាងខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍ និងគាំទ្រ ច្រើនពីមហាជន។ ទោះមិនបានគ្រងតំណែងក្នុងចំណាត់ថ្នាក់ណាមួយក្តីក៏ពេលនេះបេក្ខនារី ដែលមានសម្រស់ស្រស់សោភារូបនេះទទួលបានឱកាសការងារសិល្បៈដែរ។

ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីនាងលេខមុខក្នុងការថតឈុតប្រណីតរបស់សំអាងការល្បីឈ្មោះមួយនៅភ្នំពេញ។គឺសំអាងការ ម្កុដមាសខ្មែរ។ សម្រស់ដ៏ស្រស់ផូរផង់គួបផ្សំជាមួយការតុប តែងមុខធ្វើសក់ រំលេចដោយសម្លៀកបំពាក់ប្រណីត និងស្រោចដោយគ្រឿងអលង្ការភ្លឺផ្លេកក្នុង ឈុតកូនក្រមុំក្នុងថ្ងៃមង្គលជ័យ គឺពិតជាធ្វើឲ្យអ្នកគាំទ្រនាងមិនសរសើរមិនបាន។ ទោះជាយ៉ាង ណានេះគឺជាឱកាសថ្មីបន្ថែមសម្រាប់នាងដែលអាចក្តាប់បានឱកាសទីផ្សារថ្មីក្រោយពីបញ្ចប់ការប្រកួត។

កញ្ញា អ៊ុច សុគន្ធដាវី បានប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា នាងពិតជា រីករាយដែលទទួលបានឱកាសការងារសិល្បៈទាំងនេះ ហើយនាងនឹងខិតខំប្រឹងប្រែងពង្រឹង សមត្ថភាពថ្មីៗបន្ថែមដើម្បីបំពេញចិត្តអ្នកគាំទ្រ និងលើកទឹកចិត្តនាងកន្លងមក។ នាងក៏ថ្លែង អំណរគុណចំពោះសម្អាងការម្កុដមាសខ្មែរ ដែលបានផ្តល់ឱកាសសម្រាប់រូបនាង ហើយនាង រំពឹងថាការងារថ្មីនេះក៏ជាការបើកផ្លូវសម្រាប់នាងឈានជើងទៅមុខមួយជំហានទៀតក្នុងការងារសិល្បៈ។

ចំណែក លោកស្រី គង់ សុត្រាវី នាយិកាសំអាងការ ម្កុដមាសខ្មែរ បាននិយាយថា បេក្ខនារី ជាង២០នាក់ដែលបានឈានជើងចូលក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែមានសម្រស់ស្រស់សោភា ប៉ុន្តែលោកស្រីបានចាប់អារម្មណ៍ខ្លាំងទាំងរូបសម្រស់ និងអត្តចរិក បុគ្គលិក លក្ខណៈរបស់កញ្ញា អ៊ុច សុគន្ធដារី ទើបលោកស្រីបានអញ្ជើញនាងឲ្យថតឈុតប្រណីតមួយចំនួនរបស់លោកស្រី និងជាចំណែកជួយលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិតាមរយៈការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងពិធីមង្គលការ។

លោកស្រីបាននិយាយថា សកម្មភាពនេះក៏ជាការលើកទឹកចិត្តលើកកម្ពស់តម្លៃស្ត្រីពិសេស ធនធានមនុស្សដ៏កម្រ ដើម្បីឲ្យពួកគាត់មានឱកាសបង្ហាញសមត្ថភាពបង្ហាញរូបសម្រស់ជូន មហាជន។ លោកស្រីថា សំអាងការលោកស្រីក៏នឹងបន្តលើកកម្ពស់ច្នៃឈុតប្រណីតថ្មីក្រោម ទម្រង់សិល្បៈខ្មែរ និងជាស្នាដៃកូនខ្មែរពិតៗ។

លោកស្រីក៏រំពឹងដែរថា ក្រៅពីលើកកម្ពស់ផ្នែកវិស័យសិល្បៈលោកស្រីក៏បង្ហើបពីគោលការណ៍ ក្រុមហ៊ុនលោកស្រីក៏មានគោលការណ៍ក្នុងការចូលរួមចំណែកជួយសង្គមផងដែរគឺរាល់ការជួលជាកញ្ចប់ពីសម្អាងម្កុដមាសខ្មែរ នឹងត្រូវបានដកចំនួន១០ភាគរយចូលរួមជាមូលនិធីសម្រាប់ជួយ ដល់កុមារដែលរងគ្រោះដោយការរំលោភ បំពានផ្លូវភេទ។ តាមរយៈសកម្មភាពជួយសង្គមផ្ទាល់ និងដោយប្រយោលនេះនឹងអាចចូលរួមចំណែកជួយដល់ផ្នែកសិល្បៈវប្បធម៌ និងសង្គមជាតិ៕


