រាជបណ្ឌិត្យសភាកម្ពុជា រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី​« សារសំខាន់​នៃ​ការសិក្សា​ក្រោយ​ឧ​ត្ត​មសិ​ក្សា​»

ដោយៈ​សុផល​/​ភ្នំពេញ​៖​រាជបណ្ឌិត្យសភាកម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ បានរៀបចំ​ធ្វើ​កិច្ចពិភាក្សា​តុមូល​មួយ​ស្តីពី​« សារសំខាន់​នៃ​ការសិក្សា​ក្រោយ​ឧ​ត្ត​មសិ​ក្សា​»​។ វាគ្មិន បានបង្ហាញ​ពីបទ​ពិសោធន៍​និង​គន្លឹះ​សំខាន់ៗ​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា ។​

​វាគ្មិន​ដែល​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​ចែករម្លែក​បទពិសោធន៍​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ រ័ត្ន សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៃ​វិទ្យាស្ថាន​ជាតិ​អប់​រំលោក​បណ្ឌិត​ឈុន​ពហុ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

បណ្ឌិត សួន រ៉ានី សមាជិក​បម្រុង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មុខងារសាធារណៈ​លោកស្រី​បណ្ឌិត​ព្រុំ​ទេវី​សមាជិក​បម្រុង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អនុប្រធាន​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម​។ លោក​បណ្ឌិត អ៊ុក ទុំ ប្រធានការិយាល័យ ទទួលបន្ទុក​ការិយាល័យ​នីតិ​ព្រហ្មទណ្ឌ នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​


លោក​បណ្ឌិត​ឈុន​ពហុ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​មានប្រសាសន៍ថា​៖​ការសិក្សា​ថ្នាក់ ក្រោយ​ឧ​ត្ត​មសិ​ក្សា សំដៅលើ​ការបណ្តុះបណ្តាល​ជំនាញ ក្នុង​កម្រិត​ឯកទេស ឬ​វិជ្ជាជីវៈ​ខ្ពង់ខ្ពស់ ។​ដែលមាន​លក្ខណៈ​បណ្តុះបណ្តាល​ជា​ប្រព័ន្ធ ជាមួយនឹង​ការសិក្សា​លើ​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​(​ចាប់ពី​ថ្នាក់ Master) ហើយ​អនុញ្ញាត​ឲ្យ​យើង​អាចឈាន​ទៅដល់​ការដោះស្រាយ​បញ្ហា​នានា​(​ទាំង​លើ​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​)​ស្របតាម​ជំនាញ​ឯកទេស​ណា​១​ជាក់លាក់ ។​ដោយមាន​ការ ប្រើប្រាស់​នូវ​មូលដ្ឋានគ្រឹះ នៃ​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​សមិទ្ធផល​ទំនើបកម្ម ខាង​វិទ្យាសាស្ត្រ បច្ចេកទេស និង​វប្បធម៌ មក​ធ្វើជា​មធ្យោបាយ​សិក្សា ក្នុង​គោលដៅ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​វិទ្យា សាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត​។​

​លោក​សាស្ត្រាចារ្យ​បាន​លើ​កេ​ជា​សំណួរ​ថា​៖​តើ ចាំបាច់​យើង គួរ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ដែរ ឬទេ ? តើ គួរ​សិក្សា ឬ​មិនគួរ​សិក្សា ?​។​ចម្លើយ​គឺ​ត្រូវតែ​សិក្សា ព្រោះ​ការសិក្សា​ផ្តល់​ពុទ្ធិ បញ្ញា ជា​មាគ៌ា​បំភ្លឺ​ផ្លូវ​ជីវិត ជា​មធ្យោបាយ​នៃ​ការងារ​។​ចំណេះដឹង​៖ ជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល មិនអាច​កាត់ថ្លៃ​បាន ធ្វើ​ឲ្យ​ការរស់នៅ​ប្រសើរឡើង​និង​សម្រាប់​៖ ការអភិវឌ្ឍ និង​ភាពរុងរឿង (​ដល់​បុគ្គល គ្រួសារ ស្ថាប័ន និង​ប្រទេសជាតិ​)​។​ដូច្នេះ មនុស្ស​គ្រប់រូប​ត្រូវការ​ការសិក្សា គ្រាន់តែ​ការសិក្សា អាស្រ័យ​ទៅតាម​បែបផែន​ផ្សេងៗ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ រ័ត្ន សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​លើកឡើងថា​៖​ការសិក្សា​ក្រោយ​ឧ​ត្ត​មសិ​ក្សា មាន​សារៈសំខាន់​។​ទី​១ ៖​រៀន​ឱ្យ​ក្លាយជា​អ្នកឯកទេស ,​ទី​២៖​អភិវឌ្ឍ​ខ្លួន​ទៅជា​អ្នកដឹកនាំ​និង​ទី​៣៖ ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​។​

​វាគ្មិន បានលើកឡើង​ជារួម​ថា​៖​ការសិក្សា​ក្រោយ​ឧ​ត្ត​មសិ​ក្សា មាន​សារៈសំខាន់ ព្រោះ​វា​ឱកាស​ថ្មី ដើម្បី​បើកទ្វារ​ជីវិត​ឈានទៅរក​ភាពជោគជ័យ មាន​ធនធាន កិត្តិយស និង​សម្រេច​ក្តី​ប្រាថ្នា​ជាពិសេស​ចង់​ក្លាយជា​មនុស្ស​សំខាន់​ម្នាក់​ដែល​អាចជួយ​ខ្លួនឯង គ្រួសារ និង​សង្គម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular