ពន្ធ​, ពន់​, ពន​, ពន្យារ​, ជំនុំ​, ជំនំ​, ជំនីក​, ជីក​, គោរព​

208
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ពន្ធ ( ន​. ) (​ពន្ធ ជា កិ​. “​ចង​, ជាប់​, ជំពាក់​”; ពន្ធ​, ពន្ធន៍ ជា ន​. “​ចំណង​, អន្ទាក់​, គ្រឿង​ជាប់​, ជំពាក់​”) សួយ​, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ : ពន្ធស្រូវ​, ពន្ធទូក​, ពន្ធទាស​, ពន្ធខ្លួន​…; ទារពន្ធ​, បង់ពន្ធ ។ ពន្ធដារ ពន្ធ​គ្រប់មុខ : ការបង់​ពន្ធដារ​សម្រាប់​ដែនដី ហៅថា រាជពលី ។ ពន្ធចំពោះ ពន្ធ​ដីស្រែ​ចម្ការ​ជាដើម ដែល​សាមីខ្លួន​ជា​ម្ចាស់​របស់​ត្រូវ​បង់​ជូន​រាជការ​តាម​ចំនួន ដែលមាន​កម្រិត​ទុកជា​ស្រេច​ក្នុង​បញ្ជី ។ ពន្ធមិនចំពោះ​ពន្ធ​នៃ​គ្រឿង​បរិភោគ​និង​គ្រឿង ប្រើប្រាស់​ផ្សេងៗ​ដូចជា​ពន្ធគយ​និង​រដ្ឋាករ​ជាដើម ដែល​ជននី​មួយៗ​ត្រូវ​បង់​ជូន​រាជការ ដោយសារ​ខ្លួន​ត្រូវការ​បរិភោគ​ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនោះ ។

ពន់ ( គុ​. ) ហួស​, ក្រៃ​, លើសលន់​; ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រមាណ​, ពេក ថា : ពន់ប្រមាណ គឺ​ហួសប្រមាណ​; ពន់ពេក ឬ ពេកពន់ គឺ​ហួសពេក​, ពេក​ណាស់ (​ច្រើន​ប្រើតែ ក្នុង​កាព្យ​) : មាន​ទឹកជំនន់ ខ្លាំង​ក្រៃ​ពេកពន់ ធំ​ពន់ប្រមាណ ជន់​សាយ​លិច​វាល លិច​ទាំង​ភូមិឋាន អ្នកភូមិ​សឹង​បាន ក្ដី​ព្រួយ​គ្រប់គ្នា ។

ពន ( កិ​. ) សំពះ​, ថ្វាយបង្គំ​; ពាក្យ​ទំយើ​សម្រាប់​បង្គាប់​កូនក្មេង​តូច​ឲ្យ​សំពះ​, ឲ្យ​ថ្វាយបង្គំ : កូន​ម៉ែ​ពន​!, នាង​ពន​! ។ គួរ​សរសេរ​ជា ពន្ទ (​បា​.“​សំពះ​, ថ្វាយបង្គំ ) ។

ពន្យារ ( កិ​. ) ធ្វើ​ឲ្យ​យារ​, ទាញ​ទម្លាក់​ឲ្យ​យារ​ចុះ : ពន្យារខ្សែ​, ពន្យារពេល ។

ជំនុំ ( កិ​. ) ពិគ្រោះគ្នា​, ពិភាក្សាគ្នា ក្នុង​វេលា​ជួបជុំ ។ ជំនុំក្ដី​, ជម្រះក្ដី ។ ជំនុំជម្រះ ជំនុំ​ឲ្យ​ជ្រះ ស្រឡះ , ន​. ទីប្រជុំ​ជន់​, ភូមិ​, តំបន់​ដែលមាន​មនុស្ស​ច្រើន​, ក្រុង : កណ្ដាល​ជំនុំ​, ទី​ជំនុំ​, ស្រុក​ជំនុំ ។ ( អា​. និបាត​. បណ្ដា​; ពាក្យ​សម្រាប់​ប្រើ​ដក​រំលែក​ចំនួន​នីមួយៗ អំពី​ចំនួន​ច្រើន ឲ្យ​ដាច់ ដោយឡែក : ជំនុំ​អ្នក​នគរ​ទាំងមូល​, ព្រះមហាក្សត្រ​ជាធំ​បំផុត​; ជំនុំ​មនុស្ស​ទាំង​១០​នាក់​នេះ​, ត្រូវ​ចាត់​មនុស្ស ៣ នាក់​ឲ្យ​នៅចាំ​ផ្ទះ ។

ជំនំ ( គុ​. ) ដែល​ទើបនឹង​ប្រើប្រាស់​ទក់​សាច់​បន្ដិចបន្តួច​, ដែល​ស្ទើរ​ថ្មី​ស្ទើរ​ចាស់ : សំពត់​ជំនំ ។

ជំនីក ( ន​. ) ការជីក​, អំពើ​ដែល​ជីក : ស្រះ​នេះ​រាក់​ណាស់​, បើ​ចង់​ឲ្យ​ទឹក​ដក់​បាន​ច្រើន​ទាល់តែ ធ្វើ​ជំនីក​ថែមទៀត​: ស្នាម​ដែល​ជីក : ត្រូវ​លុប​ជំនីក​ខាង​នោះ​ចោល​ចេញ​កុំ​ឲ្យ​មាន​ស្នាម​ក្រហេង ក្រហូង​ច្រើនពេក ។ ប្រើ​ជា គុ​. ក៏បាន : ពាម​ជំនីក​, ព្រែក​ជំនីក ពាម​, ព្រែក​ដែល​គេ​ជីក ។

ជីក ( កិ​. ) ចាក់​គាស់​ដោយ​ចប​ជាដើម : ជីកដី​, ជីករណ្ដៅ ។ ន​. ជ្រនីក​មួយ​ប្រភេទ​ធ្វើ​ដោយ​ដែក : ចបជីក ។

គោរព ( ន​) សេចក្ដី​លំអុត​, លំអុតលំឱន​, ឱនលំទោន​, ដំណើរ​ប្រតិបត្តិ​តាម​សេចក្ដី​កោតក្រែង​, ដំណើរ​យកចិត្តទុកដាក់ ។ ប្រើ​ក្លាយ​មកជា កិ​. : កូន​ត្រូវគោរព​មាតាបិតា​, សិស្ស​ត្រូវគោរព​គ្រូ​, អ្នកបួស​ត្រូវគោរព​សិក្ខាបទ​, ប្រជាជន​ត្រូវគោរព​ព្រះមហាក្សត្រ​, ជនានុជន​ត្រូវគោរព​ច្បាប់​, ពុទ្ធសាសនិកជន​ត្រូវគោរព​ព្រះពុទ្ធសាសនា ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម