ដោយៈ មេសា/ភ្នំពេញៈ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើងពីឧបសគ្គដ៏គួរឱ្យរង្កៀសចិត្តក្នុងការដោះស្រាយបញ្ហាជនអនាថា ថា “ ភាពស្មុគស្មាញច្រំដែលៗបំផុតមួយ ក្នុងការដោះស្រាយបញ្ហារបស់ជនអនាថា គឺពួកជនអនាថា មិនអត់ធ្មត់ ឬ មិនព្រមទទួលយកសេវាទាំងឡាយដែលជាកិច្ចខិតខំប្រឹងប្រែងផ្តល់ឱ្យដោយរាជរដ្ឋាភិបាល សហការជាមួយអង្គការដៃគូធំៗ ដែលក្នុងនោះពេលខ្លះទោះបីអ្នកពាក់ព័ន្ធទាំងឡាយ ខិតខំរៀបចំកន្លែងស្នាក់នៅ និង អាហារបរិភោគសមរម្យ បណ្តុះបណ្តាលវិជ្ជាជីវៈរួចផ្តល់ទុនសម្រាប់ប្រកបមុខរបរយ៉ាងសមរម្យ ដូចជាផ្តល់រទេះសម្រាប់លក់មីឆា និង ធុងលក់ទឹកអំពៅជាដើម ( ដែលជាការចង់បានរបស់ពួកគាត់ ) ក៏ប្រការគួរឱ្យសោកស្តាយបំផុត គឺថា មិនទាំងបានប៉ុន្មានផង ពួកគាត់ ក៏បានលក់របស់របរទាំងនោះ រួចហើយត្រឡប់ទៅរស់នៅក្នុងសភាពជាជនអនាថាដូចមុនដដែល “ ។

លោក តូច ចាន់នី លើកឡើងបែនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអង្កេតរហ័សជនអនាថា នាព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ នៅឯក្រសួងសង្គមកិច្ច ។
អ្នកពាក់ព័ន្ធទាំងឡាយ ដែលក្នុងនោះ មានទាំងតំណាងស្ថាប័នរដ្ឋាភិបាល និង តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ហើយដែលអ្នកខ្លះបានធ្វើការលើវិស័យជនអនាថា ជិត ៣០ ឆ្នាំមកហើយ បានយល់ស្របនឹងការលើកឡើងរបស់លោក តូច ចាន់នី ។
ចំណែកលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលបានធ្វើការលើវិស័យជនអនាថា នេះ ជាច្រើនឆ្នាំមកហើយបានពន្យល់ថា តាមការសិក្សាជាបន្តបន្ទាប់មក បានរកឃើញថា មូលហេតុដែលជនអនាថា មិនព្រមទទួលយកសេវាដែលបានផ្តល់ជូនមកនេះដោយសារមូលហេតុចម្បង ៣ យ៉ាង គឺ ៖
១. ដោយសារការសុំទាន រកប្រាក់ចំណូលបានច្រើនជាងអ្វីដែលអ្នកពាក់ព័ន្ធផ្តល់ជូន គឺថា គិតជាមធ្យម ក្នុង ០១ ថ្ងៃ អ្នកសុំទានម្នាក់ អាចរកប្រាក់ចំណូលបានពីចន្លោះ ០៥ ម៉ឺន ទៅ ០៧ ម៉ឺន រៀល ដែលបានសេចក្តីថា ក្នុងម្នាក់ អាចរកលុយពីការសុំទាន បានប្រមាណជា មួយ លាន កន្លះ ( រៀល ) ។
២. ដោយសារពួកគាត់មិនអាចដើរហើរ និង ធ្វើអ្វីបានតាមចិត្ត ព្រោះថា សេវាដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល និង អង្គការដៃគូ គឺពួកគាត់ត្រូវស្នាក់នៅកន្លែងណាមួយ ដែលជាការរៀបចំដោយរាជរដ្ឋាភិបាល និង ដៃគូ ដូចជានៅក្នុងមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម ដែលនៅទីទាំងនោះ សុទ្ធតែមានក្រឹត្យក្រមក្នុងការគ្រប់គ្រង ពោលគឺពួកគាត់មិនអាចទៅណាមកណា ឬ ធ្វើអ្វីតាមចិត្ត ដូចជាសេពគ្រឿងស្រវឹងជាដើមឡើយ ។
៣. ដោយសារមានការញុះញង់របស់ជនខិលខូចណាម្នាក់ ដោយប្រការណាមួយ ដូចជាថា នៅក្នុងមណ្ឌល គ្មានសិទ្ធិសេរីភាព និង មិនត្រូវបានយកចិត្តទុកដាក់ជាដើម ( ព្រោះជនទាំងនោះ ចង់ឱ្យជនអនាថាទាំងនោះ នៅក្នុងភាពជាអ្នកសុំទាន ដើម្បី រកប្រយោជន៍ឱ្យពួកគេ ឬ ពួកគេជាអ្នកនៅពីក្រោយខ្នង នៃ ការសុំទាន ? ) ។
ទោះបែបនេះក្តី លោក ឈួរ សុបញ្ញា បានបន្ថែមថា រាជរដ្ឋាភិបាល ( និង ដៃគូពាក់ព័ន្ធ ) ក៏នៅតែមិនបោះបង់ការងារដោះស្រាយបញ្ហាជនអនាថា ឡើយ ហើយការបណ្តុះបណ្តាលគ្រូបង្គោលនាពេលនេះជាដើម ជាកត្តាបញ្ចាក់ថា អាជ្ញាធរ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល មិនត្រឹមតែមិនបោះបង់ការងារពាក់ព័ន្ធនឹងជនអនាថា ឡើយ ថែមទាំងត្រូវធ្វើឱ្យកាន់តែច្បាស់លាស់ សំដៅធ្វើយ៉ាងណា ឱ្យការងារវិស័យជនអនាថា នេះ កាន់តែមានប្រសិទ្ធភាពទៀតផង ។

ក្នុងន័យនេះ លោក តូច ចាន់នី និង លោក ឈួរ សុបញ្ញា ក៏ដូចអ្នកពាក់ព័ន្ធទាំងឡាយ បានស្នើយោបល់ដល់សាធារណជនថា ការដាក់ទានដល់អ្នកសុំទាន ពិតជាទឹកចិត្តសប្បុរសដ៏គួរឱ្យគោរពក៏ពិតមែនហើយ ប៉ុន្តែមុននឹងសម្រេចចិត្តបរិច្ចាគទាន ទៅឱ្យអ្នកសុំទានទាំងនោះ តោងតែពិចារណាថា តើការដាក់ទានដល់អ្នកសុំទានបែបនោះ គឺជាការជួយពួកគាត់ ឬ ក៏ជាការធ្វើបាបពួកគាត់ ដែលគេហៅថា ចងជើងឱ្យពួកគាត់ផុង ឬ ជាប់អន្ទាក់ក្នុងភាពជាអ្នកសុំទានបែបនោះតទៅទៀត ព្រោះថា ដរាបណា នៅតែរកប្រាក់ចំណូលបានច្រើនពីការសុំទាន ដូចដែលពួកគេកំពុងទទួលបានកន្លងមកនេះ នោះការងារផ្តល់សេវា នឹងនៅតែមិនមានប្រសិទ្ធភាពគ្រប់គ្រាន់តាមការចង់បាន ដែលបានសេចក្តីថា ពួកជនអនាថា នឹងមិនព្រមបោះបង់នូវភាពជាជនអនាថា ពោលគឺនៅតែសុំទានតទៅទៀត ៕ Kh




