ដោយៈ រិ​ទ្ធិ​សែន​/​ពោធិ៍សាត់ៈ បើ​យោងតាម​មន្ត្រី នៃ​មន្ទីរជំនាញ នៃ​ខេត្តពោធិ៍សាត់ បានបញ្ជាក់​ឲ្យ​ដឹង ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ដែល​ធ្វើអោយ​លិចលង់ ដោយ​គិតពី​រសៀល ថ្ងៃទី​១០ មកដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ នេះ ស្ថានភាព​កម្ពស់​ទឹក ស្ទឹង​ពោធិ៍សាត់ បាន​ស្រក ១ តឹក​ហើយ ប៉ុន្តែ​ការលិចលង់ ផ្ទះសម្បែង និង​រង​ផលប៉ះពាល់ ប្រជាពលរដ្ឋ នៅ​មិនទាន់បាន​ធូ​ស្រាល​នៅឡើយ​ទេ ។

ចំណែក​ទឹកស្ទឹង​ក្រវាញ នៅ​ផ្នែក​ខាងលើ បាន​ស្រក​ចុះ​ដល់​ទៅ ១,៥៥ ម៉ែត្រ និង​ទឹកស្ទឹង​វាលវែង ក៍បាន​ស្រក​ចុះ រហូតដល់ ១,៧ ម៉ែត្រ ។ ដោយឡែក ទឹក​បឹង​ទន្លេសាប នៅ​ចំណុច​ស្ថានីយ៍​ជលសា​ស្ត្រ (​កំពង់​លួង​) វិញ ត្រូវគេ​ពិនិត្យឃើញថា មានការ​ហក់​ឡើង រហូត​កម្ពស់ ០,២៩ ម៉ែត្រ នៅថ្ងៃនេះ មាន​កម្ពស់​រហូតដល់​ទៅ ៤,២៦ ម៉ែត្រ ។​

​សូមបញ្ជាក់ថា ស្ថានភាព និង​ទិដ្ឋភាព​ជាក់ស្តែង ដែល​គេ​បាន​មើលឃើញថា ផ្ទៃមេឃ នៅ​មានការ​អាប់អួរ និង​នៅមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​បង្គួរ​នៅឡើយ​។តែបើ​ទោះជា​ស្ថានភាព ទឹកស្ទឹង​ពោធិ៍សាត់ មានការ​ស្រក​ចុះ ក៏ពិតមែន តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ផ្ទះសំបែង ពិសេស​គឺ​ក្មេង​តូចៗ មាតាបិតា អាណាព្យាបាល ត្រូវតែមាន​ការប្រុងប្រយ័ត្ន ទាំងអស់គ្នា និង​សូមកុំ​ទុក​ពួកគាត់​ចោល អោយនៅ​ម្នាក់ឯង។

ក្នុងនោះ​ក៍​ត្រូវតែ​ប្រុងប្រយ័ត្ន រាល់​សត្វ​អាសិរពិស​ទាំងឡាយ ដែល​ពួន​សម្ងំ នៅក្នុង​ផ្ទះ នៅពេល​ទឹកស្ទឹង បាន​ស្រក​ចុះ​បន្តិច ក្នុងនោះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ធ្វើ​អនាម័យ ដោយ​ហូប​ស្អាត រស់នៅ​ស្អាត អនាម័យ​ល្អ ដើម្បី​សុខភាព​យើង ទាំងអស់គ្នា ៕S/