​ដោយៈ ជា សីហៈ /​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ​មួយរូប​បាន​ជំរុញ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​យកចិត្តទុកដាក់ លើ​បញ្ហា​អនាម័យ និង បញ្ហា​ទឹកស្អាត នៅក្នុង​អំឡុង​ពេលដែល​ប្រទេស​កម្ពុជា​ប្រឈមមុខ​នឹង​គ្រោះ​ទឹក ជំនន់ នាពេល​បច្ចុប្បន្ន ។
​លោក ជ្រុ​ន ថេ​រ៉ា​វ៉ា​ត់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែង​នៅក្នុង​ជំនួប​ជា​មួយ​អ្នកសារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែតុលា​ឆ្នាំ ២០២០ ថា កម្ពុជា​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ក្នុងការ​ឈានទៅ​សម្រេច​ឱ្យបាន​លើ​បញ្ហា​ទឹកស្អាត​និង​ការគ្រប់គ្រង​អនាម័យ​ជនបទ​ឱ្យ​គ្រប់​ដណ្ដប់​១០០ ភាគ​រយ​នៅ​ទូទាំងប្រទេស​នៅក្នុង​ឆ្នាំ ២០២៥​ខាងមុខ ប៉ុន្តែ​កត្តា​ពីរ​ដែល​អាចជា​ឧបសគ្គ ឈាន​នៅក្នុង​ការអនុវត្ត​នូវ​គោលដៅ​នេះ​គឺ​បញ្ហា​កូ​វីដ​១៩ ដែល​កំពុងតែ​ប្រឈម នឹង​បញ្ហា​ដែល​បណ្ដាល មកពី​ការប្រែប្រួល​អាកាសធាតុ ដូចដែល​កម្ពុជា​កំពុងតែ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះទឹកជំនន់ ដែល​កំពុងតែ​ជន​លិច​ខេត្ត​និង​រាជធានី​ជាច្រើន​នៅពេល​បច្ចុប្បន្ននេះ ។


លោក​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា កូ​វីដ ១៩ នៅតែ​ជា​បញ្ហា​មិន​ច្បាស់លាស់​មួយ​នៅលើ​សកលលោក​ដែល​កំពុងតែ​ជះឥទ្ធិពល​ជាច្រើន​លើ​ការអភិវឌ្ឍ​និង​ការកំ​ណត់​​គោលដៅ​នៃ​ការអភិវឌ្ឍ​ផ្សេងៗ ដូច្នេះ​វា​គឺជា​បញ្ហា​ប្រឈម​មួយ​របស់​កម្ពុជា​នៅក្នុង​ការ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​លើ​បញ្ហា​អនាម័យ​និង​ទឹកស្អាត​នៅ​ជនបទ​នេះ​​ផងដែរ​។ ដោយឡែក​រឿង​បម្រែបម្រួល​អាកាសធាតុ​ក៏​ជា​បញ្ហា​ជាក់ស្ដែង​មួយ​ដែល​កំពុងតែ​កើតមាន​។​
​លោក​បាន​បន្តទៀតថា បម្រែបម្រួល​អាកាសធាតុ​វា​គឺជា​បញ្ហា​ដែល​គ្មាន​នរណា​អាច​ទស្សន៍ទាយ​បាន​ជាក់ស្ដែង​គ្រោះទឹកជំនន់​ដែល​កំពុងតែ​កើតមាន​វា​គឺជា​ក្តីបារម្ភ​មួយ​នៅក្នុង​ការសម្រេចបាន​នូវ​គោលដៅ​ដែល​កម្ពុជា​បានកំណត់​ដូច្នេះហើយ​លោក​បាន​ជំរុញ​ឲ្យ​សារព័ត៌មាន​ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ជំរុញ​និង​ផ្សព្វផ្សាយ​ក៏ដូច​ជា​អនុវត្ត​នូវ​ផែនការ​អនាម័យ​និង​ការជំរុញ​ការយកចិត្តទុកដាក់​នឹង បញ្ហា​ទឹកស្អាត ហើយ​​រិត​តែ​ត្រូវតែ​យកចិត្តទុកដាក់​ថែមទៀត​នោះ គឺ​នៅក្នុង​អំឡុង​ពេលដែល​ប្រជា​ពលរដ្ឋ​កម្ពុជា កំពុងតែ​ប្រឈម​ជាមួយនឹង​បញ្ហា​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​។​

​នាឱកាស​នោះ​លោក​រដ្ឋលេខាធិការ ក៏បាន​ជំរុញ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​ជាពិសេស​គឺ​ការគ្រប់គ្រង​លាមក​ឲ្យ​បាន​ត្រឹមត្រូវ​ពីព្រោះ​លាមក​គឺជា​ប្រភព​ចម្លង​នូវ​មេរោគ​មួយ​ដ៏​ចំបង ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​គ្រោះទឹកជំនន់​ដូច​ពេល​សព្វថ្ងៃនេះ​។​
​លោក​បាន​បញ្ជាក់ថា លា​មកជា​ប្រភព​នៃ​មេរោគ​ដោយ​នៅក្នុង​លាមក​ដែល​មនុស្ស​ម្នាក់​ម្នាក់​បន្ទោ​សបង​មាន​ទម្ងន់​ប្រហែល ៣00 ក្រាម​ក្នុង​មួយថ្ងៃ ហើយ​នៅ​ក្នុងនោះ​ក្នុងចំ​ណោម​​លាមក ១​ក្រាម​វា ផ្ទុក​ទៅដោយ​មេរោគ​ចំនួន ១0 លាន នៅមាន បាក់តេរី ប៉ារ៉ាស៊ីត ។​ល​។/​R