ផ្សា​ធុងសាំង មិន​ប្រយ័ត្ន បណ្តាល ឱ្យ​ផ្ទុះ បាត់បង់​ជីវិត​ខ្លួនឯង​

98
ចែករម្លែក


​ដោយៈ បូកគោ / កំ​ពតៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ព្រោះតែ​ផ្សា​កាត់​ធុងសាំង មិន​ប្រយ័ត្ន បណ្តាលឱ្យ​ផ្ទុះ​លាន់​ស្នូរ យ៉ាង​កងរំពង ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។​

​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ក្នុង​ហេតុការណ៍​នេះ ឈ្មោះ វ៉ាន់ រ័ត្ន អាយុ ៥៣​ឆ្នាំ ជា​កម្មករ​បម្រើការ ក្នុង​ការដ្ឋាន​បូម​ខ្សាច់ របស់​ឈ្មោះ សួន សុ​វណ្ណា​រ៉េត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល បាន​រៀបរាប់ថាៈ កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៣ តុលា បុរសរងគ្រោះ បាន​ផ្សា​កាត់​ធុងសាំង សម្រាប់​បណ្តែត​ទុយោ​ទឹក ដើម្បី​បូម​ខ្សាច់​។ ព្រោះតែ​មានការ​ធ្វេសប្រហែស ដោយ​មិនបាន​បើក​គម្រប​ធុង ទើប​បង្ក​ឱ្យ​ផ្ទុះឡើង​តែម្តង​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជាមួយនឹង​ស្នូរ​លាន់ឮ ដ៏​ខ្លាំងក្លា​នេះ អ្នកជិតខាង បាននាំគ្នា​រត់​ទៅកាន់​ក​ន្លែ​ង​កើតហេតុ ស្រាប់តែ​ឃើញ​កម្មករ​រូបនោះ បាត់បង់​ជីវិត​ទៅហើយ​។ ចំណុច​ដែល​រង​ការប៉ះពាល់​ខ្លាំង ស្ថិតនៅលើ​ផ្ទៃមុខ​តែម្តង​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម