ដោយៈ គូលែន​/​សៀមរាបៈ បំណែក​បដិមា និង​ថ្ម​ចម្លាក់ ចំនួន ៤១ ដុំ ត្រូវបាន​ព្រះចៅអធិការ វត្ត​ព្រះ​ឥន្ទទេព ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​។ នេះ​បើតាម​ការបញ្ជាក់ អោយដឹងពី​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ នេះ​។


​លោក ឈូក សុ​ម៉ា​ឡា បានអោយដឹងថាៈ ព្រះចៅអធិការ វត្ត​ព្រះ​ឥន្ទទេព ព្រះនាម សែម សំ ពេញ​ព្រះទ័យ ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ថែរក្សា ក្រោយពី​ព្រះអង្គ បាន​ប្រមូល​យកទៅ​រក្សាទុក បណ្តោះអាសន្ន នៅក្នុង​បរិវេណ​វត្ត ដែល​ស្ថិតនៅ​ជ្រុង​អាគ្នេយ៍ នៃ​ប្រាសាទ​បា​យ័ន្ត​។

​លោក​បាន​បន្តថាៈ ទាក់ទង​នឹង​ការរក្សា​វត្ថុ​បុរាណ នេះ​ទុក បើតាម​ព្រះចៅអធិការ សែម សំ មាន​សង្ឃដីកា​ថាៈ ដើមឡើយ បំណែក​ចម្លាក់​ទាំង ៤១ ដុំ​នេះ ស្ថិតនៅ​រាយប៉ាយ ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទទេព ហើយ​ខ្លះទៀត នៅ​ផ្នែក​ខាងក្រោយ នៃ​ខឿន​ព្រះអង្គ​ទេព​។ ដូច្នេះ​ដើម្បី​ឱ្យមាន​សុវត្ថិភាព ព្រះអង្គ ក៏បាន​ប្រមូលយក មក​រក្សាទុក នៅក្នុង​រោង​ផ្នែក​ខាងត្បូង​វត្ត ការពារ​ការបាត់បង់ និង​ខូចខាត ដោយ​ប្រការ​ផ្សេងៗ​។

​លោក​បាន​បញ្ជាក់ថាៈ ក្នុងចំណោម​ចម្លាក់​ទាំងនេះ មាន​មួយចំនួនធំ ជា​ព្រះ​ពុទ្ធបដិមា ដែល​នៅសល់តែ​ព្រះ​ភ្នែន និង​ប​ល្ល័​ង្គ​ផ្កាឈូក ឯ​ខ្លះទៀត ឃើញ​មាន​ត្រឹម​ព្រះបាទ ទ្រង់​ឈរលើ​ជើង​ទម្រ​ប៉ុណ្ណោះ​។ តាម​ការ​ពិនិត្យឃើញថា ព្រះពុទ្ធ​បដិមា​ទាំងនេះ មាន​ខ្លះ ស្ថិតនៅក្នុង​រចនាបថ​បា​យ័ន្ត ប្រហែល​នា​ចុង​សតវត្សរ៍​ទី​១២ ទៅ​ដើម​សតវត្សរ៍​ទី ១៣ និង​ខ្លះទៀត ស្ថិតនៅក្នុង​រចនាបថ សម័យ​កណ្តាល ប្រហែលជា នៅ​សតវត្សរ៍​ទី​១៥ ឬ​ទី​១៦​។

​លោក​បាន​បន្តទៀតថាៈ ក្រុម​សមត្ថកិច្ច ការពារ​បេតិកភណ្ឌ​តំបន់​អង្គរ ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​អាជ្ញាធរ​អប្សរា បាន​ចុះទៅ​ទទួល​បំណែក បដិមា​ខាងលើ មក​រក្សាទុក នៅ​ការិយាល័យ នាយកដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើ​ការងារ​ចុះបញ្ជី ថតរូប និង​ពិពណ៌នា ទុកជា​ឯកសារ សម្រាប់ធ្វើ​ការជួសជុល នៅ​ថ្ងៃក្រោយ​៕S/

​រូបភាព​: បំណែក​បដិមា​ចំនួន​៤១​ដុំ ត្រូវបាន​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ្រ​ទេព​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សាទុក​៕​អប្សរា​