ដោយៈ ពៅ​និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់ នៃ​កម្ពុជា បានឱ្យដឹងថាៈ នៅ​ឆ្នាំនេះ រដ្ឋាភិបាល បាន​ត្រៀម​ពូជស្រូវ ប្រមាណ ២ ពាន់​តោន និង​ពូជ​ដំណាំ​បន្លែ ជាច្រើន​តោន​ផ្សេងទៀត សម្រាប់​បម្រុង​ទុក​ធ្វើ​អន្តរាគមន៍ ជួយ​ដល់​ប្រជាកសិករ ក្នុងករណី​គ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត និង​គ្រោះទឹកជំនន់​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថាៈ គិត​មកទល់ពេលនេះ ដំណាំ​ខូចខាត ដោយសារ​ទឹកជំនន់ នៅ​មិនទាន់​អាច​វាយតម្លៃ​បានទេ ក្នុងដំណាក់កាល​នេះ ព្រោះថា ការងារ​បន្ទាន់ គឺ​ត្រូវ​ជួយ​ប្រជាជន និង​សត្វពាហនៈ ឱ្យចេញ​ផុតពី​តំបន់​រងគ្រោះ ជាមុនសិន​។

លោក វេ​ង សាខុន បានប្រគល់ពូជឫស្សី ជូនដល់ពលរដ្ឋសហគមន៍ នាពេលកន្លងទៅ ថ្មីៗនេះ

​លោក​បាន​បន្តថាៈ ” សំខាន់បំផុត យើង​ដោះស្រាយ ជា​ប្រព័ន្ធ​សិន ទៅលើ​បញ្ហា​សុវត្ថិភាព ក៏ដូចជា មនុស្ស ដែល​ក្រុមការងារ ដូចជា​គ្រប់គ្រង​គ្រោះ មហន្តរាយ និង​គណៈ​ប្រជា​ការឯកភាព​ខេត្ត គឺ​បាននិងកំពុង​ចាត់ចែង​ឱ្យ​ហើយ សំខាន់បំផុត ជំហាន​បឋម​គឺ បញ្ហា​គោ ក្របី សត្វ​ធាតុ យើង​ធ្វើ​ម៉េច​ឱ្យមាន​សុវត្ថិភាព ក្នុងការ​ចៀសផុត ពី​រោគា​ចង្រៃ សំខាន់បំផុត ឥឡូវនេះ ក្រសួង​បាន​ត្រៀម គឺ​ពូជស្រូវ​ក្នុង​មួយឆ្នាំៗ មានការ​ឧបត្ថម្ភ​គាំទ្រ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការ​ត្រៀម​រៀបចំ​ពូជស្រូវ ព្រោះ​យើង​ដឹងថា មួយឆ្នាំៗ ឥទ្ធិពល​រាំងស្ងួត នៃ​ទឹកជំនន់ ១០ ភាគរយ ដែល​អាច​ប៉ះពាល់ ដូច្នេះ​យើង​បាន​ត្រៀម​ឆ្នាំនេះ ប្រមាណ ២ ពាន់​តោន ដែល​យើង​បាន​ប្រើប្រាស់ ប្រមាណ ២០០ តោន​ហើយ ឥឡូវ នៅសល់​ប្រមាណ ១.៨០០ តោន​ទៀត ក្នុង​ស្តុក អីចឹង​នៅពេល ដែល​ខូចខាត យើង​នឹង​បញ្ចេញ​ទៅដល់​ប្រជាជន​យើង តាមរយៈ​ការស្នើសុំ​របស់​គណៈកម្មកា​រ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​។ ដោយឡែក ពូជ​ដំណាំ​បន្លែ ក៏​យើង​មាន​ក្នុង​ស្តុក ប្រមាណ​ជាង ១៦ តោន​ផងដែរ ដើម្បី​ជួយ​អន្តរាគមន៍ លើ​ការងារ​នេះ​ “។​

​ទាក់ទង​បញ្ហា​នេះ លោក គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានលើកឡើង ក្នុង​បណ្តាញ​សង្គម​ថាៈ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ នៅតែ​បន្តធ្វើ​ឲ្យ​កម្ពុជា ជួប​បញ្ហា​គ្រោះទឹកជំនន់ ដែល​បណ្តាល​ឲ្យ​មាន ផលប៉ះពាល់​ជាខ្លាំង ដល់​វិស័យ​កសិកម្ម ដោយ​គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា នេះ ដំណាំ​កសិកម្ម​របស់ ប្រជាកសិករ​ជាង ១២ ម៉ឺន​ហិកតា ត្រូវបាន​ខូ​ត​ខាត​៕​/V