កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នៃ​គណៈអចិន្ត្រៃយ៍​CAMSOC​ផ្តោត​សំខាន់​លើ​ពិធី​បើក​-​បិទ​និង​ការរត់​ភ្លើង​គុប ស៊ី​ហ្គេម​២០២៣

253
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​លើ​របៀបវារៈ​សំខាន់ៗ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ដើម្បី​ត្រៀម​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​នេះ​បើតាម​មន្ត្រី​ក្រសួងទេសចរណ៍​ប្រាប់អោយដឹង​នៅថ្ងៃនេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​ថ្ងៃនេះ​ផ្តោត​សំខាន់​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ គឺ​បន្ត​ពិភាក្សា និង​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព​គណៈកម្មការ​ពិធី​បើក​-​ពិធី​បិទ ស៊ី​ហ្គេម ២០២៣ និង​ការត្រៀម​រៀបចំ​ការរត់​ភ្លើង​គុប​។​

​របៀបវារៈ​ទី​១​ត្រូវបាន​លោក​អគ្គលេខាធិការ វ៉ា​ត់ ចំរើន បញ្ជាក់ថា សម្រាប់​ការរៀបចំ​ពិធី​បើក​-​បិទ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ យើង​មាន​គណៈកម្មការ​ជំនាញ​របស់ខ្លួន ដោយមាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​អ្នកជំនាញ ដែលមាន​ព្រឹទ្ធាចារ្យ រដ្ឋលេខាធិការ ដែលជា​ក្រុមការងារ​ពិសេស​ជួយ​ជ្រោមជ្រែង​រៀបចំ​ពិធី​បើក​បិទ​នេះ​ដោយ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​គាំទ្រ និង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការរៀប​ចំនេះ​។

​យើង​ឃើញថា ការរៀបចំ​ជា​កម្លាំង​នេះ​មាន​លទ្ធផល​ល្អ ហើយ​ការបញ្ជាក់​បន្ថែម​របស់​លោក​បណ្ឌិត ថោង ខុន ប្រធាន​អង្គប្រជុំ បានដាក់​ចេញ​ឲ្យ​ដំណើរការ​នាពេលខាងមុខ​ឆាប់ៗ​នេះ ដោយ​ឲ្យ​ធ្វើការ​ឲ្យ​បាន​រួចរាល់​នៅក្នុង​កិច្ចសហការ​ប្រឹក្សា​យោបល់​ពី​ភាគី​ចិន​ជាមួយ​ខាង​ជំនាញ​វប្បធម៌​កម្ពុជា​។ លោក​អគ្គលេខាធិការ​បន្ថែម​ថា ព្រឹទ្ធាចារ្យ​វប្បធម៌​ជា​អ្នករៀបចំ និង​បង្ហាញ​នូវ​របៀបរបប​នៃ​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន និង​រំលេច​ចេញមក​ដល់​នយោបាយ​ឈ្នះៗ ដែលជា​សម័យ​រុងរឿង​សម័យ​តេ​ជោ​របស់​យើង​។

លោក ថោងខុន


​ពិធី​បើក​-​បិទ​នេះ គឺ​យើង​ត្រូវធ្វើ​យ៉ាងណា ឲ្យ​មានការ​ទទួលខុសត្រូវ ការ​ប្រទាក់ក្រឡា​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដោយ​លោក​បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់​ឲ្យ​យើង​កំណត់​ឲ្យ​ហើយ​ថា តើ​យើង​ត្រូវ​ប្រមែប្រមូល​ធនធានមនុស្ស​មកពី​ស្ថាប័ន​ណាខ្លះ ដើម្បី​ត្រៀម​ឲ្យ​ពិធី​បើក​-​បិទ​នេះ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដូច្នេះ​ពិធី​បើក​-​បិទ​នេះ ត្រូវការ​ទាំង​អ្នកជំនាញ ត្រូវការ​ធនធានមនុស្ស​សម្រាប់​ការហ្វឹកហាត់​ត្រៀម​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ​រហូតដល់​ឆ្នាំ​២០២៣​តែម្តង​។

សម្រាប់​សមាសភាព​ចូលរួម​សម្តែង​ក្នុង​ពិធី​បើក​-​បិទ​នេះ គឺមាន​ខាង​កងយោធពល​ខេមរភូមិន្ទ ដែល​ចាំបាច់​ត្រូវមាន​ចំនួន​ដ៏​ច្រើន រួមទាំង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកជំនាញ ព្រមទាំង​ត្រូវការ​សមាសភាព​ធនធាន​មួយចំនួនទៀត​ពី​ក្នុងចំណោម​យុវជន ដែលជា​សិស្ស​និស្សិត​របស់​យើង​។ ការបង្ហាញ​នៅក្នុង​ពិធី​បើក​-​បិទ​នេះ គឺ​យើង​ត្រូវ​សង្កត់ធ្ងន់​ទៅលើ​ការបង្ហាញ​ពី​មូលដ្ឋានគ្រឹះ ភាព​អស្ចារ្យ​នៃ​អរិយធម៌ វប្បធម៌​របស់​យើង ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​រៀបចំ​នូវ​ភាព​លម្អិត ដើម្បី​បង្ហាញ​ចេញ​នូវ​ភាព «​ឯក​» នៅក្នុង​វប្បធម៌​ខ្មែរ​។

«​នៅក្នុង​ពិធី​បើក​-​បិទ​នេះ យើង​បានរៀបចំ​ជា​គ្រោង​រួចរាល់​អស់ហើយៗ​មាន​ប្រក្រតីទិន​ពិធី​បើក​-​បិទ​រួច​ដែរ ហើយ​នៅថ្ងៃនេះ​យើង​បាន​ចុះហត្ថលេខា​លើ​ប្រក្រតីទិន​ការងារ​នៃ​ពិធី​បើក​-​បិទ ដែល​យើង​បានផ្តល់​ជូន​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដើម្បី​សម្រេច​ចុងក្រោយ ដែល​ប្រក្រតីទិន​នេះ​មាន​តាម​លំដាប់លំដោយ ប្រយោជន៍​ផ្តល់​ភាពងាយស្រួល ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​នូវ​វឌ្ឍនភាព​ការងារ​ជា​បន្តបន្ទាប់​»​។​

​ចំពោះ​របៀបវារៈ​ទី​២ ដែល​ផ្តោត​សំខាន់​លើ​ការរត់​ភ្លើង​គុប ស៊ី​ហ្គេម ឆ្នាំ​២០២៣​នេះ ក៏​យើង​បានកំណត់​នូវ​ពេលវេលា​ច្បាស់លាស់​រួចរាល់​ហើយ​ដែរ ហើយ​នៅ​សប្តាហ៍​ក្រោយៗ​ទៀត យើង​នឹង​លម្អិត​នូវ​កម្មវិធី​រត់​ភ្លើង​គុប​នេះ ដែល​ត្រូវ​ប្រារព្ធ​ពិធី​សុំ​ភ្លើង​គុប​ពី​ព្រះអាទិទេព រួចហើយ​ត្រូវ​រត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចេញទៅ​បណ្តា​ប្រទេស​ទាំង​១០​ផ្សេងទៀត ដែលជា​សមាជិក​អាស៊ីអាគ្នេយ៍ ហើយ​រត់​ចូលមក​កម្ពុជា​វិញ រហូតដល់​ពិធី​បើកផ្លូវ​ការ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់ជូន​បន្ថែម​របស់​ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម