ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ នារីម្នាក់ បានបើកម៉ូតូ មកពីធ្វើការវិញ ធ្លាក់ចូលស្រះទឹក នៅតាមផ្លូវ បាត់មួយយប់ លុះព្រឹកឡើង ទើបឃើញអណ្តែត ក្នុងស្រះទឹក ស្ថិតនៅក្នុងភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ច បានឲ្យដឹងថាៈ នារីរងគ្រោះ ឈ្មោះ ចេននី ពាលី អាយុ២០ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ រស់នៅភូមិត្រពាំងវែង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នារីរងគ្រោះ បានបើកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរី ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q1377
ជិះមកពីធ្វើការវិញ កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី១២ តុលា ដល់ចំណុចខាងលើ បានធ្លាក់ផ្លូវ ចូលក្នុងស្រះទឹក នៅក្នុងភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី បណ្ដាលឱ្យលង់ទឹក រហូតដល់ព្រឹកឡើង ទើបអណ្តែត ស្លាប់បាត់ទៅហើយ ។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យ សពនារីរងគ្រោះ ដោយមានការចូលរួមពី អាជ្ញាធរភូមិ ឃុំ និងក្រុមគ្រួសារនារីរងគ្រោះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា
នារីរងគ្រោះ ពិតជាបានស្លាប់ ដោយសារលង់ទឹក ពិតប្រាកដមែន មិនមែនជាអំពើឃាតកម្មនោះទេ។ សពនារីរងគ្រោះ ត្រូវបានមន្ត្រីជំនាញ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕S/