ដោយៈតាកែវ / តាកែវៈ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តតាកែវ រួមសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាល បានចុះពិនិត្យលើគ្រឿងឧបភោគ បរិភោគមួយចំនួន នៅក្នុងផ្សារ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយក្នុងការចុះពិនិត្យនោះ មន្ត្រីជំនាញ ក.ប.ប បានធ្វើតេស្តបឋម លើទំនិញ ពពុះសណ្តែក រកឃើញថា មានផ្ទុកសាធាតុគីមី បូរ៉ាក់ ដែលអាចប៉ះពាល់សុខភាព អ្នកបរិភោគធ្ងន់ធ្ងរ នៅពេលមុខទំនិញ ប្រភេទ ពពុះសណ្តែក ប្រភេទនេះ កំពុងមានតម្រូវការខ្ពស់ យកទៅធ្វើម្ហូបអាហារ ជាពិសេសគឺដាក់ក្នុងស៊ុប។
ជុំវិញការរកឃើញប្រភេទទំនិញ ពពុះសណ្តែកនេះ លោក លី សេរីសម្បត្តិ ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានអោយដឹងថាៈ ពពុះសណ្តែកនេះ គឺមន្ត្រីជំនាញយើង បានធ្វើតេស្តរកឃើញថា មានផ្ទុកនូវសាធាតុគីមីបូរ៉ាក់ ដែលជាហេតុធ្វើអោយ ប៉ះពាល់សុខភាពរបស់ អ្នកបរិភោគធ្ងន់ធ្ងរ ដូច្នេះមន្ត្រីជំនាញ សម្រេចដកហូតពពុះសណ្តែក ដែលដាក់តាំងលក់ នៅតូបលក់ចាប់ហ៊ួយ ក្នុងផ្សារអង្គតាសោម ក្នុងនោះ ដកហូតបានទំនិញ ពពុះសណ្តែក ជិត ១០ គីឡូក្រាម ដើម្បីយកមកកំទេចចោល ។
ក្នុងនោះដែរ លោកប្រធានសាខា ក.ប.ប ខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករលក់ដូរ ក្នុងផ្សារទាំងអស់ មេត្តាលក់ដូរ នូវទំនិញ បន្លែ ផ្លែឈើ ណាដែលមានគុណភាព មិនហួសកាលបរិច្ឆេទ និងមិនមានផ្ទុកសារធាតុគីមី ដើម្បីសុខមាលភាពរបស់ ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ទាំងអស់គ្នា ៕/V