ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅថ្ងៃទី១៤ ខែតុលា ស្អែកនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ នឹងបញ្ជូនកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ទៅខេត្តបន្ទាយមានជ័យ ដើម្បីជួយការពារ និងដឹកជញ្ជូនជម្លៀសទណ្ឌិត និងពិរុទ្ធជន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ទៅដាក់នៅពន្ធនាគារ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
អ្នកទោស នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានចំនួនជាង ១.៦០០ នាក់ ត្រូវបានជម្លៀស ទៅកាន់ពន្ធនាគារខេត្តផ្សេងៗ ។ ការជម្លៀសនេះ គឺដោយសារទទួលរង ការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ដែលបានវាយបំបាក់ជញ្ជាំង ពន្ធនាគារ ប្រមាណ ១០០ ម៉ែត្រ ធ្វើឱ្យទឹកហូរ បុកចូលពន្ធនាគារ យ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថាៈ ” ទណ្ឌិត និងពិរុទ្ធជន ដែលនៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានចំនួន ១.៦១១ នាក់ ហើយនៅថ្ងៃទី១៣ តុលា នេះ យើងជម្លៀសបានជាស្ថាពរ ចំនួន ៨១១ នាក់ ទៅពន្ធនាគារខេត្តសៀមរាប។ ហើយនៅថ្ងៃទី១៤ តុលា យើងនឹងជម្លៀសបន្តទៀត ទៅពន្ធនាគារ ខេត្តឧត្តរមានជ័យ ចំនួន ២០០ នាក់ ទៅកំពង់ធំ ចំនួន ២០០ នាក់ និងទៅត្បូងឃ្មុំ ចំនួន ៤០០ នាក់។ ដោយការជម្លៀសនេះ គឺប្រើកម្លាំងខេត្តបន្ទាយមានជ័យ សហការជាមួយខេត្តពាក់ព័ន្ធ។ នៅថ្ងៃស្អែក (១៤ តុលា) យើងនឹងប្រើប្រាស់កម្លាំង អន្តរាគមន៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ទៅជួយគាំទ្រតែម្តង ” ។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នាល្ងាច ថ្ងៃទី១៣ តុលា ដែរថាៈ ពាក់ព័ន្ធស្ថានភាព នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែលជន់លិច ដោយជំនន់ទឹកភ្លៀង គឺបានជម្លៀស ទៅកាន់ពន្ធនាគារ ខេត្តសៀមរាប ចំនួនជាង ៨០០ នាក់ នឹងបញ្ជូនទៅពន្ធនាគារ ខេត្តកំពង់ធំ ចំនួន ២០០ នាក់ ហើយនៅសល់ប៉ុន្មានទៀត គឺនឹងបញ្ជូនទៅ ពន្ធនាគារខេត្តផ្សេងទៀត គឺទៅតាមគោលដៅ ដែលថ្នាក់ដឹកនាំ បានកំណត់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

សូមជម្រាបថា ពន្ធនាគារខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានទទួលរង ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ដែលបាន វាយបំបាក់ជញ្ជាំងពន្ធនាគារ ប្រមាណ ១០០ ម៉ែត្រ ធ្វើឱ្យទឹកហូរ បុកចូលពន្ធនាគារ យ៉ាងខ្លាំង ។
មន្ដ្រីពន្ធនាគារ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានបញ្ហានេះ កើតឡើង អ្នកទោស ដែលកំពុងជាប់ឃុំឃាំង ជាង ៨០០ នាក់ ត្រូវបានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ដឹកជម្លៀស ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្ដសៀមរាប និងខេត្តបាត់ដំបង។ បើតាមមន្ដ្រីពន្ធនាគារ ជាជំហានដំបូង អ្នកទោសស្រី និងកុមារ ត្រូវបានជម្លៀសមុនគេ បន្ទាប់មក នឹងជម្លៀសអ្នកទោស តាមក្រោយ៕/V


