ដោយៈ មេសា​/ភ្នំពេញៈ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ប្រាប់​ទៅ​ស្ថាប័ន​ដែល​ធ្វើការ​ជាមួយ​កុមា​រថា “ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​មណ្ឌល​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​ទទួលបាន​វិញ្ញាបនបត្រ​ពី​ក្រសួង​សង្គមកិច្ច ហើយ មេត្តា​យកទៅអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀង និង បង្កើន​គុណភាព​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត កុំ​បន្ធូរបន្ថយ​ឡើយ ព្រោះ​អំណឹះតទៅ ក្រសួង​សង្គមកិច្ច នឹង​កាន់តែ​ពង្រឹង​គុណ​ជា​បន្តបន្ទាប់​ទៀត ហើយក៏​ត្រូវ​រក្សា​ឱ្យបាន​នូវ​សាម​គី្គ​ភាព ចៀសវាង​ឱ្យបាន​នូវ​ទំនាស់​ទាស់ទែង​គ្នា​ដោយ​ប្រការ​ណាមួយ នាំឱ្យមាន​អំពល់​ដល់​អ្នកពាក់ព័ន្ធ ជាពិសេស ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ក្នុងបន្ទុក​របស់ខ្លួន “ ។​

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ថ្លែង​ទៅកាន់​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ​ចំនួន ១២ នៃ អង្គការ​ចំនួន ៩ ( រូបៈ មេសា )


​លោក តូច ចាន់នី ថ្លែង​ផ្តាំផ្ញើ​បែបនេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ ចំនួន ១២ នៃ អង្គការ​ចំនួន ៩ នៅឯ​ក្រសួង​សង្គមកិច្ច នា​រសៀល​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ ។​


​លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ ក្រសួង​សង្គមកិច្ច បានឱ្យដឹងថា តាមរយៈ​វិញ្ញាបនបត្រ ឬ តាមរយៈ​ការទទួលស្គាល់​ដែលមាន​សុពលភាព​រយៈពេល ០៣ ឆ្នាំនេះ មាន​ទឹកប្រាក់​ប្រមាណ​ជា ០៤ លាន និង ០២ សែន ដុល្លារ អាមេរិក សម្រាប់​ធ្វើការ​លើ​វិស័យ​កុមារ នៅ កម្ពុជា ។​

លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ ក្រសួង​សង្គមកិច្ច រាយការណ៍​សង្ខេប​ជូន​អង្គពិធី ( រូបៈ មេសា )


​លោក តូច ចាន់នី បាន​បន្ថែមថា ការណ៍​ដែល​លោក​លើកឡើង​ខាងលើនេះ មិនមែន​មានន័យថា ក្រសួង​សង្គមកិច្ច កំពុង​រឹតត្បិត ឬ ដាក់​សម្ពាធ​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល ឬ មណ្ឌល​ថែទាំ​កុមារ​ទាំងឡាយ​ឡើយ និយាយ​ដោយឡែក ហើយ​បើ​និយាយ​ជារួម​គឺ អង្គការ​ស្ថាប័ន​ជាតិ អន្តរជាតិ​ទាំងអស់​តែម្តង ព្រោះ​ក្រសួង​សង្គមកិច្ច ពិតជា​ត្រូវការ​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​ខ្លាំងណាស់ ដោយសារ​ការងារ​វិស័យ​សង្គមកិច្ច មាន​វិសាលភាព​ធំធេង​ណាស់ ក្រសួង​ពិតជា​មិន​អាចធ្វើ​ម្នាក់ឯង​គ្រប់​ជ្រុងជ្រោយ​ឡើយ ។

ប៉ុន្តែ​អ្វីដែល​ក្រសួង​សង្គមកិច្ច​ធ្វើបែបនេះ គឺ ដើម្បី គុណភាព​ការងារ ស្របទៅតាម​គោលការណ៍​នានា​ដែលមាន​ស្រាប់ ហើយ​គឺជា​គោលការណ៍​ដែល​បាន​តាក់តែងឡើង ដោយមាន​ការចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​ដែរ គឺ​មិនមែន​ធ្វើឡើង​ដោយ​ក្រសួង​សង្គមកិច្ច​តែម្នាក់ឯង​ឡើយ ហើយ​បើ​និយាយ​ជារួម គឺ ដើម្បី ឧ​ត្ត​ម​ប្រយោជន៍​កុមារ កម្ពុជា តែម្តង ។​


​ជាការ​កត់សម្គាល់ នៅក្នុង​ឆ្នាំ ២០២០ នេះ ក្រសួង​សង្គមកិច្ច បាន​ប្រមែប្រមូល​កៀគរ​ធនធាន​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង អន្តរជាតិ បាន​ប្រមាណ​ជា ១៥០ ស្ថាប័ន ដោយមាន​ថវិកា​ប្រមាណ​ជា ៨០ លាន ដុល្លារ អាមេរិក សម្រាប់​ធ្វើការ​លើ​វិស័យ​សង្គមកិច្ច​រយៈពេល ០១ ឆ្នាំ ទៅ ០៣ ឆ្នាំ ដែល​ក្នុងនោះ ត្រូវបាន​គេ​មើលឃើញថា លោក តូច ចាន់នី គឺជា​មនុស្ស​ដ៏​សកម្ម​ម្នាក់ ក្នុងការ​សម្របសម្រួល ដើម្បី ឱ្យ​ស្ថាប័ន​ដៃគូ​ទាំងនោះ អាចបំពេញ​លក្ខន្តិកៈ​ដែល​តម្រូវឱ្យមាន ។​


​ទោះយ៉ាងណា ក៏ត្រូវ​បានកត់សម្គាល់​ផងដែរ​ថា ជា​បន្តបន្ទាប់ លោក តូច ចាន់នី ក៏​មិន​បណ្តែតបណ្តោយ​ឱ្យ​ស្ថាប័ន​ទាំងនោះ ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត​ដែរ គឺ​លោក​តែងតែមាន​យន្តការ​តាមដាន​ត្រួតពិនិត្យ ដើម្បី ឱ្យ​ប្រាកដថា ស្ថាប័ន​ទាំងនោះ បាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចសន្យា ( អនុស្សារណៈ នៃ ការយោគយល់​គ្នា ឬ MOU ) ដែរ ឬ អត់ ហើយ​លោក តូច ចាន់នី ក៏​តែងតែ​ប្រាប់​ទៅ​ស្ថាប័ន​ទាំងនោះ​ថា ប្រសិនបើ ពួកគេ មិន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀងគ្នា​នោះទេ ក្រសួង​សង្គមកិច្ច ក៏​អាច​នឹង​ដក​សេចក្តីទុកចិត្ត ( MOU ) នោះ​មកវិញ​នៅពេលណា​ក៏បាន ។​


​មិនមែន​តែម្តង ឬ ពីរដង ទេ គឺជា​ហូរហែ លោក តូច ចាន់នី ក៏បាន​ក្រើន​រំឭកថា អ្នក​ដែល​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀង និង ត្រូវធ្វើ​ការឱ្យ​មានគុណ​ភាព ប្រកបដោយ​ទំនួល​ខុសត្រូវ ចៀសវាង​ឱ្យបាន​នូវ​ការប្រព្រឹត្ត​មិន​សុចរិត​នោះ មិនមែន​តែ​បុគ្គលិក នៃ ស្ថាប័ន​ជា​ដៃគូ​ទាំង​នោះទេ ប៉ុន្តែ​មន្ត្រីក្រោមឱវាទ នៃ ក្រសួង​សង្គមកិច្ច នៅតាម​វិស័យ​នីមួយៗ ក៏ត្រូវ​តែ​ធ្វើ​ដូចគ្នា​នោះដែរ ៕Kh

ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ​ចំនួន ១២ នៃ អង្គការ​ចំនួន ៩ ( រូបៈ មេសា )