ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសឲ្យប្រជាពលរដ្ឋក្នុងនៅឃុំចំនួន៤នៃស្រុកភ្នំស្រួច ត្រូវប្រុងប្រយ័ត្ន បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនក្នុងភូមិសាស្ត្រជួរភ្នំគីរីរម្យ ហើយបានបាក់ទំនប់ទឹកត្រង់ចំណុចចម្ការតែ ខាងលើខ្នងភ្នំគីរីរម្យស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច កាលពីល្ងាចថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០។
ក្នុងលិខិតរបស់រដ្ឋបាលសាលាខេត្តកំពង់ស្ពឺថ្ងៃទី១៣ខែតុលា បានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រផ្នែកខាងក្រោមខាងភ្នំគីរីរម្យចំនួន៤ឃុំនិងតាមបណ្តោយដងស្ទឹងព្រែកត្នោត មេត្តាត្រៀមបង្ការនិងត្រូវប្រុងប្រយ័ត្នខ្ពស់។
ឃុំទាំង៤ដែលត្រូវប្រុងប្រយ័ត្ននោះរួមមានឃុំចំបក់,ឃុំត្រាំងសំរោង,ឃុំតាំងស្យានិងឃុំមហាសាំង ដែលមានផ្ទៃដីជាប់គ្នានិងស្របតាមមាត់ស្ទឹងស្រែខុង ។ចំនួនទឹកដែលបានហូរច្រោះទំនប់ទឹកចម្ការតែរហូតដល់បាក់នេះមានចំនួនប្រមាណជាង៥លានម៉ែត្រគុប។
អាជ្ញាខេត្តកំពង់ស្ពឺបានត្រៀមរួចជាស្រេចដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខណៈដែលមានទឹកជំនន់កើតឡើង៕សរន/Ha