វិស័យឯកជនរំពឹង FTA កម្ពុជា-ចិន និង FTA កម្ពុជា-កូរ៉េ នឹងលើកកម្ពស់ការវិនិយោគនៅកម្ពុជា

200
ចែករម្លែក


ដោយ: ពៅនិមល/ភ្នំពេញ:
វិស័យឯកជនធំៗចំនួនពីរនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃខាងមុខកម្ពុជានឹងអាចទាក់ទាញវិនិយោគិន ពីបណ្តាប្រទេសផ្សេងៗថែមទៀតឱ្យចូលមកបណ្តាក់ទុន ខណៈដែលកម្ពុជាបាន បញ្ចប់ជាផ្លូវការនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយភាគីចិន និងកូរ៉េខាងត្បូង។


លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម តាមរយ:កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ បានសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ លោកបន្តថា ការងារនេះយើងចង់បានណាស់ជាមួយមហាប្រទេសសេដ្ឋកិច្ចពិភពលោកទី២ (ចិន) ហើយមិនមែនតែប្រទេសណាចេះតែទទួលបានទេ ជាក់ស្តែងដូចជាប្រទេស ក្នុងតំបន់អាស៊ាន ហើយកម្ពុជាយើងគឺជាភ័ព្វសំណាងហើយដែលថ្នាក់ដឹកនាំប្រទេស ទាំងពីរមានភាពជិតស្និទ្ធ។ ទាក់ទងកិច្ច FTA កម្ពុជា-កូរ៉េ លោកបានបញ្ជាក់ថា នេះជាការល្អណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលរដ្ឋាភិបាលបានចាប់យក ព្រោះថានៅថ្ងៃខាងមុខ មិនថាតែក្រុមហ៊ុនកូរ៉េទេ គឺមានក្រុមហ៊ុនមកពីប្រទេសផ្សេងៗ ដទៃទៀតនឹងមកបណ្តាក់ទុននៅកម្ពុជា ដែលជាឱកាសមាស និងល្អបំផុតសម្រាប់ កម្ពុជា។


លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា តាមរយ:កិច្ចព្រមព្រៀងទាំងពីរខាងលើនេះ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវ សក្តានុពលការនាំចេញ ពិសេសស្រូវអង្ករកម្ពុជា ដែលផ្តោតលើអង្ករដែលមាន លក្ខណៈពិសេសដូចជា អង្ករសរីរាង្គ និងអង្ករសំរូបជាដើម។ លោកបន្តថា នៅពេលដែលកម្ពុជាទទួលបាន បណ្តាប្រទេសអាស៊ានដែលនាំចេញទៅចិនបង់ពន្ធ គេអាចនឹងមកវិនិយោគនៅកម្ពុជា ជាពិសេសសង្រ្គាមពាណិជ្ជកម្មអាម៉េរិក កំពុងកើតឡើងទៀត ដូច្នេះក្រុមហ៊ុនជាច្រើនរបស់អាម៉េរិកនឹងអាចសម្លឹងឃើញ ប្រទេសកម្ពុជាដើម្បីបោះទីតាំងរោងចក្រផលិតដើម្បីនាំចេញ ស្ទើរតែគ្រប់វិស័យ ពេលដែលក្រុមហ៊ុនវិនិយោគចូលមក ទាំងដីធ្លីក៏ឡើងថ្លៃទាំងអស់ ព្រោះគេត្រូវការ​ទីតាំងរោងចក្រ គេត្រូវការការិយាល័យ និងត្រូវការអគារស្នាក់នៅជាដើម ពោលគឺគ្រប់វិស័យ។


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ បន្ទាប់ពីចុះហត្ថលេខារួច​ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជារំពឹងថាការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើង។ ដោយឡែក សម្រាប់ FTA កម្ពុជា-កូរ៉េ ជាលទ្ធផលការចរចាផ្ដោតទៅលើការបើកច្រកទីផ្សារ និងអត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូកស្ដីពី៖​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្មផ្នែកទំនិញ, វិធានប្រភពដើមទំនិញ, វិធានជាក់លាក់សម្រាប់ផលិតផល, បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន។ ការចរចាលើជំពូកនីមួយៗ បានទទួលលទ្ធផលផ្សេងៗគ្នា ក្នុងនោះជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង វិធានជាក់លាក់សម្រាប់​ផលិតផល ត្រូវបានបញ្ចប់ទាំងស្រុង៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម