ប៉ូលិសនៅប្រទេសថៃ បានចាប់ខ្លួនសកម្មជននយោបាយជាច្រើននាក់ដែលបានគ្រោងបោះជំរំតវ៉ានៅឯកន្លែងជួបជុំតវ៉ាដែលគ្រោងធ្វើនៅថ្ងៃពុធទី១៤ខែតុលានេះ។
កន្លែងប្រមូលផ្តុំតវ៉ានេះគឺស្ថិតនៅតាមផ្លូវដែលស្តេចថៃត្រូវបានរំពឹងថានឹងធ្វើដំណើរសម្រាប់ព្រះរាជពិធីបុណ្យមួយ ។

អ្នកប្រឆាំងតវ៉ា ជះទឹកថ្នាំដាក់ប៉ូលិសក្នុងអំឡុងពេលប្រវាយប្រតប់គ្នានៅវិមានប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ
ការចាប់ខ្លួននៅថ្ងៃអង្គារនោះបានកើតឡើងបន្ទាប់ពីប៉ូលិសចាប់ផ្តើមរុះរើបំផ្លាញជំរំតង់ដែលបានបង្កើតឡើងដោយក្រុមបាតុករដែលបានធ្វើដំណើរមកកាន់រដ្ឋធានីពីតំបន់ភាគឦសាននៃប្រទេសថៃ។
ក្រុមអ្នកតវ៉ាបានតតាំងនិងរុញច្រានប្រឆាំងប៉ូលិសដោយបង្កឱ្យមានជម្លោះវាយតប់ និងអ្នកប្រឆាំងតវ៉ាថែមទាំងជះទឹកថ្នាំដាក់ប៉ូលិសថែមទៀត។
ប៉ូលិសបាននិយាយថា ដំបូងពួកគេបានស្នើឱ្យក្រុមអ្នកតវ៉ារុះរើជំរំតង់ចេញ ប៉ុន្តែត្រូវបានបដិសេធ។
ការតវ៉ានៅថ្ងៃពុធនេះ ត្រូវបានអំពាវនាវដោយក្រុមចម្រុះមួយនៃក្រុមដែលដឹកនាំដោយនិស្សិតភាគច្រើន ដែលកាលពីប៉ុន្មានខែមុនបានធ្វើការទាមទារចំនួន៣ គឺ ការបោះឆ្នោតជាថ្មី ផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីធ្វើឱ្យវាកាន់តែប្រជាធិបតេយ្យនិងបញ្ឈប់ការបំភិតបំភ័យសកម្មជននយោបាយ។
ប៉ុន្តែ ក្រោយមក ក្រុមអ្នកតវ៉ានេះបានធ្វើការទាមទារមួយទៀតគឺការកែទម្រង់របបរាជានិយម ដែលពួកគេអះអាងថាមិនដំណើរការត្រឹមត្រូវនៅក្នុងក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យ៕ប្រែសម្រួល៖សុខា/sn/Ha

ប៉ូលិសចាប់ខ្លួនសកម្មជនម្នាក់នៅជិតទីលានប្រជាធិបតេយ្យនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ