តោះទៅមើលស៊េរី iPhone 12 ចេញថ្មីទាំង ៤ ម៉ូដែល

713
ចែករម្លែក

ទូរស័ព្ទ iPhone ថ្មីទាំងបួនរបស់ Apple បានប្រកាសកាលពីល្ងាចថ្ងៃអង្គារទី១៣តុលា (ព្រឹកថ្ងៃពុធនៅកម្ពុជា) គឺមានសមត្ថភាព 5G ដែលអាចភ្ជាប់ទៅបណ្តាញអ៊ីនធឺណេតឥតខ្សែថ្មីល្បឿនលឿន ដែលកំពុងដំឡើងនៅទូទាំងពិភពលោក។

ការចេញទូរស័ព្ទថ្មីរបស់ Apple ធ្វើឡើងបន្ទាប់ពីសាកល្បងការប្រើប្រាស់ 5G របស់ខ្លួនជាមួយនឹងបណ្តាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតឥតខ្សែជាង ១០០ នៅជុំវិញពិភពលោក។ តោះក្រឡេកមើលកល្ខណៈពិសេសត្រួសៗរបស់ទូរស័ព្ទថ្មីទាំងអស់គ្នា ៖

  • iPhone 12

ទូរស័ព្ទ iPhone 12 គឺជាអ្នកស្នងទូរស័ព្ទ iPhone 11 ដែលលក់ដាច់ជាងគេកាលពីឆ្នាំមុន និង មានអេក្រង់ទំហំ ៦,១ អ៊ីញ។ ជាមួយនឹងតម្លៃចាប់ផ្តើម ៧៩៩ ដុល្លារ វានឹងអាចរកទិញបាននៅថ្ងៃទី ២៣ ខែតុលានៅក្នុងប្រទេសជាង ៣០ ។

ស្មាតហ្វូននេះនឹងដើរលើប្រព័ន្ធដំណើរការ A14 Bionic ផ្ទាល់របស់ក្រុមហ៊ុន Apple ជាមួយនឹងកាមេរ៉ាភ្លោះ ដោយប្រើនូវអ្វីដែលក្រុមហ៊ុនហៅថា “ការថតរូបបែបកុំព្យូទ័រ” ឬបច្ចេកវិជ្ជាឌីជីថលដើម្បីទទួលបានរូបភាពល្អបំផុតនៅគ្រប់លក្ខខណ្ឌ។

Apple និយាយថាទូរស័ព្ទ iPhone 12 នឹងប្រើ “ម៉ូតទិន្ន័យឆ្លាតវៃ” ដែលនឹងវាយតម្លៃពីតម្រូវការ 5G និងរក្សាតុល្យភាពល្បឿននិងអាយុកាលថ្មដោយស្វ័យប្រវត្តិ។

  • iPhone 12 mini

ក្រុមហ៊ុន Apple ហៅ iPhone 12 mini ថាជាស្មាតហ្វូន 5G “តូចជាងគេ ស្តើងជាងគេ និងស្រាលជាងគេបំផុតនៅលើពិភពលោក” ដែលមានលក្ខណៈពិសេសដូចគ្នានឹងបងប្អូនបង្កើតធំៗរបស់វា។

ដោយប្រើ “អេក្រង់លាតពីគែមទៅគែម” iPhone 12 mini អាចផ្តល់ជូននូវអេក្រង់ទំហំ ៥,៤ អ៊ីញដែលធំជាងម៉ូដែលចាស់ៗដូចជា iPhone 8 ប៉ុន្តែមានរាងតូចជាង។ មានតម្លៃចាប់ពី ៦៩៩ ដុល្លារ iPhone 12 mini នឹងអាចរកទិញបាននៅថ្ងៃទី ១៣ ខែវិច្ឆិកា។

ម៉ូដែល iPhone 12 ទាំងអស់ក៏ផ្តល់ការតភ្ជាប់អ៊ីនធឺណេត 5G ជាច្រើនប្រភេទផងដែររួមទាំង “រលកមិល្លីម៉ែត” ដែលត្រូវបានពិពណ៌នាថាជាបច្ចេកវិជ្ជា 5G លឿនបំផុត។

ទាំង iPhone 12 និង 12 mini មានអេក្រង់ “Super Retina XDR” របស់ Apple សម្រាប់ការគ្រប់គ្រងពណ៌ ភាពធន់នឹងទឹក និង ការសាកថ្មឥតខ្សែ។

  • iPhone 12 Pro

ជាមួយនឹងតម្លៃចាប់ផ្តើម ៩៩៩ ដុល្លារ ទូរស័ព្ទ iPhone 12 Pro ត្រូវបានញាត់ទៅដោយលក្ខណៈពិសេសៗបំផុត ជាពិសេសបច្ចេកវិជ្ជាកាមេរ៉ាចុងក្រោយបំផុតរបស់ Apple ដែលផ្តល់នូវមុខងារល្អប្រសើរនាពេលរាត្រី។

ស្មាតហ្វូននេះប្រើ “ដែកអ៊ីណុកពិសេសសម្រាប់ការវះកាត់” និង អេក្រង់ណាណូសេរ៉ាមិច ដែលក្រុមហ៊ុននិយាយថា “រឹតតែខ្លាំងជាងកញ្ចក់ស្មាតហ្វូនណាៗទាំងអស់”។

ម៉ូដែល Pro ក៏ភ្ជាប់ទៅនឹងអ៊ីនធឺណេត 5G ច្រើនប្រភេទផងដែរដើម្បីឈានដល់ល្បឿនកំពូលរហូតដល់ ៤ ជីហ្គាបៃក្នុងមួយវិនាទីសូម្បីនៅតំបន់ដែលមានប្រជាជនច្រើន។

Apple អះអាងថាបច្ចេកវិជ្ជាស្កែន Lidar របស់ខ្លួនផ្តល់នូវសមត្ថភាពក្នុងការវាស់ចម្ងាយពន្លឺនិងប្រើប្រាស់ព័ត៌មានជម្រៅភិចសែលដើម្បីផ្តល់នូវបទពិសោធន៍ជាក់ស្តែងកាន់តែប្រសើរឡើងនិងកែលម្អរូបថតនិងវីដេអូនៅពេលយប់។

ទូរស័ព្ទ iPhone 12 Pro រួមបញ្ចូលទាំងកែវថត ៧ ធាតុរួមជាមួយលក្ខណៈពិសេសថតមុំអុបទិកផ្តល់នូវទិដ្ឋភាព ១២០ ដឺក្រេរួមជាមួយកែវថតហ្សូមឆ្ងាយទំហំ ៥២ មិល្លីម៉ែត្រ។ វានឹងមានលក់នៅថ្ងៃទី ២៣ ខែតុលានៅក្នុងប្រទេសជាង ៣០ ។

  • iPhone 12 Pro Max

iPhone 12 Pro Max ជាទូរស័ព្ទថ្លៃបំផុតរបស់ Apple ដោយចាប់ផ្តើមពី ១០៩៩ ដុល្លារនិងមានមុខងារដូចគ្នានឹង iPhone 12 Pro ដែលមានអេក្រង់ ៦,៧ អ៊ីញ។

Apple ទទូចថា ប្រភេទទូរស័ព្ទធំបំផុតរបស់ខ្លួន “នាំយកបទពិសោធកាមេរ៉ាកម្រិតខ្ពស់ទៅមុខមួយជំហានទៀត” ជាមួយឧបករណ៍ចាប់សញ្ញាប្រសើរឡើងសម្រាប់លក្ខខណ្ឌពន្លឺទាបនិងកែវថតហ្សូមបានឆ្ងាយជាង ៦៥ មិល្លីម៉ែត្រ៕ ដោយ ៖ កញ្ញាដាលីស

iPhone 12 នឹងមានលក់នៅថ្ងៃទី២៣តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម