Home ព័ត៌មានអន្តរជាតិ ទទួលបាន​ប្រាក...

ទទួលបាន​ប្រាក់​សំណង​បន្ទាប់ពី​ជាប់គុក​អស់​ជាង​៤០​ឆ្នាំ​ដោយ​សារកាត់ទោស​ច្រឡំ

​រដ្ឋ​វៀតណាម​ផ្តល់ប្រាក់​សំណង​ដល់​មនុស្ស​ចំនួន​៦ នាក់​ដោយសារ​កាត់ទោស​និង​ដាក់គុក​ដោយ​ច្រឡំ​អស់​រយៈពេល​៤១​ឆ្នាំ​នៅ​វៀតណាម ​តែ​ពួកគេ​២​នាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​និង​ម្នាក់​ក្នុងចំណោម​​អ្នក​នៅ​រស់​៤​នាក់​មាន​អាយុ​៩៥ ,​នេះ​បើ​យោង​តាម​វេបសាយ VnExpress​។​

​មនុស្ស​ទាំង​៦ នាក់​នេះ ត្រូវបាន​ផ្តល់​សំណង​ចំនួន​១​ពាន់​លាន​ដុង (៤៣.១៩២ ដុល្លារ​) ក្នុង​ម្នាក់ៗ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​តុលា ​គឺ​ជិត​មួយ​ឆ្នាំ​បន្ទាប់​ពី​ទទួលបាន​ការសុំ​ទោស​ជា​សាធារណៈ​ពី​តុលាការខេត្ត​​តៃនិញ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។​

​លោកស្រី​វ៉ូ ធី ធឿង អាយុ​៩៥​ឆ្នាំ និង​សមាជិក​គ្រួសារ ៥ នាក់​បាន​ទទួល​សំណង​សម្រាប់​ការរង​ទុក្ខ​ខាង​ផ្លូវកាយ​និង​ចិត្ត​ដែល​ពួកគេ​បាន​ទទួលរង​នូវ​ការ​ការផ្តន្ទាទោស​និង​ការ​ជាប់​ពន្ធនាគារ​របស់​​ពួកគេ​ដោយសារ​ការកាត់ទោស​ច្រឡំ​អស់​រយៈពេល ៤១ ឆ្នាំ ។​

​មនុស្ស​២​នាក់​ក្នុងចំណោម ៦​នាក់​នេះ​បាន​ស្លាប់​រួច ដូច្នេះ​សំណង​អាច​ត្រូវ​បាន​ទាមទារ​ដោយ​សាច់ញាតិ​របស់​ពួកគេ​។​

​ក្នុងចំណោម​ជនជាប់ចោទ​២​នាក់​ផ្សេង​ទៀត​ក្នុងករណីនេះ លោក​ង្វៀន វ៉ាន់ យុង អាយុ ៦២ ឆ្នាំ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវបានគេទទួលស្គាល់​ថា​គ្មាន​ទោសពៃរ៍​ដូច​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​​កាលពី​ខែ​មករា​ឆ្នាំ ២០១៨ នោះទេ​។ គាត់​បាន​ទទួល​ប្រាក់​សំណង​២៧.០០០ ដុល្លារ ប៉ុន្តែ​គាត់​ទាមទារ​ប្រាក់​សំណង​ដល់​ទៅ​១,៧​លាន​ដុល្លារ​។​

​ជនជាប់ចោទ​ម្នាក់​ទៀត​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​បាន​បដិសេធ​មិន​ទទួលយក​ប្រាក់​សំណង​នេះ​ទេ ហើយ​ទាមទារ​ប្រាក់​សំណង​ច្រើនជាង​នេះ​។​

​ក្រុម​អាជ្ញាធរ​ផ្នែក​ច្បាប់​នេះ កាលពី​ខែ​មេសា​ឆ្នាំមុន​ បាន​ទទួលស្គាល់​ការដាក់ទោស​លោកស្រី វ៉ូ ធី ធឿង​និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត ឱ្យ​ជាប់គុក​អស់​៤១​ឆ្នាំ​ដោយ​ច្រឡំ​។​

​មនុស្ស​៨​នាក់​ក្នុង​គ្រួសារ​តែ​មួយ​នេះ ត្រូវបាន​ចាប់ឃុំខ្លួន​និង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ក្នុង​ឆ្នាំ​១៩៧៩ ពីបទ​លួច​មាស​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ពលរដ្ឋ​ដែល​ដាក់ទោស​ជាប់គុក​ដោយ​ច្រឡំ​(​រូប​កណ្តាល​)​ទទួល​ប្រាក់​សំណង​នៅ​ការិយាល័យ​តុលាការ​នេះ​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular