ពួកអ្នកជាតិនិយមចិនបានផ្ទុះកំហឹងចំពោះក្រុមចម្រៀងបុរសកូរ៉េខាងត្បូង BTS បន្ទាប់ពីមេក្រុមរបស់ពួកគេបានថ្លែងអំណរគុណដល់អតីតយុទ្ធជនសង្គ្រាមកូរ៉េចំពោះការលះបង់របស់ពួកគេ។
តារាចម្រៀងមេក្រុមឈ្មោះថា អាអឹម បាននិយាយបែបនេះនៅក្នុងសុន្ទរកថាថតទុកមុន សម្រាប់ទទួលពានរង្វាន់ពីអង្គការសង្គមកូរ៉េសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសហរដ្ឋអាម៉េរិក-កូរ៉េ។
តារាចម្រៀងអាអឹមបាននិយាយនៅក្នុងសុន្ទរកថានោះថា “យើងនឹងចងចាំពីប្រវត្តិនៃ ការឈឺចាប់ដែលប្រជាជាតិយើងទាំងពីរបានចែករំលែករួមគ្នានិងការលះបង់របស់បុរសនិងស្ត្រីរាប់មិនអស់” ដោយមិននិយាយអំពីឈ្មោះចិននោះទេ។
អាអឹមបាននិយាយថា “បន្ទាប់ពី ៧០ ឆ្នាំ ពិភពលោកដែលយើងកំពុងរស់នៅ កាន់តែខិតជិតគ្នាជាងមុន។ ខ្សែបន្ទាត់ព្រំដែននៅក្នុងទិដ្ឋភាពជាច្រើនកាន់តែ ស្រអាប់ទៅៗ។ ក្នុងនាមជាសមាជិកនៃសហគមន៍ពិភពលោក យើងគួរតែបង្កើតការ យោគយល់គ្នានិងសាមគ្គីភាពឱ្យកាន់តែស៊ីជម្រៅដើម្បីឱ្យមានភាពសប្បាយរីករាយជាមួយគ្នា”។
ពួកអ្នកប្រើប្រាស់អ៊ីនធឺណិតចិននិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចាត់ទុកសម្តីរបស់អាអឹមជាការទះកំផ្លៀងចិន ដែលទាហានរបស់ពួកគេបានប្រយុទ្ធរួមដៃគ្នាជាមួយកងទ័ពកូរ៉េខាងជើងក្នុងអំឡុងការប៉ុនប៉ងបរាជ័យរបស់ពួកគេដើម្បីកាត់យកទឹកដីកូរ៉េខាងត្បូងនៅក្នុងសង្គ្រាមឆ្នាំ ១៩៥០-៥៣ ។ ពួកគេបានចោទប្រកាន់ អាអឹមថាមិនអើពើនឹង តួនាទីរបស់ចិនក្នុងសង្គ្រាម ដែលប្រព័ន្ធឃោសនារបស់បក្សកុម្មុយនីស្តចិនស្តីបន្ទោសទៅលើសហរដ្ឋអាម៉េរិកជាជាងបន្ទោសលើការវាយប្រហាររបស់មេដឹកនាំកូរ៉េខាងជើងគីម អ៊ីលស៊ុងទៅលើកូរ៉េខាងត្បូង។
អ្នកបញ្ចេញមតិម្នាក់នៅលើបណ្តាញសង្គមចិន Weibo បាននិយាយថា “ពីមុនខ្ញុំគិតថាបទចម្រៀង BTS មួយចំនួនល្អណាស់។ ឥឡូវនេះបទទាំងនោះហាក់គ្របដណ្ដប់ដោយលាមក។ មិនអនុញ្ញាតឱ្យជេរប្រមាថចិនជាដាច់ខាត”។
យោងតាម Weibo គណនីមួយឈ្មោះថា “BTS ជេរប្រមាថចិន” មានអ្នកចុចមើលរហូតដល់ទៅជាង ៤ លានដង។
កាសែតរដ្ឋចិន Global Times បានសរសេរថា “ពលរដ្ឋចិនជាច្រើនចង្អុលថា សម្តីនោះគឺលើកសរសើរអំពីពលរដ្ឋអាម៉េរិក ប៉ុន្តែអាម៉េរិកដើរតួនាទីជាអ្នកឈ្លានពាននៅក្នុងសង្គ្រាម”។
ការវាយប្រហាររបស់កាសែតរដ្ឋគឺឆ្លុះបញ្ចាំងអំពីការអះអាងរបស់ប៉េកាំងនៅលើឆាកពិភពលោក និង ចង់ប្រាប់ថាវាជារឿងរសើបរបស់ចិន កុំលើករឿងឧបទ្វីបកូរ៉េមកនិយាយ៕ ដោយ ៖ កញ្ញាដាលីស/Ha