ផ្ទេរ​អ្នកទោស​ចំនួន​៨១១​នាក់​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មក​ពន្ធនាគារ​ខេត្តសៀមរាប​ជា​បណ្តោះអាសន្ន​ដោយសារ​ទឹកជំនន់​

ដោយ​: គូលែន / សៀមរាប​: នា​ព្រលប់​ម៉ោង​១៨​ថ្ងៃទី ១៣​ខែតុលា ឆ្នាំ​២០២០ នេះ អ្នក​ជាប់ឃុំ​ចំនួន​៨១១​នាក់ ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ យកទៅ​ឃុំ​នៅ​ពន្ធ​នាគារ​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន​ ដោយសារ​ទឹកជំនន់​បាន​លិច​ពន្ធនាគារ​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ពន្ធនាគារ​ខេត្តសៀមរាប បាន​និយាយថា អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​៨១១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៨៥​នាក់ ក្នុងចំណោម​ចំនួន​១៦០០​នាក់ ត្រូវបាន​ដឹក​ទៅដល់​ពន្ធនាគារ​ខេត្ដ​សៀមរាប​ហើយ ​ខណៈពេលដែល​ពន្ធនាគា​រ​ខេត្ដ​បន្ទាយមានជ័យបាន​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់ ។​

​សមត្ថកិច្ច​បាន​បន្តថា ការដឹក​ផ្ទេរ​អ្នក​ជាប់ឃុំ​មកកាន់​ខេត្ដ​សៀមរាប​នោះ ដោយ​ប្រើ​រថយន្ដក្រុង​ប្រភេទ​៣៥​កៅអី និង​៤៥​កៅអី​ចំនួន​១៧​គ្រឿង និង​បាន​មកដល់​ពន្ធនាគារ​ខេត្ដ​សៀមរាប ដោយ​សុវត្ថិភាព ហើយ​ត្រូវបាន​ការពារ​យ៉ាង​តឹងតែង​ដោយ​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ផងដែរ ។​

​សូមជម្រាបថា ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​នេះ មាន​ចំនួន​១៦០០​នាក់ ក្នុងនោះ​ស្រី​១០០​នាក់​។ ការផ្ទេរ​អ្នក​ជាប់ឃុំ​ទាំងនោះ​ចេញពី​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ ដោយសារ​ទឹកជំនន់ បាន​ហូរ​ចូលមកក្នុង​ពន្ធនាគារ​ខេត្តយ៉ាងគំហុក​ធ្វើ​ឲ្យ​មានការ​លិច​អគារ​រដ្ឋបាល និង​បន្ត​ហូរ​ចូលទៅក្នុង​អគារ​ស្នាក់នៅ​របស់​ជន​ជាប់ឃុំ​។​

​បើតាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ផ្សេងៗ ថ្នាក់ដឹកនាំ​ពន្ធនាគារ​បានសម្រេច​ជម្លៀសចេញ​បន្ទាន់ជន​ជាប់ឃុំ​ទៅកាន់​ពន្ធនាគារ នៃ​ខេត្ត​ដែល​ជាប់​ព្រំប្រទល់​គ្នា​មួយចំនួន​ជា​បណ្តោះអាសន្ន​។​ដោយឡែក​ខេត្ដ​សៀមរាប ត្រូវបាន​ទទួល​ជន​ជាប់ឃុំ​ចំនួន​៨១១​នាក់ ស្រី​៨៥​នាក់ ត្រូវ​បញ្ជូនមក​ទៅកាន់​ពន្ធនាគារ​ខេត្ត​សៀម​រាម តាម​រថយន្តក្រុង​ចំនួន​១៧​គ្រឿង​។​

​គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ ទឹកជំនន់​បាន​វាយប្រហារ​យ៉ាងខ្លាំង​ដល់​ខេត្តបន្ទាយមានជ័យ​។ ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ទឹក​ជន់​លិច​នៅ​ស្រុក​ចំនួន​៨ និង​ឃុំ​៣៣ ប៉ះពាល់​ប្រជា​ល​រដ្ឋ​ជិត​៣​ពាន់​គ្រួសារ ស្លាប់​៥​នាក់ និង​ប៉ះពាល់​សន្ទូង និង​ផលដំណាំ​ផ្សេងៗ​ជិត​៦​ពាន់​ហិកតា​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular