ដោយ: គ្រញូង / បាត់ដំបង: កាលថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខា លោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៦៥០គ្រួសាររស់នៅក្នុងស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង។

ពិធីនេះរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះស្រុកបវេលចំនួន៣០០គ្រួសារ ស្រុកភ្នំព្រឹក ចំនួន១៥០គ្រួសារ ស្រុកសំពៅលូនចំនួន១០០គ្រួសារ និងស្រុកកំរៀងចំនួន១០០គ្រួសារ។
លោក អ៊ុយ រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរ្ពិសផ្សេងៗ នៅពេលទឹកឡើងនិងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលបណ្តាលឱ្យលង់ទឹកស្លាប់ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយ ជីវិត។

ចុងក្រោយអនុប្រធានកិត្តិយសសាខា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលជួយអន្តរាគមន៍បានទាន់ពេលវេលា និងបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព និងបានផ្តល់ស្បៀងអាហារជូនពូកគាត់ថែមទៀត។
សូមបញ្ជាក់ថា អំណោយដែលសាខាខេត្តផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកសុទ្ធចំណុះ២០លីត្រ១ធុង ត្រីខ៥កំប៉ុង សារុង១ក្រមា១និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕ ល/Ha


