អាម៉េរិកនិងអាល្លឺម៉ង់ទាមទារឱ្យតួកគីបញ្ចប់ “ការបង្ករឿង” លើប្រទេសក្រិ

202
ចែករម្លែក

ប្រទេសសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ពីររបស់តួកគី គឺ សហរដ្ឋអាម៉េរិកនិងអាល្លឺម៉ង់កាលពីថ្ងៃអង្គារទី១៣តុលាបានជំរុញឱ្យប្រទេសនេះដកចេញនូវនាវា ដែលខ្លួនបានបញ្ជូនត្រឡប់ទៅកាន់ដែនទឹកជម្លោះជាមួយប្រទេសក្រិក ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានថ្កោលទោសទង្វើនេះថាជា “ការបង្ករឿងដែលអាចគណនាបាន”។

កងទ័ពជើងទឹកតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា នាវារុករករ៉ែរបស់ខ្លួនឈ្មោះថា Oruc Reis កំពុងធ្វើដំណើរត្រឡប់ទៅដែនទឹកភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេដែលសម្បូរទៅដោយប្រភពថាមពលស្ថិតនៅរវាងកោះក្រេតរបស់ក្រិកនិងប្រទេសស៊ីប គឺតែប៉ុន្មានសប្តាហ៍បន្ទាប់ពីវាបានចាកចេញចំពេលមានកិច្ចព្រមព្រៀងមួយដើម្បីចរចាគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានពាក្យសម្តីធ្ងន់ៗ ក្រសួងការបរទេសអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិក “ជំទាស់ដាច់ខាត” ចំពោះការសម្រេចចិត្តរបស់តួកគី និង កត់សម្គាល់ថាប្រទេសក្រិក “មានយុត្តាធិការ” លើតំបន់ដែលនាវាតួកគីគ្រោងនឹងធ្វើប្រតិបត្តិការរហូតដល់ថ្ងៃទី ២២ ខែតុលា។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម័រហ្គាន អ័រថាហ្គូស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងទទូចដល់ប្រទេសតួកគីឱ្យបញ្ចប់ការបង្ករឿងដែលអាចគណនាបាននេះ និង ចាប់ផ្តើមកិច្ចចរចាអំពីការរុករកភ្លាមៗជាមួយក្រិក”។

លោកស្រីបាននិយាយថា “សេចក្តីប្រកាសរបស់តួកគីបង្កភាពតានតឹងជាឯកតោភាគីនៅក្នុងតំបន់និងធ្វើឱ្យស្មុគស្មាញដល់ចេតនានៃកិច្ចចរចាអំពីការរុករកដ៏សំខាន់រវាងសម្ព័ន្ធមិត្តណាតូរបស់យើង ក្រិកនិងតួកគី។ ការបង្ខិតបង្ខំ ការគំរាមកំហែង ការបំភិតបំភ័យ និងសកម្មភាពយោធា នឹងមិនអាចដោះស្រាយភាពតានតឹងនៅសមុទ្រមេឌីទែរ៉ាណេខាងកើតបានទេ”។

តួកគីបានបញ្ជូននាវាទៅដែនទឹកមានជម្លោះចុងក្រោយបង្អស់កាលពីខែសីហាអមដោយនាវាចម្បាំងជាច្រើនគ្រឿង ជាហេតុនាំឱ្យមានការប្រកាសអាសន្នទាំងនៅប្រទេសក្រិកនិងស៊ីប ដែលត្រូវបានកាន់កាប់ដោយអន្លើដោយរដ្ឋាភិបាលក្រុងអង់ការ៉ា។

ក្រិកបានឆ្លើយតបវិញដោយរៀបចំសមយុទ្ធយោធា ប៉ុន្តែភាពតានតឹងបានថយចុះ នៅពេលរដ្ឋាភិបាលក្រុងអាថែននិងអង់ការ៉ាព្រមព្រៀងចរចាដើម្បីដោះស្រាយវិបត្តិ។

ក្រិកនិយាយកាលពីថ្ងៃអង្គារថានឹងមិនមានដំណោះស្រាយការទូតទេដរាបណានាវានោះដកចេញសិន។

រដ្ឋមន្ត្រីការបរទេសក្រិកលោក ចច ជើរ៉ាប៉េទ្រីទីស បានប្រាប់វិទ្យុ Parapolitika ថា “ក្រិកនឹងមិនអង្គុយនៅតុចរចាអំពីការរុករករ៉ែខណៈនាវា Oruc Reis និងនាវាចម្បាំងអមដំណើរទាំងនោះកំពុងស្ថិតនៅទីនោះឡើយ”។

លោកនិយាយថាអាថែននឹងលើកឡើង “ដោយគ្មានមន្ទិល” អំពីជម្លោះនេះនៅកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១៥តុលា៕ ដោយ ៖ កញ្ញាដាលីស

នាវា Oruc Reis និងនាវាចម្បាំងតួកគីកំពុងស្ថិតនៅដែនទឹកជម្លោះនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ

ទីតាំងផ្សាយពាណិជ្ជកម្ម