ដោយ: គ្រញូង / បាត់ដំបង: លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១០ក្រុង ស្រុកចំនួន៥.៥៤៧គ្រួសារ ទទួលបានអំណោយរបស់សម្តេចក្រឡាហោម ស ខេង អំណោយក្រុមការងារ អំណោយអភិបាលខេត្ត អំណោយសាខាកាកបាទក្រហមកម្ពុជានិងអំណោយសប្បុរជន។

លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ក្រុងស្រុកទាំង១០រួមមាន៖ ក្រុងបាត់ដំបង ស្រុកបាណន់ ថ្មគោល រុក្ខគិរី សង្កែ ភ្នំព្រឹក មោងឫស្សី កំរៀង គាស់ក្រឡ និងស្រុកបវេលដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី និងត្រីខ ។
អ្នកនាំពាក្យបានបន្តថាចំពោះផលប៉ះពាល់ដំណាំស្រូវសរុប១៩.៧៧៨ហិកតា បូកយោងសរុប៨២.៤២៦ហិកតា ក្នុងស្រុកចំនួន៩ និងផលប៉ះពាល់ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម២.៥៩៩ហិកតាបូកយោងសរុប ៤៩.២៣៩ហិកតាក្នុងស្រុកចំនួន១០ និងខូចខាតដោយទឹកជំនន់សរុប ៤.៨១៥ហិកតានៅស្រុកបវេល។ ចំណែកស្ថានភាពទឹកជំនន់នៅតាមក្បាលស្ទឹងទាំងបី បានចាប់ស្រកជាបណ្តើរៗ និងមានសភាពធូរស្រាលជាងមុនបន្តិត ប៉ុន្តែផ្ទៃមេឃនៅតែមានសភាពអប់អួរ និងលឹមតិចៗក្នុងតំបន់មួយចំនួន៕ ល