សេដ្ឋកិច្ចចិនកំពុងត្រូវបានគេមើលឃើញថាមានកំណើនលឿនខ្លាំងនៅឆ្នាំនេះ នៅពេលបណ្តាក្រុមហ៊ុនសហគ្រាសចិនច្បាមយកចំណែកទីផ្សារពីគូប្រជែងដែលកំពុងត្រដាបត្រដួសនឹងជំងឺកូវីដ១៩។
បន្ទាប់ពីតស៊ូជម្នះនឹងការផ្ទុះជំងឺឆ្លងមុនគេនៅខែមករានិងកុម្ភៈ ចិនបានរក្សាឲ្យការឆ្លងជំងឺកូវីដ១៩នៅកម្រិតទាបបំផុត និងបានការសរសើរពីអង្គការសុខភាពពិភពលោកចំពោះការដោះស្រាយជំងឺនេះបានហ្មត់ចត់។ចាប់តាំងពីពេលនោះមក បណ្តាក្រុមហ៊ុនសហគ្រាសចិនបានជំរុញលាភសំណាងរបស់ខ្លួន ក្នុងពេលដែលគូប្រជែងក្នុងពិភពលោកកំពុងខិតខំទប់ស្កាត់ជំងឺឆ្លង ហើយបន្ថយសមត្ថភាពផលិតឬការធ្វើជំនួញរបស់ពួកគេ។
សកម្មភាពរោងចក្រចិន បានហក់ឡើងរួចជាស្រេច នៅពេលការនាំចេញពីប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នេះ បានកើនឡើង៩,៩ភាគរយនៅខែកញ្ញា បើធៀបនឹងបរិមាណនាំចេញរបស់ចិនកាលពីខែកញ្ញា ឆ្នាំ២០១៩។
ការនាំចូលក៏កើនឡើងក្នុងល្បឿនលឿនបំផុត គឺ១៣,២ភាគរយ ក្រោយធ្លាក់មកនៅត្រឹម២,១ភាគរយកាលពីខែសីហា ដោយវាបានទៅហួសឆ្ងាយពីការព្យាករណ៍ដែលថាកំណើននឹងមានត្រឹមតែ០,៣ភាគរយនោះ។
ដំណើរការពាណិជ្ជកម្មចិនរឹងមាំ បង្ហាញថាបណ្តាក្រុមហ៊ុននាំចេញចិនកំពុងរើបរើឡើងវិញបន្ទាប់ពីការបញ្ជាទិញពីបរទេសជួបចលាចលដោយសារតែជំងឺកូវីដ១៩។កំណើននាំចេញ៩,៩ភាគរយកាលពីខែកញ្ញា កើតមានបន្ទាប់ពីកំណើន៩,៥ភាគរយនៅខែសីហា។
ទោះជាយ៉ាងណា ការនាំចូលមកពីអូស្ត្រាលីបានធ្លាក់ចុះ៩,៥ភាគរយ ចំពេលប្រទេសទាំងពីរមានជម្លោះការទូតនឹងគ្នា៕ប្រែសម្រួល៖វាសនា/Ha

ប្រជាជននៅស្ថានីយរថភ្លើងក្រុងប៉េកាំងកាលពីសប្តាហ៍មុន នៅពេលប្រជាជនប្រមាណ៦០០លាននាក់ធ្វើដំណើរក្នុងអំឡុងថ្ងៃឈប់សម្រាក នៅពេលផ្នែកផ្សេងទៀតនៃពិភពលោកកំពុងរឹតត្បិតការធ្វើដំណើរដោយសារជំងឺឆ្លង
សកម្មភាពរោងចក្រចិនកើនឡើងនៅពេលពាណិជ្ជកម្មអន្តរជាតិបន្តមានសកម្មភាពឡើងវិញបណ្តើរៗ