ដោយ: គូលែន / សៀមរាប: កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានចុះពិនិត្យមើលស្ថានភាពទឹក នៅអាងទឹកទំនប់ម្កាក់ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានបញ្ជាក់ថា ដោយក្នុងមួយរយ:នេះ ប្រទេសកម្ពុជាយើងបានរងសម្ពាធខ្យល់ព្យុះ ហើយធ្វើអោយមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ បានធ្វើអោយខេត្តនិងស្រុកខ្លះ ក្នុងប្រទេសយើងរងនៅជំនន់ទឹកភ្លៀង លិចផ្ទះសំបែងនិងខូចខាតផលដំណាំជាច្រើនហិកតា។
លោកបានបន្តថា នៅស្រុកជីក្រែងយើងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភអី ព្រោះនៅអាងទឹកទំនប់ម្កាក់ ទឹកមិនទាន់ឡើងដល់ចំណុចប្រកាសអាសន្ននៅឡើយ ហើយមានបងប្អូនប្រជាពលរដ្ឋយើងនៅតែមកលេងជាធម្មតាទេ។
លោកបានបន្តថា ឥលូវនេះបើតាមក្រសួងឧត្តុនិយមបានព្យាករណ៍ថា ភ្លៀងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី២០ ខែតុលានេះ លោកសូមអោយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់និងការពារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលា៕ ល