អាម៉េរិកប្តឹងអ្នកនិពន្ធម្នាក់ ដែលលាតត្រដាងរឿងរ៉ាវរបស់ជំទាវទីមួយអស់រលីង

257
ចែករម្លែក

ក្រសួងយុត្តិធម៌អាម៉េរិកបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃអង្គារទី១៣តុលាប្រឆាំងនឹងអតីតជំនួយការម្នាក់របស់លោកស្រីមេឡានៀ ត្រាំ ជុំវិញសៀវភៅមួយក្បាលដែលបរិយាយខ្ទេចខ្ទីគ្មានសល់អំពីជំទាវទីមួយអាម៉េរិក។

ក្រសួងបាននិយាយថានាងស្តេហ្វានី វីនស្តុន វ៉ូលកូហ្វ ដែលបានបោះពុម្ពផ្សាយសៀវភៅ “មេឡានៀនិងខ្ញុំ” កាលពីខែមុន បានប្តេជ្ញាមិនលាតត្រដាងព័ត៌មានអំពីភរិយារបស់ប្រធានាធិបតីដូណាល់ ត្រាំទេ។ នាងវ៉ូលកូហ្វបានប្រមូឡព័ត៌មានពីជំទាវទីមួយកាលនាងនៅធ្វើការស្ម័គ្រចិត្តនៅសេតវិមាន។

ខណៈដែលនាងវ៉ូលកូហ្វ ដែលធ្វើការដោយគ្មានប្រាក់ខែសម្រាប់លោកស្រីមេឡានៀក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ មិនមែនជានិយោជិកសហព័ន្ធ ពាក្យបណ្តឹងលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយនាងបានចុះហត្ថលេខាលើ “កិច្ចសន្យា” ដែលអាចអនុវត្តបានដោយសហព័ន្ធ ដែលហៅថា កិច្ចព្រមព្រៀងសេវាកម្មឥតគិតប្រាក់កម្រៃ។

នៅក្នុងកិច្ចព្រមព្រៀងនោះ នាងត្រូវបានហាមឃាត់ជាពិសេសក្នុងការបោះពុម្ពផ្សាយការផលិតឡើងវិញឬការចែកចាយព័ត៌មានទាំងស្រុងឬផ្នែកខ្លះទៅបុគ្គលឬអង្គភាពណាមួយដោយគ្មានការអនុញ្ញាត។

បណ្តឹងបានលើកឡើងថា នាងក៏ត្រូវបានហាមឃាត់ផងដែរមិនឱ្យរកប្រាក់ចំណេញលើអ្វីដែលនាងបានដឹងនៅសេតវិមាន ដោយគ្មានការយល់ព្រមពីមេធាវីរបស់សេតវិមាន។

សៀវភៅឈ្មោះ “Melania and Me: The Rise and Fall of My Friendship With the First Lady” (មេឡានៀនិងខ្ញុំ ៖ ការឡើងត្រដែតនិងការធ្លាក់ចុះនៃមិត្តភាពជាមួយជំទាវទីមួយ) មានបំណងបើកវាំងននបង្ហាញអតីតតារាបង្ហាញម៉ូតជនជាតិស្លូវ៉ានីអាយុ ៥០ ឆ្នាំរូបនេះ ដែលបានក្លាយជាភរិយារបស់មហាសេដ្ឋីអចលនទ្រព្យប្រែក្លាយជាប្រធានាធិបតី។

សៀវភៅនេះបង្ហាញអំពីលោកស្រីមេឡានីជាមនុស្សសកម្មនិងម៉ឺងម៉ាត់ជាងអ្វីដែលមហាជនបានដឹងជាទូទៅ ហើយបានពណ៌នាលោកជំទាវជាគូប្រជែងដ៏ជូរចត់របស់កូនស្រីលោកដូណាល់ត្រាំ គឺនាងអ៊ីវ៉ាន់កា ដោយចាត់ទុកនាងនិងស្វាមីរបស់នាងឈ្មោះ ចារ៉េត គូស្ន័រ ជា “ពស់”។

នាងវ៉ូលកូហ្វមានជម្លោះជាមួយគ្រួសារត្រកូលត្រាំទាក់ទិននឹងរឿងអាស្រូវប្រាក់រាប់លានដុល្លារដែលមិនបានរាប់បញ្ចូលក្នុងពិធីស្បថកាន់តំណែងប្រធានាធិបតីនៅខែមករាឆ្នាំ ២០១៧ ដែលនាងបានជួយរៀបចំ៕ ដោយ ៖ កញ្ញាដាលីស

ក្រសួងយុត្តិធម៌អាម៉េរិកប្តឹងនាងវ៉ូលកូហ្វជុំវិញសៀវភៅមួយ ដែលលាតត្រដាងរឿងរ៉ាវជំទាវទីមួយអស់រលីង

ទីតាំងផ្សាយពាណិជ្ជកម្ម