ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបើកឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍ឡើងវិញ នៅលើដងផ្លូវជាតិលេខ៥ ឆ្លងកាត់ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ ១៨៦ រហូតដល់គីឡូម៉ែត្រលេខ ១៩៣ ក្រោយពីបានផ្អាកដំណើរការ ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែជំនន់ទឹកភ្លៀង កន្លងមកនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ តុលា កន្លងទៅនេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ផ្អាកការធ្វើចរាចរណ៍ រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ បណ្តោះអាសន្ន ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ បន្ទាប់ពីទទួលរងឥទ្ធិពល សម្ពាធទាបធ្វើអោយរងនូវព្យុះ និងភ្លៀងធ្លាក់ ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ ក្រុង និង ស្រុក ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ត្រូវបានលិច កន្លងមក ៕/V