ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួន ជនសង្ស័យបីនាក់ រួមនឹងវត្ថុតាង នៅវេលាម៉ោង ១១និង៥៥ នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ពីបទចរាចរអាវុធ (ដាក់ដាវតាមខ្លួន) នៅចំណុចស្មុគ្រស្មាញសួនសម្ដេចចៅហ្វាវាំង ក្នុងក្រុងកំពង់ឆ្នាំង ។
នគបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅពេលក្រុមនេះ កំពុងអង្គុយផឹកស៊ី លើសួន ពេលដែលកម្លាំងចេញល្បាត និងបានត្រួតពិនិត្យរដ្ឋបាល ក្នុងនោះមានៈ ១.ឈ្មោះ ទាវ តែន អាយុ១៨ឆ្នាំ , ២.ឈ្មោះ នាង ឡុង អាយុ១៩ឆ្នាំ , យុវជនពីរនាក់នេះ មានរស់នៅ ភូមិដូនម៉ៅ ឃុំចោងម៉ោង ស្រុទឹកផុស ជាមួយគ្នា និង៣.ឈ្មោះ ងួន ប៊ុនអេង អាយុ១៩ឆ្នាំ មានទីលំនៅភូមិជ្រៃកោង (លិច) ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ។ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ដាវ ១ដើម ខ្សែក្រវាត់មានក្បាល កែច្នៃរួច ១ ម៉ូតូ១គ្រឿង។
អធិការនគរបាល ក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខែមរ័ត្ន បានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ តុលា នេះថាៈ ជនសង្ស័យទាំង បីនាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី នៅថ្ងៃនេះ ៕/V

