ដោយៈសុខុម / ស្ទឹងត្រែងៈ រថយន្តប្រភេទ សាំយ៉ុង ដឹកឈើបន្តគ្នា ចេញពីសិប្បកម្ម ក្នុងក្រុងស្ទឹងត្រែង រាល់យប់ ដោយឆ្លងកាត់ចំណុច អូរពងមាន់ តាមផ្លូវជាតិលេខ ៧ ឆ្ពោះទៅកាន់ខេត្តក្រចេះ ដោយមិនមានសមត្ថកិច្ច មិនហ៊ានបង្ក្រាប ។ សកម្មភាពនោះ ទំនងជាឈ្មួញស៊ុំគ្រលុំគ្នា ជាមួយសមត្ថកិច្ច នៅតាមដងផ្លូវ លាក់បាំង មិនឲ្យអភិបាល ខេត្តស្ទឹងត្រែង ដឹងឡើយ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ រាល់ទៀបភ្លឺ គេតែងតែឃើញ រថយន្តក្រុមផ្ដាច់ព្រលឹង បើកលឿនដូចព្យុះ ដឹកឈើចេញពីក្រុងស្ទឹងត្រែង ឆ្លងកាត់អូរពងមាន់ ទៅខេត្តក្រចេះ បន្តគ្នា។ ពេលរថយន្តក្រុមនោះ ចេញដំណើរម្ដងៗ គ្មានសមត្ថកិច្ចណា ហ៊ានឃាត់ត្រួតពិនិត្យឡើយ ទោះបីជាដាក់បង្កប់ឈើប្រណីត ខុសច្បាប់ យ៉ាងណាក៏ដោយ។
អ្នករកស៊ីតូចតាច ត្អូញត្អែរថាៈ បើសិនជាហ៊ាន ប្រកបមុខរបរ ដឹកឈើកែច្នៃ ទ្វាបង្អួចបន្តិចបន្តួច តាមផ្លូវជាតិលេខ ៧ មិនបានប្រាប់សមត្ថកិច្ច តាមដងផ្លូវទេ ប្រាកដជាឃាត់រថយន្ត ដាក់ខ្នោះទាំងមនុស្ស យកទៅកន្លែងរបស់សមត្ថកិច្ច ដោយដាក់បន្ទុកថា ដឹកជញ្ជូនឈើ គ្មានការអនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើ។ តែបើសិនជាត្រូវរ៉ូវគ្នាហើយ គេមិនហ៊ាន ទៅក្បែររថយន្ត ដឹកឈើឡើយ។
ប្រភពមួយ បានទម្លាយឱ្យដឹងថាៈ សព្វថ្ងៃនេះ មានឈ្មួញជាច្រើននាក់ ក្នុងនោះ ឈ្មួញចាស់វស្សាម្នាក់ ឈ្មោះចែ ភ័ណ្ឌ ។ នៅពេលរៀងរាល់ព្រលប់ គេតែងឃើញរថយន្ត សាំយ៉ុង ៣ ទៅ ៤ គ្រឿង ដើរប្រមូលឈើគ្រឿងសង្ហារឹម ពីរោងសិប្បកម្ម ក្នុងខេត្តស្ទឹងត្រែង រួចហើយ ទៅឈប់ចតនៅផ្ទះឈ្មោះចែ ភ័ណ្ឌ នៅផ្លូវខាងក្រោយវិទ្យាល័យ ព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថាៈ ក្រុមរថយន្តរបស់ឈ្មោះចែ ភ័ណ្ឌ បើកលឿនណាស់ ត្រូវបានគេដាក់ឈ្មោះថា គឺជាក្រុមផ្ដាច់ព្រលឹង ដែលដឹកឈើចេញ ពីក្រុងស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ បន្តកន្ទុយគ្នា ហើយគ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ។ នៅខេត្តក្រចេះ មាននគរបាលម្នាក់ នៅពីក្រោយខ្នង រត់ការរថយន្តដឹកឈើ ឈ្មោះចែ ភ័ណ្ឌ នោះ។ ពេលក្រុមផ្ដាច់ព្រលឹង ចេញដំណើរម្ដងៗ សូម្បីតែកម្លាំងនគរបាល ចរាចរណ៍ខេត្តស្ទឹងត្រែង ឈរជើង លើកំណាត់ផ្លូវជាតិលេខ ៧ ព្រំប្រទល់ស្ទឹងត្រែង -ក្រចេះ ក៏ពុំហ៊ានប៉ះពាល់ដែរ។
ឈើកែច្នៃដែលក្រុមផ្ដាច់ព្រលឹង ដឹកជញ្ជូនគឺ គ្មានច្បាប់អនុញ្ញាត ពីមន្ត្រីជំនាញឡើយ។ រីឯប្រភពឈើ ត្រូវបានគេដឹកជញ្ជូន តាមម៉ូតូរ៉ឺម៉ក និងរថយន្ដ ជារៀងរាល់យប់ ចូលទៅកែច្នៃ នៅក្នុងសិប្បកម្ម ក្នុងក្រុងស្ទឹងត្រែង រាប់សិបកន្លែង ជាមុនសិន រួចហើយទើបគេ ដឹកជញ្ជូនចេញទៅក្រៅខេត្ត និងមានបង្កប់ឈើ ខុសច្បាប់ជាច្រើន នៅពីក្រោម។
កន្លងមក ក្រុមគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានចុះពិនិត្យ តាមសិប្បកម្មច្រើនកន្លែង ក្នុងក្រុងស្ទឹងត្រែង ឃើញថា សិប្បកម្មទាំងអស់ ភាគច្រើន មានការអនុញ្ញាត ពីជំនាញរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង អាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែការដឹកប្រមូលឈើ យកទៅកែច្នៃ អនាធិបតេយ្យ គ្មានប្រភពច្បាស់លាស់ឡើយ ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូល ក៏មិនតិចដែរ។ ក្រោយពីមានការចុះពិនិត្យ របស់គណៈកម្មការ មិនបានប៉ុន្មានផង សិប្បកម្មស្ទើរទាំងក្រុងស្ទឹងត្រែង ត្រូវបានដំណើរការបន្លឺសំឡេង លាន់រំពងគ្រប់កន្លែង។ សូមថ្នាក់ជាតិ ចុះពិនិត្យមើលផង៕/V