ប្រធានាធិបតីស៊ី ជីនពីងបានអំពាវនាវឱ្យមានវិធានការថ្មីដើម្បីលើកទឹកចិត្តយុវជនមកពីហុងកុងឱ្យផ្លាស់ទៅរស់នៅប្រទេសចិន ជាផ្នែកមួយនៃវិធានការនានាដើម្បីធ្វើសមាហរណកម្មទឹកដីពាក់កណ្តាលស្វយ័តនេះជាមួយចិនដីគោក បន្ទាប់ពីការតវ៉ាដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន។
ប្រធានាធិបតីចិនបាននិយាយនៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធទី ១៤ ខែតុលានៅទីក្រុងសិនជិន ដើម្បីកត់សម្គាល់ខួបលើកទី៤០ដែលមជ្ឈមណ្ឌលបច្ចេកវិជ្ជានេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេស យ៉ាងដូច្នេះថា “ការជំរុញនេះមានគោលបំណងធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅរវាងយុវជននៅទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងខេត្តក្វាងទុងដើម្បីបង្កើនស្មារតីពួកគេឱ្យស្គាល់ពីទឹកដីកំណើត”។
លោកស៊ីបាននិយាយថា “ប្រទេសចិនគួរតែប្រើប្រាស់យ៉ាងពេញលេញនូវវេទិកាសំខាន់នៃកិច្ចសហប្រតិបត្តិការក្វាងទុងហុងកុងនិងម៉ាកាវដើម្បីទាក់ទាញយុវជនពីហុងកុងនិងម៉ាកាវឱ្យទៅសិក្សារៀនសូត្រធ្វើការនិងរស់នៅក្នុងប្រទេសចិន”។
នាយកប្រតិបត្តិហុងកុងលោកស្រី ខារី ឡាំ បានស្ថិតនៅក្នុងឱកាសនៃការស្តាប់សុន្ទរកថានេះផងដែរនៅក្នុងទីក្រុងជិតខាង សិនជិន ដែលអគារខ្ពស់ៗនៅទីនោះអាចមើលឃើញពីផ្នែកខ្លះនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី។
លោកស្រីបានលុបចោលការថ្លែងគោលនយោបាយប្រចាំឆ្នាំរបស់លោកស្រី ដែលបានគ្រោងធ្វើនៅថ្ងៃពុធនេះ ដើម្បីចូលរួមព្រឹត្តិការណ៍របស់លោកស៊ី ហើយឥឡូវគ្រោងធ្វើវានៅចុងខែក្រោយឬឆាប់ជាងនេះបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមមន្រ្តីនៅទីក្រុងប៉េកាំង។
ក្រុមអ្នកជំនួញបានសម្តែងការព្រួយបារម្ភអំពីស្វ័យភាពរបស់ហុងកុងពីចិនដីគោកបន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មីបានដាក់ចេញដោយលោកស៊ីកាលពីខែមិថុនា។
ច្បាប់ ដែលបង្កើតឡើងដើម្បីបង្ក្រាបការតវ៉ាប្រែជាហិង្សាកាលពីឆ្នាំមុន បានកើតឡើងនៅពេលដែលទីក្រុងនេះចង់ស្តារសេដ្ឋកិច្ចឡើងវិញពីភាពចលាចលនិងជំងឺរាតត្បាត។
ទីក្រុងសិនចិនគឺជាមូលដ្ឋានគ្រឹះនៃតំបន់មហាឆកសមុទ្ររបស់លោកស៊ីដែលមានបំណងរួមកម្លាំងរបស់ទីក្រុងនានានៅចិនដីគោកជាមួយនឹងទីក្រុងហុងកុងនិងទីក្រុងម៉ាកាវដើម្បីបង្កើតមហាអំណាចតំបន់មួយដើម្បីប្រជែងជាមួយតំបន់ស៊ីលីកូនវ៉ូលឡេរបស់អាម៉េរិក។ សុន្ទរកថារបស់លោកស៊ីបានលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាទូទៅបន្ថែមទៀតជាមួយប្រទេសចិន។
លោកស៊ីនិយាយថា “យើងក៏គួរតែបន្តលើកទឹកចិត្តនិងណែនាំជនរួមជាតិរបស់យើងនៅហុងកុងម៉ាកាវនិងតៃវ៉ាន់ក៏ដូចជាជនជាតិចិននៅក្រៅប្រទេសឱ្យដើរតួនាទីយ៉ាងសំខាន់របស់ពួកគេក្នុងការវិនិយោគ ភាពជាសហគ្រិន និង ការបើកទូលាយពីរផ្លូវ ដូច្នេះពួកគេអាចចូលរួមចំណែកថ្មីក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស”៕ ដោយ ៖ កញ្ញាដាលីស
