អ្នករងគ្រោះដោយសារទឺកជំនន់ត្រូវបានសែលកាតផ្តល់ការតេ ចេញ និងទិន្នន័យដោយឥតគិតថ្លៃ

164
ចែករម្លែក

ដោយ៖ដេប៉ូ/dភ្នំពេញ៖ ដើម្បីជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេសក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗកាលពីរាត្រីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ ដោយសារតែស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេសកម្ពុជា ពោលគឺកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនៅក្នុងខេត្តក្រុងចំនួន ១៧។

លោក វ៉ាតសុន បានឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ”។

លោកថា “ចាប់ពីថ្ងៃទី១៣ តុលាឆ្នាំ២០២០តទៅ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនការហៅចេញក្នុងប្រព័ន្ធ ហើយយើងក៏នឹងផ្តល់ជូន នូវទិន្នន័យចំនួន 500MB ដល់អតិថិជនដែលកំពុងទទួលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់ក្នុងការប្រាស្រ័យទាក់ទងផងដែរ”។

លោកបានបញ្ជាក់ថា ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃនេះ ​អតិថិជនគ្រាន់តែចុចលេខ 1270 គឺជាការស្រេច។ ការតេចេញដោយឥតគិតថ្លៃ នឹងបន្តរហូតដល់មានការជូនដំណឹងនាពេលក្រោយ។ អតិថិជនអាចប្រើប្រាស់កញ្ចប់ទិន្នន័យនេះ បានរហូតដល់ទៅមួយសប្តាហ៍ ហើយពួកគាត់ក៏អាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច1270 រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការផ្តល់ជូននេះ។

ខេត្តចំនួន ១៧ ដែលទទួលរងផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលារួមមាន៖

១.ពោធិសាត់ ២.បន្ទាយមានជ័យ ៣.ភ្នំពេញ ៤.បាត់ដំបង ៥.ស្វាយរៀង ៦.ឧត្តរមានជ័យ ៧.សៀមរាប ៨.តាកែវ ៩.កំពង់ស្ពឺ ១០.មណ្ឌលគីរី ១១.ព្រះវិហារ ១២.កោះកុង ១៣.​កំពង់ឆ្នាំង ១៤.ព្រះវិហារ ១៥.កណ្តាល ១៦.ស្ទឹងត្រែង ១៧.ប៉ៃលិន។

លោកថាអតិថិជនសែលកាតទាំងអស់ដែលឋិតនៅក្នុងតំបន់ទាំងនេះ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូននេះ។

ក្រៅពីការផ្តល់ជូននូវការតេចេញនិងទិន្នន័យដោយឥតគិតថ្លៃ ក្រុមហ៊ុនសែលកាតក្នុងថ្ងៃនេះ ក៏បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា ដែលជាគម្រោងសហការបង្កើតបទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀងដែលកំពុងមានប្រជាប្រិយនិងពេញនិយមបំផុតនៅកម្ពុជា ចំនួន ៨ រូបផងដែរ។

បទចម្រៀងជាវីដេអូនេះ នឹងចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ធំៗនារាត្រីនេះ ហើយអតិថិជនក៏អាចទាញយកបទចម្រៀងមកធ្វើជា Call Tune និងរីករាយជាមួយនឹងបទចម្រៀងជាវីដេអូទាំងមូល ដោយប្រើសេវាកម្មMusic Streaming របស់សែលកាត នៅក្នុង Cellcard App។

រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូនដោយផ្ទាល់ទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់អង្គការនេះ។

លោកបានលើកឡើងថា “ក្រុមវិស្វកររបស់សែលកាត កំពុងតែមមាញឹកក្នុងការរក្សាទីតាំងបណ្តាញផ្តល់សេវាឱ្យដំណើរការដូចប្រក្រតី។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនសែលកាត ក៏ជម្រុញឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ និងរក្សាសុខសុវត្ថិភាពឱ្យបានល្អ នៅក្នុងអំឡុងពេលនេះផងដែរ”។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងដែរថា ក្រោមការចង្អុលបង្ហាញរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយស្តារសហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់និងជម្ងឺរាតត្បាតផងដែរ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម