ដោយ៖តារារិទ្ធ/ភ្នំពេញ៖ផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថា៖គិតត្រឹមម៉ោង ១១:៥៧នាទីព្រឹកថ្ងៃ១៤តុលា២០២០មានសប្បុរសជនចូលរួមថវិកាប្រមាណ៤,៨១០,០០០ ដុល្លារជួយដល់រាជរដ្ឋាភិបាលក្នុងការចូលរួមជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃនេះផងដែរថវិកាប្រមាណជា៦០ម៉ឺនដុល្លារត្រូវបានផ្តល់ជូនទៅឲ្យរាជធានីខេត្តចំនួ ន៦ដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ។ដោយក្នុងមួយរាជធានី-ខេត្តទទួលបានថវិកា ១០ ម៉ឺនដុល្លារតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដើម្បីដោះស្រាយបញ្ហាចំពោះមុខ។រាជធានី-ខេត្តចំនួន៦ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងររួមមានខេត្តបាត់ដំបង ,ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ ,កំពង់ស្ពឺ និង រាជធានីភ្នំពេញ។

របាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានឲ្យដឹងថា៖គិតមកដល់ពេលនេះជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៩, ៧០២ គ្រួសារ,ប្រជាពលរដ្ឋជាង ២,៨៥៣គ្រួសារប៉ះពាល់លំនៅឋាន ,ប្រជាពលរដ្ឋ៣៩,៤៨៥ខ្នងផ្ទះត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិងខូចខាតផ្ទះសម្បែង ៣០ខ្នង ,សាលារៀនចំនួន ៤០២ ខ្នង, វត្តចំនួន៦៤វត្ត ។ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់រាជធានី ខេត្តចំនួន ១៩ ។ លិចផលដំណាំប្រជាពលរដ្ឋជាង ១២ ម៉ឺនហិកតា។ ក្នុងនោះស្រូវសន្ទូងជិត ១១៦,៧៦៤៧ ហិកតានិងដំណាំផ្សេងៗជាង៥ម៉ឺនហិកតា ។ ក្រៅពីផលដំណាំទឹកជំនន់នេះក៏ប៉ះពាល់ផ្លូវជាតិមានចំនួន ១៩,១៧១ម៉ែត្រនិង ផ្លូវលំ២៦,៥២០ម៉ែត្រនិងស្ពានជាច្រើនផងដែរ។រឿងដែលសោកស្តាយខ្លាំងនោះជំនន់នេះបានបង្កឱ្យប្រជាពលរដ្ឋ ១២នាក់ស្លាប់បាត់បង់ជីវិតនិងពីរនាក់បានរងរបួស ។

តែបើយោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគិតមកដល់ពេលនេះមានផ្លូវចំនួន២៤៥ គីឡូម៉ែត្រហើយស្មើនឹង១៩៩កំណាត់បានរងផលប៉ពាល់ដោយសារទឹកជំនន់នៅទូទាំងប្រទេសដែលមានចំនួន១៣ខេត្ត ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៤ខែ តុលា ឆ្នាំ២០២០ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដែលកំពុងជន់លិចខ្លាំងនៅទំនប់ ៧ មករាផ្លូវជាតិលេខ៣និងផ្លូវជាតិ លេខ២០ នៅសង្កាត់គងនយ ខណ្ឌដង្កោ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថាក្នុងចំណោមកំណត់ផ្លូវទាំង២៤៥ គីឡូ ម៉ែត្រផ្លូវដែលប៉ះពាល់នេះមាន៥គីឡូម៉ែត្រប៉ះទៅលើផ្លូវកៅស៊ូ AC,មាន១២០ គីឡូ ម៉ែត្រប៉ះពាល់ផ្លូវកៅស៊ូស្តើ២ស្រទាប់ DBST និង១២០គីឡូម៉ែត្រទៀតប៉ះពាល់លើផ្លូវដីក្រហម ៕



