រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានបញ្ជាក់កាលពីថ្ងៃអង្គារទី១៣តុលាថា អ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកនោះ នឹងបំផ្លាញសន្តិភាពនិងទស្សនវិស័យអភិវឌ្ឍន៍នៅអាស៊ីបូព៌ា។
ក្នុងការឆ្លើយតបនឹងសំណួរមួយស្តីពីផលប៉ះពាល់របស់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិកមកលើកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា លោកវ៉ាង បានប្រាប់សន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីម៉ាឡេស៊ី ថាអាស៊ីបូព៌ាគឺជាតំបន់ប្រកបដោយថាមភាពបំផុតមួយនៅក្នុងពិភពលោកសព្វថ្ងៃ និងក៏មានសក្កានុពលជំរុញសេដ្ឋកិច្ចធំបំផុតផងដែរ។
លោកបានបន្តថា ជោគជ័យដែលអាស៊ីបូព៌ាសំរេចបាននៅប៉ុន្មានឆ្នាំមកនេះអាស្រ័យលើការប្តេជ្ញាចិត្តជាបន្តចំពោះតំលៃសាមគ្គីភាពនិងកិច្ចសហការរបស់អាស៊ី អាស្រ័យដោយនិន្នាការនៃពេលឆ្ពោះទៅកាន់សកលូបនីយកម្ម អាស្រ័យលើផ្លូវត្រឹមត្រូវនៃការប្រកាន់ពហុភាគីនិយមនិង ការប្រកាន់ក្របខណ្ឌកិច្ចសហការតំបន់ ដែលមានអាស៊ានជាស្នូល។ប្រឈមនឹងការប្រែប្រួលមួយសតវត្សរ៍មានតែម្តងនិងជំងឺឆ្លងកូវីដ១៩ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីបូព៌ាដែលរកបានទាំងលំបាកព្រមទាំងដើម្បីអោយអាស៊ីបូព៌ារីករាយនឹងការអភិវឌ្ឍដោយចីរភាពផង ប្រទេសនានាត្រូវតែបន្តតាំងចិត្តរក្សានូវតំលៃនេះ និងទំរង់កិច្ចសហការដែលបានបង្ហាញថាវាមានប្រសិទ្ធភាពនៅប៉ុន្មានមកនេះ។
ប្រមុខការទូតចិនរូបនេះ បានចង្អុលថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលអាម៉េរិកស្នើឡើងនោះ មានបំណងបង្កើតអ្វីដែលគេហៅថា «អង្គការណាតូថ្មី»នៅតំបន៉ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបញ្ជាក់ពីយន្តការចតុភាគី ចូលរួមដោយអាម៉េរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី។យុទ្ធសាស្ត្រនេះមានបំណងប្រកាសគំនិតសង្គ្រាមត្រជាក់ចាស់គំរិល ដើម្បីបង្កការប្រឈមមុខក្នុងចំណោមក្រុមដែលមានការខ្វែងគំនិតគ្នា និងពន្យុះអោយមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ក្នុងការប៉ុនប៉ងរក្សាឧត្តមភាពនិងប្រព័ន្ធអនុត្តរភាពរបស់សហរដ្ឋអាម៉េរិក។
បើតាមលោកវ៉ាង យី យុទ្ធសាស្ត្រនេះបំពានស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក និងស្មារតីឈ្មះឈ្នះដែលកិច្ចសហការអាស៊ីបូព៌ាត្រូវប្រកាន់យក ប៉ះពាល់កិច្ចសហប្រតិបត្តិការតំបន់ដែលមានអាស៊ានជាស្នូល ហើយវានឹងនៅទីបំផុតបំផ្លាញទស្សនវិស័យសន្តិភាពនិងការអភិវឌ្ឍរបស់អាស៊ីបូព៌ា។
លោកវ៉ាងថែមទាំងបញ្ជាក់ថា យុទ្ធសាស្ត្រនេះជាហានិភ័យសន្តិសុខដ៏ធំមួយ ។បើបង្ខំអនុវត្ត វានឹងមិនត្រឹមតែទាញនាឡិកាប្រវត្តិសាស្ត្រត្រឡប់ក្រោយ តែវាកត់សំគាល់ការចាប់ផ្តើមនៃគ្រោះថ្នាក់ ដូច្នេះគ្រប់ភាគីគួរមើលឃើញវាអោយច្បាស់ ហើយប្រយ័ត្នប្រយែងមែនទែន៕ប្រែសម្រួល៖វាសនា

រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងសមភាគីម៉ាឡេស៊ី ស្វាគមន៍គ្នានៅសន្និសីទកាសែតនៅក្រុងគូឡា ឡាំពួរ កាលពីថ្ងៃ១៣តុលា